ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណា​រិ​ទ្ធិ​៖ កម្ពុជា​គួរតែ​ពង្រឹង​ឧស្សាហកម្ម​កម្មន្តសាល ដើម្បី​ប្រកួតប្រជែង និង​ទាញ​ប្រយោជន៍​ពី​វៀតណាម​
03, Nov 2018 , 3:47 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា គួរតែ​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល (​រោងចក្រ​ផលិត ឬ​រោងចក្រ​កែច្នៃ​) ដើម្បី​ប្រកួតប្រជែង និង​ទាញ​ប្រយោជន៍​ពី​វៀតណាម​។ នោះ​ក៏​ព្រោះតែ​វៀតណាម និង​សហភាព​អឺរ៉ុប បាន​យល់ព្រម​ជាមួយគ្នា ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ស្តីពី​«​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ភាគី​ទាំងពីរ​» ដែល​កិច្ចព្រមព្រៀង​នេះ សំដៅ​ទៅលើ​ការឈប់​យកពន្ធ​លើ​ទំនិញ​នាំចូល​ទីផ្សារ​វៀតណាម និង​អឺរ៉ុប​។​


​ខណៈដែល​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​នីតិវិធី​របស់​សហភាព​អឺរ៉ុប​ពី​ដំណើរ​ការដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ ស្រាប់តែ​វៀតណាម​ទទួលបាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ពិសេស​ពី​សហភាព​អឺរ៉ុប ដែល​អំណោយផល​សម្រាប់​វៀតណាម​ទៅវិញ​។ បើ​វៀតណាម និង​សហភាព​អឺរ៉ុប ឈានទៅដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​មែន​នោះ វា​នឹង​ជះ​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដល់​កម្ពុជា​។ នេះ​បើតាម​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​។​
 
​លោក ឈាង វណ្ណា​រិ​ទ្ធិ បាន​និយាយថា ផល​អវិជ្ជមាន​សម្រាប់​កម្ពុជា​នោះ គឺ​ការប្រកួតប្រជែង​ជាមួយ​វៀតណាម​លើ​ផ្នែក​កម្មន្តសាល ដែល​វៀតណាម​អាច​ទាញយក​ការវិនិយោគ​បាន​ច្រើនជាង​កម្ពុជា​។ ចំណែក​ផល​វិជ្ជមាន​វិញ​នោះ គឺ​កម្ពុជា​អាច​ទាញយក​ផលប្រយោជន៍​ពី​វៀតណាម តាមរយៈ​ការបង្កើត​ការប្រកួតប្រជែង​ណា ដែល​ត​ភ្ជាប់​ខ្សែចង្វាក់​ផលិតកម្ម ដែល​វា​ជា​តម្រូវការ​នៃ​ចង្វាក់​ផលិតកម្ម​របស់​វៀតណាម​។ សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធិ កម្ពុជា គួរតែ​ពង្រឹង​ឧស្សាហកម្ម​កម្មន្តសាល ដើម្បី​ប្រកួតប្រជែង និង​ទាញ​ប្រយោជន៍​ពី​វៀតណាម​។​
 
​សូម​ស្ដាប់​សំឡេង​លោក ឈាង វណ្ណា​រិ​ទ្ធិ​៖



 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ការប្រកួតប្រជែង​ប្រទេស​វៀតណាម មាន​អទិភាព​ជាង​ច្រើន​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​កម្ពុជា លើ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល (Manufacturing Industry) ។ ហើយ​វិស័យ​កម្មន្តសាល​នេះ វៀតណាម​អាច​ទាញ​ចូល​ប្រទេស​វៀតណាម​ច្រើន  ហើយ​វិស័យ​សេវាកម្ម​ក៏​វា​ដើរ​ទៅតាម​វិស័យ​កម្មន្តសាល​នេះដែរ​។ អ៊ីចឹង​ទេ ការប្រកួតប្រជែង​រវាង​កម្ពុជា និង​វៀតណាម អាច​កាន់តែខ្លាំង ប៉ុន្តែ​ផល​វិជ្ជមាន​ត្រង់​ថា វៀតណាម និង​កម្ពុជា ជា​សមាជិក​អាស៊ាន ដូច្នេះ​ចង់​មិន​ចង់វា​អាចជា​ខ្សែចង្វាក់​ផលិត​តែមួយ​ក្នុង​តំបន់ ហើយ​រោងចក្រ​មួយចំនួន​អាច​ផលិត​នៅ​កម្ពុជា ហើយ​បញ្ជូន​ផលិតផល​មួយចំនួន​ទៅ​ប្រទេស​វៀតណាម ដើម្បី​តម្លើង ឬក៏​ផលិត​នូវ​ផលិតផល​សម្រេច ឬ​ពាក់កណ្ដាល​សម្រេច​ណាមួយ​ទៅ​វៀតណាម ។ ដូចនេះ​កម្ពុជា​យើង​អាច​ផលិត​នូវ​ផលិតផល​ណាមួយ​នោះ ដែល​អាចជួយ​ទៅដល់​ផលិតកម្ម​នៅ​វៀតណាម​បានដែរ បើសិន​យើង​អា​ចត​ភ្ជាប់​នូវ​សង្វាក់​ផលិតកម្ម​ប្រទេស​ទាំងពីរ​នេះ​បាន​»​។​
 
