ជាតិ
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
ឯកអគ្គរដ្ឋទូត​អាមេរិក​៖​បរិយាកាស​ជំនួញ​ល្អ​ហើយ ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រែខ្លួន​ជាទី​តាំង​វិនិយោគ​សម្រាប់​បម្រើ​ទីផ្សារ​តំបន់​ ​
04, Nov 2018 , 1:03 pm        
រូបភាព
ក្រៅពី​មាន​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការធ្វើ​ជំនួញ អ្វីដែល​កម្ពុជា​ត្រូវធ្វើ​បន្ទាប់​គឺ ប្រែ​ក្លាយខ្លួនជា​ទីកន្លែង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដែល​អាច​ផ្គត់ផ្គង់​សេវាកម្ម និង​ផលិតកម្ម​សម្រាប់​តំបន់​ទាំងមូល​នៅ​ថ្ងៃ​អនាគត​។ នេះ​ជាការ​លើកឡើង​របស់ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថ្ងៃទី ១​ខែវិច្ឆិកា​។ 



បម្រើ​ការងារ​នៅ​កម្ពុ​ជាជាង​៣​ឆ្នាំ​មកនេះ ឯកអគ្គរដ្ឋទូត​អាមេរិក​លោក William Heidt មាន សុទិដ្ឋិនិយម​ខ្ពស់​លើ​បរិយាកាស​សម្រាប់​ការធ្វើ​ជំនួញ​នៅ​កម្ពុជា​។ ប៉ុន្តែ​លោក​គិតថា រដ្ឋាភិបាល​កម្ពុជា​នៅតែមាន​លទ្ធភាព​ច្រើន​ដែល​អាចធ្វើ​ឲ្យ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ថែមទៀត​សម្រាប់​ទាក់ទាញ​ការវិនិយោគ​នេះ​។

«​ខ្ញុំ​គិតថា កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​ភាពងាយស្រួល​ខ្លាំងណាស់​ក្នុងការ​ធ្វើ​ជំនួញ​។ ខ្ញុំ​គិតថា គេ​អាចធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​ថែមទៀត​។ រដ្ឋាភិបាល​អាច​បង្កើន​
ភាព​ងាយ​ស្រូល​សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី និង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​បទបញ្ញត្តិ​ការងារ​ជាដើម​។ ប៉ុន្តែ​ជារួម​វា​ងាយស្រួល​រួចទៅហើយ​។ វា​មិនមាន​បញ្ហា​ទេ​»​។



យោងតាម​របាយការណ៍​ធនាគារពិភពលោក​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​ឆ្នាំ ២០១៩  ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី ៣១​ខែតុលា កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី ១៣៨ ក្នុង​ស​ន្ទ​ស្សន៍​នៃ​ភាពងាយស្រួល​ក្នុង​ការធ្វើ​ជំនួញ ខណៈ​របាយការណ៍​ឆ្នាំ ២០១៨ បង្ហាញថា កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី ១៣៥​។

១.​បរិយាកាស​ជំនួញ​ល្អ​ហើយ ប៉ុន្តែ​កម្ពុជា​ត្រូវ​កា្ល​យ​ជាទី​តាំង​វិនិយោគ​សម្រាប់​បម្រើ​ទីផ្សារ​តំបន់​
ឯកអគ្គរដ្ឋទូត​អាមេរិក​ខាងលើ​សំឡឹង​ឃើញថា បញ្ហា​ប្រឈម​មួយ​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ ខណៈដែល​ខ្លួន​អាច​ធានា​បរិយាកាស​ល្អ​សម្រាប់​ការបើក​អាជីវកម្ម​របស់​ក្រុមហ៊ុន​បរទេស​រួចទៅហើយ​។ បញ្ហា​នោះ​គឺ កម្ពុជា​មិនទាន់​ក្លាយជា​ទីតាំង​វិនិយោគ​សម្រាប់​បម្រើ​ឲ្យ​ទីផ្សារ​តំបន់​នៅឡើយ​ទេ ហើយ​លោក​ចង់ឃើញ ការ​ប្រែក្លាយ​មួយ​នេះ​ឆាប់​ជាពិសេស​ក្នុង​ផ្នែក​សេវាកម្ម និង​ផលិតកម្ម​។​

«​នៅពេល​ឃើញ​សហគមន៍​ធុរកិច្ច​អាមេរិក​នៅ​កម្ពុជា ខ្ញុំកត់សម្គាល់ថា ក្រុមហ៊ុន​ភាគច្រើន​នៅទីនេះ​ គឺបម្រើ​តែ​ទីផ្សារ​ក្នុងស្រុក​ខ្មែរ​ប៉ុណ្ណោះ​។ ខ្ញុំ​គិតថា អ្នក​ចង់ឃើញ​នៅ​ថ្ងៃ​ណាមួយ ក្រុមហ៊ុន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​បម្រើ​ផ្នែក​ផលិតកម្ម សេវាកម្ម និង​វិស័យ​ផ្សេងទៀត​ដល់ទី​ផ្សារ​តំបន់​ទាំងមូល​។ ចំណុច​នេះ​មិនទាន់​កើតមាន​ច្រើន​នៅ​កម្ពុជា​ទេ​។ ដូច្នេះ វា​ជា​បញ្ហា​ប្រឈម​បន្ទាប់ ដែល​ត្រូវ​ប្រែក្លាយ​កម្ពុជា​ទៅជា​កន្លែង​ដែល​ទាក់ទាញ​ក្នុង​តំបន់​សម្រាប់​ការធ្វើ​ជំនួញ​»​។​  ឯកអគ្គរដ្ឋទូតអាមេរិកមានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ 

