ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ នឹងឡើងវាយអ្នកប្រដាល់ហូឡង់ នៅសិង្ហបុរី
× អ្នកលេងក្បាច់គុនចម្រុះមាស ម៉ើ ប្តេជ្ញាថានឹងយកជ័យជន្នះលើកីឡាករហូឡង់ Anthony Engelen ឲ្យបាន ក្នុងការប្រកួតប្រភេទទម្ងន់ស្រាលនៃព្រឹត្តិការណ៍ ONE: HEART OF THE LION នៅទឹកដីសិង្ហបុរី នាថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៨។
កីឡាករឆ្នើមរបស់ក្រុម Cambodian Top Team (CTT) និងជាអ្នកប្រដាល់ប្រចាំ ONE Championship រូបនេះ បានចាប់ផ្តើមអាជីពជាអ្នកប្រដាល់ក្បាច់គុនចម្រុះនៅឆ្នាំ២០១៤។ ជាអតីតជើងឯក Khmer Warrior Challengeមាស ម៉ើ មានប្រវតិ្តប្រកួតក្បាច់គុនប្រដាល់ បោកចំបាប់ ក្បាច់គុនយូដូ និងក្បាច់គុនខ្មែរដែលគូប្រកួតនីមួយៗលឺហើយមានការញញើតពេលជួបប្រកួតក្នុងទ្រុងជាមួយម្តងៗ។
កីឡាករប្រដាល់របស់កម្ពុជាដ៏មានទេពកោសល្យម្នាក់នេះ បានចូលរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះក្បាច់គុនខ្មែរនៅលើឆាកអន្តរជាតិ ក៏ដូចជាកីឡាករខ្លាំងៗជាច្រើននាក់ទៀតដែលរួមមាន រិន សារត្ន័ និង ស សី ជាដើមដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្នុងក្លិបកីឡា CTT ដែលល្បីឈ្មោះមួយក្នុងរាជធានីភ្នំពេញ។
មាស ម៉ើ មានការកោតសរសើរច្រើនពីសំណាក់អ្នកគាំទ្រក្នុងស្រុក លើសមត្ថភាពវាយគូប្រកួតមិនដកដៃ ហើយភាគច្រើនរូបគេផ្តួលដៃគូឲ្យសន្លប់តែម្តង។
ដោយឡែកកីឡាករជើងខ្លាំងរបស់ហូឡង់ Engelen វិញក៏មានមហិច្ចតាយកឈ្នះលើការប្រកួតនេះដូចគ្នាដើម្បីបង្អួតដល់ជនរួមជាតិរបស់គេដែរ។ តាមរយៈបទពិសោធន៍ នឹងមហិច្ចតារបស់កីឡាករទាំងពីរនឹងធ្វើឲ្យការប្រកួតនេះទាក់ចិត្តអ្នកទ្សនាមិនខាន។
សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ ONE: HEART OF THE LION ខែក្រោយនេះ នឹងមានជើងឯកពិភពលោកចំនួន២គូរទៀត ដែលពិភពលោកកំពុងរំជើបរំជួលរង់ចាំទស្សនា។
ក្នុងនោះមានកីឡាការនីជើងឯកសញ្ជាតិអាមេរិក Angela Leeដែលនឹងវាយដណ្តើមខ្សែក្រវាត់ក្នុងការប្រកួតទម្ងន់ស្រាលពីកីឡាការនីជនជាតិចិន Xiong Jing Nan។ ស្របពេលជាមួយគ្នាដែរ ក៏នឹងមានកីឡាករជើងឯកពិភពលោកមកពីប្រេស៊ីល Bibiano Fernandes ដែលត្រូវឡើងសង្វៀនជាមួយជើងឯកពិភពលោកមកពីប្រទេសហ្វីលីពីន Kevin Belingon ក្នុងការប្រកួតប្រភេទទម្ងន់ Bantamweight។
© រក្សាសិទ្ធិដោយ thmeythmey.com