អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​៖ «​យើង បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ត្រឡប់​ទៅ​ដឹកនាំ​ប្រទេស​ឡើងវិញ​»
03, Nov 2018 , 7:59 pm        
រូបភាព
សមាជិកគណបក្សប្រឆាំង USDP (រូបភាព Myanmar Times)
សមាជិកគណបក្សប្រឆាំង USDP (រូបភាព Myanmar Times)
ដោយ:
​នៅ​ថ្ងៃទី​៣ វិច្ឆិកា​នេះ មី​យ៉ាន់​ម៉ា នឹងមាន​រៀបចំ​ឲ្យ​ការបោះឆ្នោត​បង្គ្រប់​អាសនៈ ដែល​ទំនេរ​នៅតាម​មណ្ឌល​ចំនួន ១៣ ទូទាំងប្រទេស និង មានការ​ចូលរួម​ប្រកួតប្រជែង​ពី​បេក្ខជន​តំណាងរាស្ត្រ ៥៩​រូប មកពី​បក្សនយោបាយ​ជាង​២០​។ បក្សប្រឆាំង​ធំ​បំផុត​សហភាព​រួបរួម និង​ការអភិវឌ្ឍ (USDP) សង្ឃឹម​ខ្ពស់​ទទួលបាន​អាសនៈ​ច្រើន ខណៈ​បក្ស​កាន់អំណាច ទទួលស្គាល់ថា នឹងមាន​ការប្រកួតប្រជែង​ខ្លាំង​។


​ប្រធាន​គណបក្សប្រឆាំង​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា (USDP) លោក ថា​ន ធេ​យ៍ នៅ​ថ្ងៃ​២៩ តុលា​កន្លងទៅ បាន​អះអាងថា បក្ស​របស់លោក បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការដឹកនាំ​ប្រទេស​ជាថ្មី​ម្តងទៀត ក៏ដូចជា​ផ្តល់​អនាគត​ល្អប្រសើរ​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រមុខ​បក្សប្រឆាំង​រូបនេះ បាន​ថ្លែងថា គណបក្ស​របស់លោក មាន​ទាំង​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គ្រប់គ្រាន់​សម្រាប់​ជ័យជម្នះ​នៃ​ការបោះឆ្នោត ពិសេស​នោះ ដឹកនាំ​នាវា​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ឲ្យ​ទៅមុខ​យ៉ាងពិត​ប្រាកដ​។ លោក សន្យា​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ថា បក្ស​របស់លោក​អាចធ្វើ​ការរស់នៅ​របស់​ប្រជាជន​កាន់​តែមាន​ភាពល្អប្រសើរ បើ​បក្ស​របស់លោក​ឈ្នះ​។​
 
​ប្រមុខ​បក្សប្រឆាំង​ដដែល​នោះ បាន​រម្លឹក​ពី​គុណសម្បត្តិ និង​សមិទ្ធផល​ដឹកនាំ​ប្រទេស​កាលពី​អាណត្តិ​មុន ដែល​ពេលនោះ  USDP គឺជា​បក្ស​កាន់អំណាច និង​មាន​លោក​អតីត​ប្រធានាធិបតី ថេ​ន សេន ជា​ប្រធាន ខណៈ ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​កំពុងតែ​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ថា បាន​បរាជ័យ​ក្នុងការ​ដឹកនាំ​ប្រទេស​។​
 
«​អតីត​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី ថេ​ន សេន បាន​ពុះពារ​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​ឆ្ពោះទៅមុខ​ក្នុង​វិថី​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​។ ក្រោយពី NLD បានឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៥ USDP បាន​ក្លាយជា​បក្សប្រឆាំង​វិញ ហើយ វា​ក៏​គួរតែ​ដល់ពេល​ហើយ​ក្នុងការ​គិតពី​អនាគត​ដ៏​ប្រសើរ​ជាង​នេះ​។ បក្ស USDP អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​ទាំងអស់​ល្អប្រសើរ​»​។ លោក ថ្លែង​យ៉ាង​ដូច្នេះ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ប្រសិនបើ​បក្សប្រឆាំង ទទួលបាន​អាសនៈ​ច្រើន​ក្នុងការ​បោះឆ្នោត​បំពេញ​អាសនៈ​នេះ​មែន បក្ស​នេះ មិនទាន់​អាច​ប្រៀប​ជាមួយនឹង​បក្ស​កាន់អំណាច​បច្ចុប្បន្ន ដែលមាន​សំឡេង​ច្រើន​លើសលប់​នៅក្នុង​សភា​រួចទៅហើយ​នោះ​។ ក៏ប៉ុន្តែ ការបោះឆ្នោត​នេះ ក៏​អាចជា​សារ​មួយ​សម្រាប់​បក្ស​កាន់អំណាច ដ្បិត វា ក៏​បង្ហាញថា ប្រជាពលរដ្ឋ នឹង​បោះឆ្នោត​ឲ្យ​បក្ស​កាន់អំណាច​ច្រើន​ដូច​មុន​ឬ​យ៉ាងណា ក្រោយពី​ពួកគេ បានឃើញ​ពី​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ​នោះ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com