​លោក Heidt បាន​មានប្រសាសន៍​បន្ថែមថា បច្ចុប្បន្ន​អ្វីដែល​សហរដ្ឋអាមេរិក​ព្យាយាម​ធ្វើ​គឺ ជួយ​កម្ពុជា​ឲ្យ​សម្រេច​ជោគជ័យ​ក្នុង​ការជំរុញ​ការវិនិយោគ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​បម្រើ​ទីផ្សារ​តំបន់ ដ្បិតថា​បច្ចេកវិទ្យា​ដែលជា​កម្លាំងចលករ​សំខាន់​នៃ​សេដ្ឋកិច្ចកម្ពុជា​នោះ​ក៏​កំពុង​អភិវឌ្ឍ​ទៅមុខ​រហ័ស​ដែរ​។

២.​ប្រជាជន​ខ្មែរ​អា​មេ​រិ​កកាន់តែច្រើន​មក​បើក​ជំនួញ​នៅ​កម្ពុជា

ពេល​សាកសួរ​ពី​ចំនួន​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុងបើក​អាជីវកម្ម​នៅ​កម្ពុជា លោក William Heidt បាន​ឆ្លើយថា បច្ចុប្បន្ន​ក្រុមហ៊ុន​អាមេរិក​ធំៗ​មាន​ប្រហែល ២០​ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ក្រុមហ៊ុន​តូចៗ​មាន​កាន់តែច្រើន​ជាពិសេស​ជំនួញ​របស់​ប្រជាជន​ខ្មែរ​អាមេរិក​។​

លោក Heidt និយាយ​ដូច្នេះ​៖« សហគមន៍​ធុរកិច្ច​រប​ស់​យើង​នៅ​កម្ពុជា​គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​។ បច្ចុប្បន្ន ក្រុមហ៊ុន​ធំ​របស់​អាមេរិក​មាន​ត្រឹម​ប្រហែល ២០​ទេ ប៉ុន្តែ​អ្នកជំនួញ​តូចៗ​មាន​ច្រើនណាស់​។ ប្រជាជន​ខ្មែរ​អាមេរិក​កាន់តែច្រើន​ត្រឡប់មក​ស្រុក​ខ្មែរ និង​បើក​ជំនួញ​នៅទេ​នេះ​ជាពិសេស​ផ្តោតលើ​ផ្នែក​បច្ចេកវិទ្យា​តែម្តង​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​មួយ​ចំ​នួ​នៅ​ស្រុក​ខ្មែរ​មាន​ម្ចាស់​ជា​ជនជាតិខ្មែរ​អាមេរិក​ផង​»​។​

«​ក្រុមហ៊ុន​ធំៗ​ដូច​លោកអ្នក​បាន​ស្គាល់​ហើយ​ដូចជា កូកាកូឡា​, កាល់​តិច និង ក្រុមហ៊ុន General Electric ជាដើម ប៉ុន្តែ​ខ្ញុំ​គិតថា ភាពខ្លាំង​របស់​សហគម​ន៍​ធុរកិច្ច​អាមេរិក​យើង​គឺ នៅក្នុង​អាជីវកម្ម​តូចៗ​មានដូចជា​ភោជនីយដ្ឋាន​, ក្រុមហ៊ុន​បច្ចេកវិទ្យា​, ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​,  និង​ក្រុមហ៊ុន​ផ្សេងទៀត​ដែរ​»​។ លោក Heidt សង្កត់ធ្ងន់​ដូច្នេះ​។

​សូមបញ្ជាក់ថា លោក​ឯកអគ្គរដ្ឋទូត William Heidt នឹង​បញ្ចប់​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា​ត្រឹម​ខែវិច្ឆិកា​នេះ​។ លោក​បានទទួល​ការយល់ព្រម​ពី​ព្រឹទ្ធសភា​អាមេរិក​ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា តាំងពី​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០១៥ ហើយ​បាន​ស្បថ​ចូល​បំពេញការងារ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ។ ចំណែក​លោក Patrick Murphy បច្ចុប្បន្ន​ជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ត្រូវ​បានស្នើ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ដោយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។ បេក្ខភាព​របស់លោក​ត្រូវ​ទទួល​យល់ព្រម​ពី​ព្រឹទ្ធសភា​អាមេរិក​សិន​៕

Tag:
 កម្ពុជា​
  ធុរកិច្ច​
  វិ​ន​យោគ​
  លោក William Heidt
 
© រក្សាសិទ្ធិដោយ thmeythmey.com