ជាតិ
សង្គមជាតិ
លោកស្រី Kain Hulshof ៖ អំពើហិង្សា​លើ​កុមារ​អាចធ្វើ​តំបន់​មួយ​ខាតបង់​ថវិកា ២០៩ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
04, Nov 2018 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញាចិត្ត ទប់ស្កាត់​និង​លុ​បំបាត់​អំពើហិង្សា​លើ​កុមារ​ត្រឹម ឆ្នាំ​២០៣០ ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ក្នុង​មួយ​ឆ្នាំមាន​កុមារ​ប្រមាណ​១​ពាន់​លាន់​នាក់ ទទួលរង​អំពើហិង្សា​អន្តរ​បុគ្គល ក្នុង​ទម្រ​ង​មួយចំនួន​នៅ​ទូទាំង​ពិភពលោក​។ ក្នុង​តំបន់​អាស៊ី​មាន​កុមា​ប្រមាណ​៥០​ភាគរយ​ទទួលរង​អំពើហិង្សា​កាលពី​ឆ្នាំ​២០១៧​។ បើតាម​នាយិកា​អង្គការ​យូ​នី​សេ​ហ្វ អំពើហិង្សា​លើ​កុមារ​អាចធ្វើ​ឲ្យ​តំបន់​មួយ​ខាតបង់​ថវិកា ២០៩ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

 
​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង់ សូត បាន​លើកឡើងថា កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​ច្រើន​ក្នុងការ​ដោះស្រាយ​លើ​បញ្ហា​សិទ្ធិ​កុមារ ដោយ​ត្រូវ​ពង្រឹង​យន្តការ​អនុវត្ត​ប្រព័ន្ធ​កិច្ចការពារ​កុមារ ធនធានមនុស្ស និង​ហិរញ្ញ​វ​ត្តុ​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​គ្រប់​ស្ថាប័នរដ្ឋ អង្ក​ការ​ជាតិ អន្តរជាតិ ។ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​រូបនេះ បាន​និយាយថា​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​ការអនុវត្ត​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ ដូច្នេះ​ថា​៖«​យើង​បានរៀបចំ​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា លើ​កុមារ​រយៈពេល​៥​ឆ្នាំ (២០១៧ ២០២១) ដែល​បាន​អនុវត្ត​ក្រោម​ការសម្របសម្រួល និង​កិច្ចសហការ​ពី​បណ្ដា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ចំនួន​១៣ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ក្រុមយុវជន​ផងដែរ​»​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ​លោកស្រី Kain Hulshof  នាយិកា​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​និយាយថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដំបូង​គេ ដែល​បានរៀបចំ​ការអង្កេត​ថ្នាក់ជាតិ​ស្ដីពី​អំពើហិង្សា​លើ​កុមារ និង​ជា​ប្រទេស​ដែល​បាន​ផ្ដួចផ្ដើម​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​លើកទីមួយ ស្ដីពី​យុទ្ធសាស្ត្រ អ៊ី​ន​ស្ពៃ (INSPIER) ។ លោ​ស្រី​និយាយថា​៖« ពិបាក​និយាយថា​ស្ថានភាព​សិទ្ធិ​កុមារ​កម្ពុជា​ប្រសើ​ជាង​ប្រទេសជិតខាង​ណាស់ យើង​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្វីដែល​យើង​បានឃើញ​នោះ​គឺថា មានការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ពី​សំណាក់​រាជរដ្ឋាភិបាល គោលបំណង​បែបនេះ​នឹង​ជួយ​ឲ្យ​មាន​សកម្មភាព​ផ្សេងៗ ដូចជា​ការហាម​មិន​ឲ្យ​មាន​អំពើហិង្សា​ក្នុង​សាលា នៅផ្ទះ​ជាដើម យើង​អាច​និយាយបានថា​សិទ្ធិ​កុមារ​កម្ពុ​ជាមាន​ភាពល្អ​ប្រសើរ​ច្រើន​»​។ 
 
