សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​ចិន​ទទួលស្គាល់​ការងារ​អ្នកកាសែត​ដែល​បាន​ផ្សព្វផ្សាយ​ពី Belt & Road
04, Nov 2018 , 5:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉េកាំង​៖ បន្ទាប់ពី​បាន​ជជែក​គ្នា​អំពី​តួនាទី​អ្នកកាសែត​នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​នៅ​ខេត្ត​ហៃ​ណាន់ អ្នកកាសែត​ជាង​១០០​នាក់​បាន​ជួបពិភាក្សា​ជាមួយ​លោក ហុ័​ង គុន​មីង (Huang Kunming) ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​សមាជិក​នៃ​ការិយាល័យ​នយោបាយ​របស់​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ទីក្រុង​ប៉េកាំង​ផងដែរ​។ មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​ចិន​បាន​អរគុណ​ដល់​អ្នកកាសែត​ដែល​បាន​ផ្សព្វផ្សាយ​អំពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី ដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានប្រកាស​កាលពី​ឆ្នាំ​២០១៣​។​

 
​នៅ​ចំពោះមុខ​អ្នកកាសែត​ប្រមាណ​១៥០​នាក់​មកពី​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ដែល​ពាក់​ព័ន្ធគំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី (Belt and Road Initiative) លោក ហុ័​ង គុន​មីង បាន​សរសើរ​ផង និង​អរគុណ​អ្នកកាសែត​ផង ដែល​បាន​ជួយ​ជ្រោមជ្រែង​ផ្សព្វផ្សាយ​គំនិត​ផ្តួចផ្តើម​នេះ​រយៈពេល​៥​ឆ្នាំកន្លងមក​។​
 
«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី​» ដែលមាន​គោលដៅ​ចង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ ត្រូវបាន​ប្រកាសឡើង​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កាលពី​ខែកញ្ញា​ឆ្នាំ​២០១៣ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅក្នុង​ប្រទេស កា​ហ្សា​ស្ថាន​។​
 
​ក្នុងជំនួប​ជាមួយ​អ្នកកាសែត​បរទេស​ដែល​ត្រូវ​បានរៀបចំ​ដូច​រៀងរាល់ឆ្នាំ​នៅ Great Hall of the People ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​ចិន​បានស្នើ​សុំ​ឲ្យ​មាន​សហប្រតិបត្តិ​ការបន្ថែម​ទៀត​ពី​សារព័ត៌មាន​ដើម្បី​ពន្យល់ និង​អប់រំ​អំពី​មនោគមវិជ្ជា​ពិតប្រាកដ​នៃ​គំនិត​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ភីង តាមរយៈ​ផែនការ​ខ្សែក្រវ៉ាត់ និង​វិថី​នេះ​។​
 
​មន្ត្រី​ដ៏​ជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​ចិន លោក ហុ័​ង គុន​មីង ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ម្នាក់​នោះបាន​ពន្យល់​ប្រាប់​អ្នកកាសែត​បរទេស​យ៉ាង​ដូច្នេះ​ថា​៖«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី មាន​គោលដៅ​បង្កើត​កិច្ចសហការ​នៃ​សហគមន៍​អន្តរជាតិ​មួយ និង​ផ្តល់​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​រួមគ្នា ដោះស្រាយ​បញ្ហា​រួមគ្នា​។ ដោយ​មិន​ភ្លេច​ពី​ការចូលរួមចំណែក​រប​ស់​អ្នកសារព័ត៌មាន លោក គុន​មីង បន្តទៀតថា​៖«​គំនិត​ផ្តួចផ្តើម​នេះ​គឺជា​បណ្តុំ​នៃ​សមាសធាតុ​ទាំងអស់​ដែល​បាន​ចូលរួមចំណែក ហើយនឹង​ទទួលផល​ប្រយោជន៍​ទាំងអស់គ្នា​»​។​
 

​លោក ហុ័​ង គុន​មីង បញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី ត្រូវបាន​ប្រែក្លាយ​ពី​ទ្រឹស្តី​មកជា​សកម្មភាព​ជាក់ស្តែង ដោយ​បច្ចុប្បន្ន​មាន​មាន​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ជាង​១០០​ហើយ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​គំនិត​ផ្តួចផ្តើម​នេះ​។​
 
​ទន្ទឹមនឹង​ការផ្សព្វផ្សាយ​អំពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី (Belt and Road Initiative) វេទិកា​កិច្ចសហប្រតិបត្តិការ​សារព័ត៌មាន​ប្រចាំឆ្នាំ​ត្រូវបាន​រៀបចំ​ដោយសារ​ព័ត៌មាន​របស់​បក្ស​ក​ម្មុយ​នី​ស្ត​ចិត្ត​របស់​មាន​ឥទ្ធិពល​ឈ្មោះ People’s Daily ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា​។ រៀងរាល់ឆ្នាំ អ្នកកាសែត​ជាង​១០០​នាក់​មកពី​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​នេះ ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​ជជែក​ពិភាក្សា​លើ​ប្រធានបទ​នានា​ស្តីពី​សារព័ត៌មាន និង​គំនិត​ផ្តួចផ្តើម​នេះ​។ ទន្ទឹមគ្នា​នោះ​វេទិកា​សារព័ត៌មាន​១០ បូក​៣ ក៏ត្រូវ​បានរៀបចំ​ជាមួយគ្នា​ផងដែរ​។​
​នៅ​ឆ្នាំ​២០១៨​នេះ អ្នកកាសែត​ខ្មែរ​៦​រូប​មកពី​អង្គភាព​សារព័ត៌មាន​ថ្មីៗ ដើមអម្ពិល និង​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា បាន​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​នេះ​៕
 
 
 

Tag:
 Belt and Road
  people’s daily
 
© រក្សាសិទ្ធិដោយ thmeythmey.com