ជាតិ
សង្គមជាតិ
ប្រវត្តិវិទូអង់គ្លេស៖ ព្រះបាទជ័យវរ្ម័នទី៧ អាចជាក្សត្រដែលផ្តើមបង្កើតប្រព័ន្ធសុខាភិបាលសាធារណៈដំបូងគេ
× ប្រវត្តិវិទូនៃសាកលវិទ្យាល័យទីក្រុងឡុងដ៏ចក្រភពអង់គ្លេសបានប្រាប់សារព័ត៌មានអង់គ្លេស BBC ថា ព្រះបាទជ័យវរ្ម័នទី៧ អាចជាក្សត្រដែលផ្តើមគំនិតបង្កើតប្រព័ន្ធសុខភិបាលសាធារណៈដំបូងគេដើម្បីបម្រើប្រជាជន។
តាមសិក្សាថ្មីមួយជុំវិញដោយផ្តោតលើកំណត់ត្រាសិលាចារឹក និងការធ្វើកំណាយពីទីកន្លែងនានាជុំវិញតំបន់អង្គរ ប្រវត្តិវិទូអង់គ្លេសលោក Peter Sharrock បានសន្និដ្ឋានថា ព្រះបាទជ័យវរ្ម័នទី៧ អាចជាក្សត្រដំបូងគេក្នុងការផ្តើមគំនិតបង្កើតប្រព័ន្ធសុខាភិបាលសាធារណៈ។
ទ្រង់បានសាងសង់ប្រាសាទធំ ទីកន្លែងសាធារណៈ រួមជាមួយមន្ទីរពេទ្យរដ្ឋច្រើនកន្លែងដើម្បីបម្រើដល់ការថែទាំសុខុមាលភាពប្រជាជនសម័យនោះ។ ការសិក្សានេះដែរក៏បានបកស្រាយពីតួនាទីរបស់អ្នកធ្វើការក្នុងមន្ទីរពេទ្យដែលមានដូចជា គ្រូពេទ្យ គ្រូពេទ្យជំនួយ ចុងភៅចម្អិនអាហារ និងអ្នកមើលថែទាំជាដើមដែរ។
មន្ទីរពេទ្យបុរាណចំនួន ១០២ កន្លែងត្រូវបានកសាងនៅឡើងក្រោមរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយមន្ទីរពេទ្យទាំងនោះមានទីតាំងឆ្ងាយពីទីក្រុងអ៊ូរអរ ដែលវាមានភាពងាយស្រួលនិងអនុញ្ញាតឲ្យ អ្នកជំងឺអាចសម្រាកបានស្ងប់ស្ងាត់។
ចំណែកការព្យាបាលវិញ គឺធ្វើឡើងដោយប្រើប្រាស់ថ្នាំបុរាណមានដូចជាឬសឈើ និងស្លឹកឈើធម្មជាតិដែលមាននៅក្នុងព្រៃ។
ឯការចែកចាយថ្នាំបុរាណទាំងនេះត្រូវបានគ្រប់គ្រងដោយមន្ត្រីពេទ្យនៅក្នុងទីក្រុង។ នៅខាងមុខខ្លោងទ្វារនៃមន្ទីរពេទ្យបុរាណទាំងនោះ បុព្វបុរសជំនាន់អង្គរបានសរសេរថា «ប្រជារាស្ត្រទាំងឡាយត្រូវបានស្វាគមន៍ចំពោះការព្យាបាលសុខភាព»។
លោក Peter Sherrock បានពន្យល់ថា នេះគឺជាទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រដែលមានមកលើប្រជារាស្ត្រទាំងឡាយនៅសម័យនោះ៕
Tag:
ព្រះបាទជ័យវរ្ម័នទី ៧
Peter Sharrock
ប្រព័ន្ធសុខាភិបាលសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com