​នាយិកា​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​លើកឡើងថា អំពើហិង្សា​លើ​កុមារ​អាចធ្វើ​តំបន់​មួយ​ខាតបង់​ថវិកា ២០៩ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ស្មើនឹង ២​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ក្នុង​តំបន់​នោះ​។ «​អំពើហិង្សា​មិនមែន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​តែ​សម្រាប់​កុមារ​រងគ្រោះ​ឡើយ អំពើហិង្សា​បានដាក់​បន្ទុក​រយៈពេល​វែង​លើ​សេវា​សុខាភិបាល និង​សេវា​សង្គម ប៉ះពាល់​ដល់​ការវិនិយោគ និង​ការអភិវឌ្ឍ​សង្គម និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផង​»​។ នេះ​បើតាម​លោកស្រី Kain Hulshof​។​
  
​ក្នុង​មួយ​ឆ្នាំមាន​កុមារ​ប្រមាណ​១​ពាន់​លាន់​នាក់​បាន​ទទួលរង​អំពើហិង្សា​អន្តរ​បុគ្គល​ក្នុង​ទម្រ​ង​មួយចំនួន​នៅ​ទូទាំង​ពិភពលោក​។ ក្នុង​តំបន់​អាស៊ី​មាន​កុមា​ប្រមាណ​៥០​ភាគរយ​ទទួលរង​អំពើហិង្សា​កាលពី​ឆ្នាំ​២០១៧​។ 
 
​រាជរដ្ឋាភិបាល​ដាក់​ឲ្យ អនុវត្ត​ក្នុង​ឆ្នាំ​២០១៦ យុទ្ធសាស្ត្រ INSPIRE មានដូចជា ពង្រឹង​ការអនុវត្ត​ច្បាប់​បទដ្ឋាន និង​គុណ​តម្លៃ រួមជាមួយ​បរិយាកាស​ប្រកបដោយ​សុ​វត្តិភាព ដែល​គាំទ្រ​ដល់​មាតាបិតា និង​អ្នកផ្ដល់​ការថែទាំ​ដល់​កុមារ ។ ជាពិសេស​ពង្រឹង​ប្រាក់ចំណូល និង​សេដ្ឋកិច្ច ដែល​ឆ្លើយតប​និង​គ្រាំទ្រ​ការអប់រំ និង បំ​ណិ​ន​ជីវិត​។ 
 
​ក្នុង​របាយការណ៍​រប​ស់​អង្គការ​យូ​នី​សេ​ហ្វ​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១៣ បាន​បង្ហាញថា កុមារ​កម្ពុជា ១​នាក់​ក្នុងចំណោម​ពីរ​នាក់ បានទទួល​អំពើហិង្សា​លើ​រាងកាយ ។ ហើយ​កុមារ​១​នាក់​ក្នុងចំណោម​៤​នាក់ បានទទួល​អំពើហិង្សា​លើផ្លូវ​ចិត្ត ។ ចំណែក​កុមារ​១​នាក់ ក្នុងចំណោម​២០​នាក់ បានទទួល​អំពើហិង្សា​ផ្លូវភេទ​។ 
 
​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ថ្នាក់​តំបន់​ឆ្ពោះទៅ​អនុវត្ត​យុទ្ធសាស្ត្រ អ៊ី​ន​ស្ពៃ (INSPIER) រយៈពេល​បី​ថ្ងៃរ​នៅ​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​មក​ពី​ស្ថាប័ន​ជាច្រើន និង​អ្នកជំនាញ​ផ្នែក​កិច្ចការពារ​មកពី​២១​ប្រទេស ដែល​នឹង​មក​ពិភាក្សា និង​ដាក់ចេញ​នូវ​សកម្មភាព​អាទិភាព​នានា ដើម្បី​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​កុមារ​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​៕ 
 

Tag:
 ហិង្សាលើកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com