ភ្នំពេញ៖ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ រកករណីរំលោភបំពានលើកុមារ កើតមាន១១០ករណី ក្នុងខេត្តចំនួន១៤ ត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៨។ លីកាដូ ចាត់ទុកករណីនេះ កំពុងបន្តគំរាមកំហែង និងបំផ្លាញជីវិតកុមារជារៀងរាល់ថ្ងៃ។
លីកាដូ រកឃើញថា កុមារីនៅតាមទីជនបទដាច់ស្រយាលជាអ្នកងាយរងគ្រោះជាងគេ។ នោះក៏ព្រោះតែការរស់នៅតាមជនបទ នៅជួបប្រទះបញ្ហាច្រើនលើប្រព័ន្ធអប់រំ ជីវភាព និងអសន្តិសុខ។ ចំណែកគ្រួសារដែលខ្វះខាតជីវភាពនោះ គឺឪពុក-ម្ដាយ ត្រូវចំណាកស្រុកទៅរកការងាធ្វើទៅទីប្រជុំជន ឬក្រៅប្រទេស ដោយទុកកូនស្រីរស់នៅជាមួយ ជីដូន-ជីតា បងប្អូន ញាតិមិត្តិ ដែលខ្វះការយកចិត្តទុកដាក់លើពួកគេ ដែលជាមូលហេតុនាំឲ្យកុមារ ជាពិសេសក្មេងស្រី ងាយរងគ្រោះដោយសារការរំលោភបំពានផ្លូវភេទនេះ។
លោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូបានសម្ដែងក្ដីព្រួយបារម្មណ៍ចំពោះករណីរំលោភសម្លាប់លើកុមារនេះ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំករណីរំលោភផ្លូវភេទលើកុមារ នៅមានការកើនឡើង និងកាន់តែព្រៃផ្សៃគួរឲ្យកត់សម្គាល់។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូរូបនេះ បានបង្ហាញរបាយការណ៍ជុំវិញករណីរំលោភបំពានលើកុមារដូច្នេះថា៖ «បើប្រៀបធៀបពី២០១៧ ទៅ២០១៦ ករណីរំលោភបំពានផ្លូវភេទលើកុមារហាក់មិនមានការថយចុះទេ លើ១៤ខេត្ត រាជធានីដែលយើងធ្វើការលើបញ្ហានេះ។ ក្នុងឆ្នាំ២០១៧ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស បានធ្វើការលើ ១៤ ខេត្ត រាជធានី បានរកឃើញថា មានកុមារងគ្រោះដោយការំលោភបំពាន ការបៀតបៀន អំពើហិង្សាមាន១៤៧ករណី។ ក្នុងនោះមាន ១២៥ ករណីរំលោភផ្លូវភេទ ហើយ ៦ ករណីរំលោភសម្លាប់។ គិតត្រឹមខែ៩ក្នុងឆ្នាំ២០១៨នេះ មានករណីរំលោភបំពានជាទូទៅលើកុមារមានរហូតដល់១១០ករណី ក្នុងនោះករណីរំលោភផ្លូវភេទមាន៩០ ករណី ហើយរំលោភសម្លាប់មាន៨ ករណី»។
ករណីរំលោភបំពានកុមារខាងលើនេះ កើតមានក្នុងខេត្តចំនួន១៤ ដែលលីកាដូរកឃើញប៉ុណ្ណោះ ហើយវាអាចកើតមានករណីច្រើនជាងនេះ បើសិនពិនិត្យមើលទូទាំងប្រទេស។ «បើតួលេខពិតប្រាកដអាចច្រើនជាងនេះ ដោយសារតែយើងបានធ្វើការទៅលើតែ១៤ ខេត្ត រាជធានី និងអ្នកមកពឹងពាក់លើសេវ៉ារបស់ លីកាដូតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់លោក អំ សំអាត។
បើតាមលោក អំ សំអាត កត្តាដែលជំរុញកើតមានករណីរំលោភសំម្លាប់លើកុមារ ហើយនាំឲ្យធ្លាក់ចុះយ៉ាងខ្លាំងលើសីលធម៌សង្គមនេះ រួមមាន ការមើលវីដេអូ និងរូបភាពអាសអាភាសតាមប្រព័ន្ធអ៊ីនធឺណិត ការកើនឡើងអ្នកប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង រួមទាំងការអនុវត្តច្បាប់នៅមានកម្រិតជាដើម។
