អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីចិនប្រាប់អតីតកល្យាណមិត្តតៃវ៉ាន់៖ ប្រវត្តិសាស្ត្រ និងការពិត នឹងបង្ហាញថាការជ្រើសយកចិនជាជម្រើសត្រឹមត្រូវបំផុត
× លោកប្រធានាធិបតីសាធារណរដ្ឋដូមីនិក ដានីឡូ មេឌីណា (Danilo Medina) បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ចិន ដើម្បីជួបពិភាក្សាជាមួយនឹងសមភាគីចិន លោក ស៊ី ជិនពីង លើកិច្ចសហប្រតិបត្តិការ នៃទំព័រប្រវត្តិសាស្ត្រថ្មីរវាងប្រទេសទាំងពីរ។ នេះ គឺជាជំនួបប្រវត្តិសាស្ត្រមួយរបស់អតីតកល្យាណមិត្តតៃវ៉ាន់ ជាមួយនឹងសណ្តាប់ធ្នាប់ពិភពលោកកំពុងតែរះត្រដែត គឺចិន។
តាមរយៈជំនួបផ្លូវការទ្វេភាគីក្នុងក្រុងប៉េកាំង នៃអំឡុងពេលបំពេញទស្សនកិច្ចការផ្លូវការរបស់លោកប្រធានាធិបតី ដានីឡូ មេឌីណា នៅថ្ងៃទី២ វិច្ឆិកា លោកប្រធានាធិបតី ស៊ី ជិនពីង បានសន្យាជួយលើកកម្ពស់ការអភិវឌ្ឍរបស់សាធារណដូមីនិកឲ្យកាន់តែល្អប្រសើរ ខណៈប្រទេសទាំងពីរ ទើបតែបានកសាងទំនាក់ទំនងការទូតផ្លូវការរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Xinhua។
លោកប្រធានាធិបតី ស៊ី បានលើកឡើងថា ទោះបីជាចិន និងសាធារណរដ្ឋដូមីនិក ទើបតែបង្កើតទំនាក់ទំនងផ្លូវការថ្មីៗនេះក៏ដោយ បេះដូងនៃប្រទេសទាំងពីរ បានផ្សារភ្ជាប់ជាមួយគ្នាយូរណាស់មកហើយ។ លោក បន្តថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដានីឡូ ក្នុងការបង្កើតចំណងការទូតជាមួយនឹងចិន បានធ្វើឲ្យប្រជាជាតិសាធារណរដ្ឋដូមីនិកមានមិត្តភក្តិជាជនជាតិ ១.៣ ពាន់លាននាក់ បន្ថែមទៀត។
លោក ស៊ី បានបង្ហាញពីឆន្ទៈរបស់ចិនក្នុងការធ្វើការជាមួយនឹងសាធារណរដ្ឋដូមីនិកជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី, ប្រែក្លាយចក្ខុវិស័យល្អ និងវែងឆ្ងាយរបស់ប្រទេសទាំងពីរឲ្យចេញជាលទ្ធផលជាក់ស្តែង និងជាពិសេសនោះ នាំផលប្រយោជន៍ជាច្រើនជូនប្រជាជនសាធារណរដ្ឋដូមីនិកតែម្តង។ « ប្រវត្តិសាស្ត្រ និងការពិត នឹងបង្ហាញឲ្យឃើញច្បាស់ថា ការសម្រេចចិត្តបង្កើតទំនាក់ទំនងការទូតរវាងចិន និងសាធារណរដ្ឋដូមីនិក គឺជាជម្រើសត្រឹមត្រូវបំផុត»។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះ។
សូមរម្លឹកបន្តិចថាសាធារណរដ្ឋដូមីនិក បានបង្កើតទំនាក់ទំនងផ្លូវការជាមួយនឹងកោះតៃវ៉ាន់តាំងពីឆ្នាំ១៩៤៤មកម្ល៉េះ ។ ភាគីទាំងពីរ បានមានទំនាក់ទំនងល្អជាមួយនឹងគ្នាច្រើនទសវត្សរ៍មកហើយ ទើបតែដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ រដ្ឋាភិបាលសាធារណរដ្ឋដូមីនិក បានប្រកាស ចាកចេញពីតៃវ៉ាន់ ។ ការដើរចេញពីទំនាក់ទំនងជាមួយនឹងតៃវ៉ាន់របស់សាធារណរដ្ឋដូមីនិក ត្រូវបានតៃវ៉ាន់ ចោទប្រកាន់ថា ផ្តើមឡើងពីឥទ្ធិពលលុយរបស់ចិនសុទ្ធសាធ៕
Tag:
ចិន
សាធារណរដ្ឋដូមីនិក
© រក្សាសិទ្ធិដោយ thmeythmey.com