​ទាក់ទង​ឧស្សាហកម្ម​កម្មន្តសាល​នេះ រដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់​គិតគូ​ពី​បញ្ហា​នេះហើយ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​និយាយថា រដ្ឋាភិបាល​កំពុង​ពង្រឹងគុណភាព និង​សមត្ថភាព​វិជ្ជាជីវៈ​ជាមុនសិន ដើម្បី​ទាញយក​ការវិនិយោគ​ឧស្សាហកម្ម​កម្មន្តសាល ក្នុងទិសដៅ​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​ក្នុងប្រទេស​។ បើតាម​លោក ផៃ ស៊ី​ផាន ការរៀបចំ​កិច្ចការងារ​ក្នុងការ​សម្រេចបាន​នូវ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​នេះ រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ពេលវេលា​អនុវត្ត​ជា​ដំណាក់កាល​សិន​។​
 
​សូម​ស្ដាប់​សំឡេង​លោក ផៃ ស៊ី​ផាន​៖




«​ដោយសារតែ​យើង​ចូល​មកដល់​បរិបទ​ក​ម្មន្ត​សាល​កាត់ដេរ និង​ដេរ​ស្បែកជើង​។ ដូច្នេះ​មិនមែន​យើង​ព្រងើយកន្តើយ មិន​យកចិត្តទុកដាក់​លើ​វិស័យ​កម្មន្តសាល​នេះ​ទេ​។ ចង់​ជម្រាបជូន​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​ចង់​កែប្រែ​ធ្វើ​ឲ្យ​ទិដ្ឋភាព​កម្មករ​យើង ប្រើ​កម្លាំងបាយ​ទៅជា​ប្រើ​វិជ្ជាជីវៈ​ទៅវិញ ដែល​ឈរ​នៅលើ​ផលិតភាព ដែលមាន​ឯកទេស បច្ចេកទេស​គ្រប់គ្រាន់ ជំនាញ​គ្រប់គ្រាន់​នៅក្នុង​កិច្ច​បំពេញការងារ​នៅក្នុង​វិស័យ​កម្មន្តសាល​នេះ​។ ចំណុច​ទី​២ យើង​កំពុង​រៀបចំ​ឧស្សាហកម្ម​ធុន​ស្រាល​ដូចជា​តម្បាញ ស្បែក​សត្វ ដែល​ពាក់ព័ន្ធ​ការងារ​របស់​យើង ដូច្នេះ​យើង​នូវ​មានដំណើរ​តទៅ​មុខ​ទៀត​។ ក៏ប៉ុន្តែ​យើង​ធ្វើ​បណ្ដើរ យើង​ធ្វើកំណែទម្រង់​បណ្ដើរ គឺ​ឈរ​នៅលើ​ទិសដៅ​ផលិតភាព ហើយ​បន្ត​មកទៀត​ទើប​យើង​រៀបចំ​ឧស្សាហកម្ម​ធុន​ស្រាល ដើម្បី​ចូលរួម​សកម្មភាព​កង្វះ​នៃ​ឧស្សាហកម្ម​កម្មន្តសាល​នេះ​»​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន​។​
 
​បច្ចុប្បន្ន​មាន​ភាគី​ខាង​ចិន កូរ៉េ ជប៉ុន និង​សហភាព​អឺរ៉ុប បានមក​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការបើក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លើ​ជំនាញ​ផ្សេង ឲ្យ​ស្របតាម​ទិសដៅ​ឧស្សាហកម្ម​ទី​៤​។ ចំណែក​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា ក៏មាន​កញ្ចប់​ថវិកា ក្នុងការ​ទ្រទ្រង់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រាប់​ពលរដ្ឋ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​បន្ថែមថា នៅពេលដែល​កម្ពុជា ធនធានមនុស្ស សំបូរ​ទៅដោយ​កម្មករ​ជំនាញ​នាពេល​ខាងមុខនេះ កម្ពុជា ប្រាកដជា​អាច​ទាញ​បានការ​វិនិយោគ​ច្រើន លើ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​នេះ​៕ 
 
 

Tag:
 ឈាង វណ្ណា​រិ​ទ្ធិ​
  កម្មន្តសាល​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com