«ជនដែលប្រព្រឹត្តបទល្មើស យើងមិនទាន់បានធានាថាត្រូវតែនាំខ្លួនទៅ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ព្រោះមានការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រព័ន្ធអប់រំមានការកែប្រែ។ ប៉ុន្តែមុខវិជ្ជាខាងសីលធម៌ មិនទាន់បានបញ្ចូលក្នុងប្រព័ន្ធអប់រំ ដើម្បីលើកតម្កើងសីលធម៌ក្នុងសង្គមយើងទេ។ ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹង កុំឲ្យមាននិទណ្ឌភាព អ្នកប្រព្រឹត្តបទល្មើសត្រូវតែទទួលទោសតាមច្បាប់ កុំឲ្យមានការដោះស្រាយក្រៅប្រព័ន្ធតុលាការ ។សមតកិច្ចត្រូវពង្រឹងជំនាញបន្ថែម ត្រូវមានប៉ូលិសជាស្ត្រីធ្វើការលើករណីនេះ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានត្រូវពង្រឹងការយកចិត្តទុកដាក់ខ្ពស់បំផុតលើករណីនេះ»។ នេះជាលើកឡើងរបស់មន្ត្រីជាន់ខ្ពស់លីកាដូ ដែលជំរុញឲ្យរដ្ឋាភិបាលមានវិធានការ និងយកចិត្តទុកដាក់បន្ថែមលើកុមារី និងអ្នកងាយរងគ្រោះ ដើម្បីទប់ស្កាត់ និងបង្ការនៅបទល្មើសកាន់តែមានប្រសិទ្ធភាព។
ចំណែកអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធរួមគ្នាជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាឲ្យពួកគាត់យកចិត្តទុកដាក់ និងបង្កើនការការពារដល់កូនរបស់គាត់កាន់តែខ្លាំងជាងមុន។
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលស្គាល់ថា ករណីរំលោភលើសិទ្ធិកុមានៅតែកើនឡើងមែន។ ប៉ុន្តែរាជរដ្ឋាភិបាល កំពុងតែខិតខំអនុវត្តគ្រប់សកម្មភាព ទាំងទិដ្ឋភាពផ្លូវច្បាប់ និងការអនុវត្តវិធានទបស្កាត់លើបញ្ហានេះ។ ក្នុងនោះមានក្រសួងចំនួន ១៣ និងអង្គការក្រៅរដ្ឋាភិបាលកំពុងសហការគ្នា ផ្សព្វផ្សាយចំណេះដឹងអំពីសិទ្ធិកុមារ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
អគ្គនាយកបច្ចេកទេសរូបនេះ បញ្ជាក់ដូច្នេះថា៖« រឿងនេះរាជរដ្ឋាភិបាលមិនបាននៅស្ងៀមទេ យើងបានកាត់បន្ថយ ប៉ុន្តែការប្រព្រឹត្តរបស់ជនល្មើសនៅតែមាន យើងមិនអាចលុបបំបាត់ឲ្យអស់បាននោះទេ ព្រោះកត្តាការយល់ដឹងរបស់មនុស្សនៅទាប ឥឡូវនេះការអប់រំរបស់យើងនៅមានកម្រិតនៅឡើយ លំហូចូលវប្បធម៌មិនល្អពីបរទេស ធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនចាប់យកវប្បធម៌ទាំងអស់ហ្នឹង នេះជាបញ្ហាដែលយើងមើលឃើញ»។
លោក តូច ចាន់នី ស្នើដល់ភាគីពាក់ព័ន្ធចូលរួមជាមួយរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាលើកុមារ ព្រោះរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហានេះ តែម្នាក់ឯងបានទេ ។ជាពិសេសពលរដ្ឋកម្ពុជាទាំងមូល។
ក្នុងឆ្នាំ២០១៦ ករណីរំលោភលើកុមារមានចំនួន២០៥ករណី ហើយបានធ្លាក់ចុះមក១៤៧ករណី ក្នុងឆ្នាំ២០១៧។ ប៉ុន្តែចំនួនជនរងគ្រោះដោយសារការសម្លាប់ បានកើនឡើងពី២១ទៅ២៤នាក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការមូលនិធិកុមារកម្ពុជា និងក្រសួងមហាផ្ទៃកន្លងមក។
នៅក្នុងតំបន់អាស៊ី យ៉ាងហោចណាស់មានកុមារ ៥០ភាគរយ បានរងគ្រោះពីអំពើហិង្សាកាលពីឆ្នាំមុន។ នៅក្នុងពិភពលោកយ៉ាងហោចណាស់មានកុមារ ១ពាន់លាននាក់ បានរងគ្រោះដោយអំពើហិង្សាពីបុគ្គលដទៃនៅក្នុងច្រើនទម្រង់ជារៀងរាល់ឆ្នាំ។ នេះបើយើងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ៕