ជាតិ
សេដ្ឋកិច្ច
កម្ពុជា គ្រោង​ចំណាយ​ថវិកា​១៩​ពាន់​លាន​ដុល្លារ លើ​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​
04, Nov 2018 , 9:25 am        
រូបភាព
ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង​១៩ ពាន់​លាន​ដុល្លារ សម្រាប់​កសាង និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសាង​ផ្លូវ​ល្បឿន​លឿន ព្រមទាំង​ការតភ្ជាប់​ទៅកាន់​ប្រទេស​ក្នុង​តំបន់​។

 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​សិក្សា «​ផែនការមេ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​» ថា គម្រោង​ភស្ដុភា​រកម្ម​ទាំង​២៥​គម្រោង ដែលមាន​តម្លៃ​១៩ ពាន់​លាន​ដុល្លារ​នេះ សម្រាប់​អនុវត្ដ​ក្នុង​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង ។ គម្រោង​ទាំងនេះ ផ្ដោតលើ​ការសាងសង់ និង​ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង​ការសាងសង់​កំពង់ផែ​កុង​ទី​ន័​រ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​វិស័យ​ដឹកជញ្ជូន​ក្នុងស្រុក និង​ត្រៀម​ខ្លូន​បម្រើការ​ដឹកជញ្ជូន​ឆ្លង​ប្រទេស​ក្នុង​តំបន់​ផងដែរ​។​
 
​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​រូបនេះ បាន​និយាយថា​៖« ផែនការ​ទាំងនេះ រួមមាន​ការពង្រីក​ផ្លូវជាតិ​លេខ​៥ ពី​ភ្នំពេញ​ទៅ​ខេត្ដ​បាត់ដំបង បន្ទាយមានជ័យ និង​ប៉ោយប៉ែត​ដោយ​ពង្រីក​ពី​២​គន្លង ទៅ​៤​គន្លង ដែល​ផ្លូវ​នេះ​គឺជា​ផ្លូវ​អាស៊ាន​ភ្ជាប់​ពី​ប្រទេស​ចិន​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ កម្ពុជា ហើយ​បន្ដ​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ​១ ដល់​បាវិត និង​ភ្ជាប់​ជាមួយនឹង​ប្រទេស​វៀតណាម ដែលជា​ផ្លូវ​អាស៊ាន​លេខ​១»​។​
 
​តាម​ការសិក្សា​គម្រោង​ផែនការមេ​ភស្ដុភារ​កម្ម​នៅ​កម្ពុជា​នេះ​គឺមាន​រយៈ ពេល​៧​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨-២០២៥ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង​១៩​ពាន់​លាន​ដុល្លារ ដែល​ទទួលបាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​(JICA) និង ធនាគា​ពិភពលោក (World Bank) ៕ 

Tag:
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com