ជាតិ
បោះឆ្នោត
រដ្ឋាភិបាលកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើកទី៣
× ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី៣ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ នេះបើតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែតុលា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ជាការបោះឆ្នោតអសកល ដែលជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខដំណែង។
នាការបោះឆ្នោតកាលពីអណត្តិទីពីរ នាឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងដ៏ច្រើនលើសលុប ចំណែកគណបក្សសង្គ្រោះជាតិឈរនៅលំដាប់ទីពីរ និងហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅលេខរៀងបន្ទាប់។
សម្រាប់លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត គណបក្សប្រជាជនកម្ពុជា ឈ្នះតំណែងប្រធានទាំង២៥រាជធានី-ខេត្ត និងបានកៅអីសមាជិកចំនួន២៨១ ។ គណបក្សសង្គ្រោះជាតិ បានកៅអីសមាជិកចំនួន៨៦ និងហ្វ៊ុនស៊ិនប៉ិច បាន១ ។
រីឯលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ស្រុក ខណ្ឌ វិញ គណបក្សប្រជាជនកម្ពុជា បានកៅអីប្រធានចំនួន១៩៥ និងសមាជិក ២០៣៩នាក់ គណបក្សសង្គ្រោះជាតិ ឈ្នះតំណែងប្រធានចំនួន២ និងសមាជិក៦៧៧នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិក ជាប់សមាជិកចំនួន១៧ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសមាជិក ១នាក់។
ប៉ុន្តែក្រោយតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចយកអាសនៈសរុបទាំង៧៦៥ (ថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ)របស់បក្សប្រឆាំងមួយនេះ ទៅបែងចែកឲ្យគណបក្សប្រជាជនកម្ពុជា និងហ្វ៊ុនស៊ិនប៉ិច ដោយ CPP បាន៧១៧ និង ហ្វ៊ុនស៊ិនប៉ិច បាន៤៨អាសនៈបន្ថែម៕
Tag:
បោះឆ្នោត
ក្រុមប្រឹក្សារាជធានី
© រក្សាសិទ្ធិដោយ thmeythmey.com