បទយកការណ៍ / បទសម្ភាសន៍
មន្ទីរពេទ្យ​កុមារ​អង្គរ​រៀបចំ​សន្និសីទ​វេជ្ជសាស្ដ្រ​ប្រចាំឆ្នាំ​បង្កើន​ចំណេះដឹង​ដល់​គ្រូពេទ្យ​ទាក់ទង​នឹង​ការសង្គ្រោះ​បន្ទាន់ និង​ជំងឺ​ធ្ងន់​
04, Nov 2018 , 10:59 pm        
រូបភាព
​សៀមរាប​៖ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បង្កើត​នៅ​ឆ្នាំ ១៩៩៩ ហើយ​មកដល់​បច្ចុប្បន្ន​មាន​រយៈពេល ១៩​ឆ្នាំ​ហើយ ដែល​មន្ទីរពេទ្យ​នេះ​បើក​ព្យាបាល​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ចាប់ពី​ទើបនឹង​កើត​ដល់​អាយុ ១៦​ឆ្នាំ​។ នៅ​ចុងខែ តុលា មន្ទីរពេទ្យ​កុមារ​អង្គរ​បានរៀបចំ​សន្និសីទ​វេជ្ជសាស្ដ្រ​ប្រចាំឆ្នាំ​របស់ខ្លួន​ដោយមាន​ការចូលរួម​ពី​គ្រូពេទ្យ​មកពី​មន្ទីរពេទ្យ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។ សន្និសីទ​ឆ្នាំ​ទី​២​នេះ ក្រោម​ប្រធានបទ «​ការសង្គ្រោះ​បន្ទាន់ និង​ជំងឺ​ធ្ងន់​» ដែល​គោលបំណង​នៃ​សន្និសីទ​នេះ ដើម្បី​ចែករំលែក​បទពិសោធន៍ ចំណេះដឹង ជំនាញ និង​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​បង្កើត​ផ្នែក​សង្គ្រោះបន្ទាន់ និង​ជំងឺ​ធ្ងន់​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​

 
 
​សន្និសីទ​វេជ្ជសាស្ដ្រ​ទាក់ទង​នឹង​ជំងឺ​កុមារ ត្រូវ​បានរៀបចំ​រៀងរាល់​ឆ្នាំ ដោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​សន្និសីទ​នេះ​ត្រូវបាន​ធ្វើឡើង ហើយ​សម្រាប់​ឆ្នាំនេះ​ប្រធានបទ​ទាក់ទង​នឹង​ការសង្គ្រោះ​បន្ទាន់ និង​ជំងឺ​ធ្ងន់ ដែល​កន្លងមក​ជំងឺ​ទាំងពីរ​នេះ មាន​ស្ថានភាព​ពិបាក​បំផុត​សម្រាប់​គ្រូពេទ្យ និង​ក្រុមគ្រួសារ​អ្នកជំងឺ​។ 
 
​នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ លោក ងួន ច័ន្ទ​ភក្ដ្រា បាន​ថ្លែង​ក្នុង​សន្និសីទ​កាលពី​ចុងខែ​តុលា​ថា គោលបំណង​នៃ​សន្និសីទ​លើក​នេះ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍ ចំណេះដឹង ជំនាញ និង​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​បង្កើត​ផ្នែក​សង្គ្រោះបន្ទាន់ និង​ជំងឺ​ធ្ងន់ ការកំណត់​ពី​រោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​របស់​ទារក និង​កុមារ របៀប​នៃ​ការថែទាំ​ព្យាបាល​ទារក និង​កុមារ​ដែលមាន​ការតក់​ស្លុត ការរង​របួស ការ​រលាក ការពុល និង​ការសង្គ្រោះ​សម្រាប់​ជំងឺ​គាំងបេះដូង ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​មរណៈភាព​របស់​ទារក និង​កុមារ​កម្ពុជា ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​ជា​អាទិភាព​របស់​ក្រសួងសុខាភិបាល​។​
 
