ជាតិ
សង្គមជាតិ
ពលករ​ជិត​២​ម៉ឺន​នាក់​ត្រូវបាន​អាជ្ញាធរ​បរទេស​ប​ញ្ចូ​ន​មក​កម្ពុជា​វិញ ក្នុង​ឆមាស​ទី​១
04, Nov 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​បរទេស​បាន​ប​ញ្ចូ​ន​ពលករ​ខ្មែរ​ត្រឡប់មក​កម្ពុជា​វិញ ជិត​២​ម៉ឺន​នាក់ ក្នុង​ឆមាស​ទី​១ ខណៈ​ស្ថានទូត​ខ្មែរ​បាន​ជួយសង្គ្រោះ​ពលករ ២៤៧​នាក់​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍ ៦​ខែ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។

 
​របាយការណ៍​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ពលករ​ខ្មែរ​ដែល​អជ្ញាធរ​បរទេស​ប​ញ្ចូ​ន​ត្រឡប់មក​កម្ពុជា​វិញ​មាន​ចំនួន ១៩, ៨៨៦៩ នាក់ ក្នុងនោះ​ស្ត្រី ៦, ៨៩៥ នាក់​, កុមារ ១, ៧៨៨ នាក់​។ ពលករ​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ចំនួន​១៨ បា​នប​ញ្ចូ​ន​មកវិញ​រួមមាន​៖ ថៃ ១៩,៣៧៩ នាក់ (​ស្ត្រី ៦, ៧០៧ និង​កុមារ ១, ៧៨១ នាក់​), វៀតណាម ៦៩ នាក់ (​ស្ត្រី​៣៦ នាក់​), កូរ៉េខាងត្បូង ១១០​នាក់​, ម៉ាឡេស៊ី ៨៥ នាក់​, ជប៉ុន ៣៤ នាក់​, អាមេរិក ៧៦ នាក់​, ចិន ៥៦ នាក់​, និង​សឹង្ហ​បូរី ៦០​នាក់​។ ក្រៅពីនេះ​ក៏មាន​សាកសព​ពលករ​ខ្មែរ​ចំនួន ១៨៥​នាក់ ត្រូវបាន​ប​ញ្ចូ​ន​មក​កម្ពុជា​វិញ​ផងដែរ​។​
 
​ដោយឡែក​ពលករ​ខ្មែរ​រងគ្រោះ ២៤៧ នាក់ មាន​ស្រី្ត ១៦០ នាក់ ត្រូវបាន​ស្ថានទូត និង​អង្គការ​ដៃគូរ​ធ្វើ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៧ មានដូចជា ប្រទេស​ម៉ាឡេស៊ី ចំនួន ១៣២ នាក់ (​ស្ត្រី ៧៤​នាក់​), ចិន ៤៥ នាក់ (​ស្ត្រី​៤៣​នាក់​), វៀតណាម ២៩​នាក់ (​ស្ត្រី ២០​នាក់​), ឡាវ ០៣​នាក់ (​ស្ត្រី​១​នាក់​), ថៃ ២៨​នាក់​( ស្ត្រី ១៣​នាក់​), សឹង្ហ​បូរី ស្ត្រី ៨​នាក់​, អា​រ៉ា​ប៊ី​សា​អូឌីត ២​នាក់ (​ស្ត្រី ១​នាក់​)​។​
 
​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​ដដែល ពលករ​-​ពល​ការិនី​ខ្មែរ​ខាងលើ បាន​រងគ្រោះ​តាមរយៈ មេខ្យល់ ក្រុមហ៊ុន​មិន​ស្របច្បាប និង​ការ​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ដោយ​ខ្លួនឯង​។ ទម្រង់​នៃ​ការរង​គ្រោះ​ទាំងនោះ រួមមាន ការបំពាន​ពី​និយោជក​, ការជួញដូរ​ផ្លូវភេទ​, ការរៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​,  ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ។ 
 
​ជាមួយគ្នានេះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​សម្ភាស​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ចំនួន ៧០​នាក់ បាន​រកឃើញថា ពលករ ៥៥​នាក់ ចាញ់បោក​មេខ្យល់ ៣​នាក់​ក្រុមហ៊ុន និង​១២​នាក់ រក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង​។ 
 
​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានផ្តល់​សេវា​ស្នាក់នៅ និង​ស្តារនីតិសម្បទា​ដល់​ជនរងគ្រោះ​ចំនួន ៤៩៤ នាក់ (​ស្ត្រី ៣៦៧) និង​អង្គការ​ដៃគូ​បាន​ជួយ​ដល់​ជនរងគ្រោះ​ចំនួន ៣២៣ នាក់ (២២៦ នាក់​)​។​
 
​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន ៩៨៦​នាក់ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ​៕ 

Tag:
 សង្គម​
  ពលករ​ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com