ពីនេះ ពីនោះ
រដូវ​មច្ឆា​ជា​និម្មិត្តរូប​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើចរាចរ​ផ្លាស់​ទី​បានមក​ដល់​ហើយ​
03, Nov 2018 , 4:59 pm        
រូបភាព
ត្រីគល់រាំង ចាប់បានក្នុងឆ្នាំ ២០០២ ក្នុងទន្លេសាប មានប្រវែងដងខ្លួន ១៧២ ស.ម ទម្ងន់ ១០២គីឡូក្រាម។ រូបភាពឯកសាររបស់លោកបណ្ឌិត ហ្សេប ហូហ្គេន / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
ត្រីគល់រាំង ចាប់បានក្នុងឆ្នាំ ២០០២ ក្នុងទន្លេសាប មានប្រវែងដងខ្លួន ១៧២ ស.ម ទម្ងន់ ១០២គីឡូក្រាម។ រូបភាពឯកសាររបស់លោកបណ្ឌិត ហ្សេប ហូហ្គេន / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
ដោយ:
​ត្រី​គល់រាំង ​គឺជា​ប្រភេទ​ត្រី​ទឹកសាប​មាន​ស្រកា​ និង​ខ្លួន​ធំជាងគេ​​ក្នុងចំណោម​ត្រី​មាន​ស្រកា​ដទៃទៀត​ ដែល​រស់នៅក្នុង​ប្រព័ន្ធ​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​។ ​វា​មានឈ្មោះ​វិទ្យាសាស្ត្រ (Catlocarpio siamensis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant barb ។ ​ត្រី​ប្រភេទ​នេះ​អាចមាន​ប្រវែង​ដងខ្លួន​អតិបរមា​ដល់​ទៅ​៣០០​ស​ម​និង​មាន​ទម្ងន់​៣០០​គីឡូក្រាម​។​



វា​រស់នៅ​តាម​ដង​ទន្លេធំៗ ​ស្ទឹង​​ បឹង និង​តំបន់​ទំនាប​លិច​ទឹក ​ទី​ដែល​វា​អា​ចរក​ចំណី​បាន​ដូចជា​ស្លែ​ ផ្លុ​ង​តុង ​ផ្លែ​រុក្ខជាតិ ដែល​ដុះ​លូតលាស់​មាន​ផ្លែផ្កា​ នា​រដូវ​ទឹកជំនន់​ និង​ព្រមទាំង​ត្រី​តូចៗ​ផងដែរ​។​ ត្រី​គល់រាំង​ជំទង់​ភាគច្រើន វា​អាច​សម្រប​ខ្លួន​រស់នៅក្នុង​ស្រះ ត្រពាំង ស្ទឹង ​បឹង ​និង​ទំនាប​លិច​ទឹក ខណៈ​ត្រី​គល់រាំង​ពេញវ័យ​ ហាក់ដូច​ចូលចិត្ត​ធ្វើចរាចរ​ចូលទៅ​រស់នៅក្នុង​តំបន់​អាងទឹក​ជ្រៅ​ក្នុង​ទន្លេមេគង្គ​។ ​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រី​គល់រាំង​ពេញវ័យ​ បាន​ធើ្វ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ​ចូលទៅ​រស់នៅក្នុង​អាងទឹក​ជ្រៅ ​ក្នុង​ទន្លេមេគង្គ​ នា​ចុងរដូវ​ប្រាំង នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា ជាមួយ​ប្រភេទ​ត្រី​ធំៗ​ផ្សេងទៀត ដូចជា​ត្រី​រាជ​ជាដើម​។ បន្ទាប់មក ពពួក​ត្រី​ប្រភេទ​តូច មធ្យម និង​ធំ ជាច្រើន​ប្រភេទ​ទៀត ក៏បាន​ចាប់ផ្តើម​ធ្វើចរាច​រ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​តាម​ដែរ ពិសេស ពពួក​ត្រី​រៀល​។ ត្រី​គល់រាំង​ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ​ក្នុង​ឆ្នាំ​២០១១ ​ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​។​
 
​មាន​កត្តា​ប្រឈម​ជាច្រើន​ទៀត ដែល​ត្រី​គល់រាំង​កំពុង​ជួបប្រទះ​នាពេល​ប្ចុ​ប្បន្ន​នេះ ដូចជា ការនេសាទ​ហួស​កម្រិត ការនេសាទ​ក្នុង​រដូវ​ត្រី​ពង​-​កូន ការនេសាទ​ចាប់យក​កូន​ត្រី​សម្រាប់​ធ្វើជា​ត្រី​នុយ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ពិសេស​ឧបករណ៍​ឆក់ ក្តៅ​-​ត្រជាក់ ការបាត់បង់​ព្រៃ​លិច​ទឹកជា​ទីជម្រក និង​ការអភិវឌ្ឍន៍​ទំនប់​វារិ​អគ្គិសនី​នៅ​ដង​ទន្លេ​មេ​​ក្នុង​ទន្លេមេគង្គ​ ដែលជា​ផល​រំខាន​ដល់​ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ពួកវា​។ ​ត្រី​គល់រាំង ត្រូវបាន​ប្រកាស​កំណត់​ជាម​ច្ឆា​និម្មិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ ​នស​​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ខែមីនា​​ឆ្នាំ​២០០៥​។ 
 
«​ដាយ​ត្រី​» នៅតាម​បណ្តោយ​ទន្លេ​សាទ ។ រូបភាព​៖ ឈុត ឈា​ណា / គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​ដោយ​មើលឃើញ​ចំនួន​ត្រី​គល់រាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចេះតែ​ថយចុះ​ជា​លំដាប់ រដ្ឋបាល​ជលផល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលផល​ទឹកសាប សហការ​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) ក្រោម​ជំនួយ​ពី USAID សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ នៅតាម​ដង​ទន្លេសាប ជាពិសេស​ម្ចាស់ «​ដាយ​ត្រី​» ទាំង​១៤​គន្លង មេត្តាជួយ​ផ្តល់ព័ត៌មាន ក្នុងករណី​ចាប់បាន ឬ​ឃើញ​ប្រជា​នេសាទ​ណា​ចាប់បាន ដើម្បី​ក្រុមការងារ​របស់​យើង ចុះទៅ​បំពាក់​ស្លាក​សញ្ញា​សម្គាល់ រួច​លែង​វា​ចូលទៅក្នុង​ទន្លេ​វិញ តាមរយៈ​ទូរ​សព្ទ​ទំនាក់ទំនង​៖ ម៉ូ​ប៊ី​តែ​ល (012 805 347) ស្មា​ត (016 695 933) មិត្ត​ហ្វូ​ន (090 850 850)​។ 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com