 
​តាម​ការបញ្ជាក់​របស់​លោក ងួន ច័ន្ទ​ភក្ដ្រា ប្រធានបទ​សន្និសីទ​នៅ​ឆ្នាំនេះ​ពិតជា​មាន​សារសំខាន់​ណាស់ ហើយ​ខាង​មន្ទីរពេទ្យ​កុមារ​អង្គរ ជា​រៀងរាល់ថ្ងៃ​ទទួល​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ និង​សង្គ្រោះបន្ទាន់​ច្រើន​។ ដូច្នេះ​បទពិសោធន៍​ក្នុងការ​ព្យាបាល​ជំងឺ​នេះ​មាន​ច្រើន​សម្រាប់​គ្រូពេទ្យ​ក្នុង​មន្ទីរពេទ្យ​នេះ ដែល​គួរតែ​ចែករំលែក និង​ផ្សព្វផ្សាយ​ទៅដល់​គ្រូពេទ្យ​ដទៃ​បានដឹង​។​
 
​មាន​ជំងឺ​ច្រើន​ដែល​ចាត់ទុកថា ជា​ជំងឺ​ធ្ងន់ និង​សង្គ្រោះបន្ទាន់ ដូចជា​ទារក​កើត​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ និង​ជំងឺ​បេះដូង​ជាដើម ដែល​តែង​កើតឡើង​នៅលើ​កុមារ​តូច​។ តាម​ការបញ្ជាក់​របស់​នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​សៀមរាប​មានតែ​មន្ទីរពេទ្យ​២​ប៉ុណ្ណោះ ដែល​ចាត់ទុកថា​មាន​ស្ដង់ដា​ក្នុងការ​ព្យាបាល​ជំងឺ​កុមារ​តូច និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងនោះ​មាន​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មួយទៀត​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ ឬ​គន្ធបុប្ផា​សៀមរាប​។​
 
 
​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ១៩៩៩ ក្នុង​គោលបំណង​ផ្តល់​ការពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ឥតគិតថ្លៃ​។ មន្ទីរពេទ្យ​នេះ បាន​ចូលរួម​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​តាមរយៈ​ការបណ្ដុះបណ្តាល​វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង​បុគ្គលិក​សុខាភិបាល ព្រមទាំង​ផ្តល់​ការអប់រំ​សុខភាព​ផ្សេងៗ​ដល់​ពលរដ្ឋ​ខេត្តសៀមរាប​ផងដែរ​។ ជា​រៀងរាល់ថ្ងៃ មាន​កុមារ​ប្រមាណ ៥០០​នាក់ ទៅ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ តាម​ការបញ្ជាក់​របស់​លោក ងួន ច័ន្ទ​ភក្ដ្រា ចាប់ពី​បើក​ដំណើរ​អស់​រយៈពេល ១៩​ឆ្នាំ​មក មន្ទីរពេទ្យ​បានផ្តល់​សេវា​ព្យាបាល​ដល់​កុមារ​កម្ពុជា​ប្រមាណ ២,៥​លាន​ករណី​។ ជាមួយនឹង​កំណើន​កុមារ​កាន់តែច្រើន​បែបនេះ ទើប​ផ្នែក​សង្គ្រោះបន្ទាន់ និង​ជំងឺ​ធ្ងន់​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៤​។ នៅ​ឆ្នាំ ២០១៧​កន្លងទៅ ផ្នែក​នេះ​បានផ្តល់​សេវា​ព្យាបាល​ដល់​កុមារ​បាន​ប្រមាណ ១៨​ពាន់​ករណី​។​
 
​ទាក់ទង​នឹង​សន្និសីទ​វេជ្ជសាស្ដ្រ​លើក​ទី​២​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក ធា គ្រុយ បាន​កោតសរសើរ​ចំពោះ​ការរៀប​ចំនេះ​។ សម្រាប់​លោក ធា គ្រុយ នេះ​ជា​អ្វីដែល​ក្រសួង​ចង់បាន គឺ​ចង់ឱ្យ​មន្ទីរពេទ្យ​ទាំងអស់​ម្ចាស់​ការរៀបចំ​សន្និសីទ​បែបនេះ​ដោយ​ខ្លួនឯង ដើម្បី​រួមចំណែក​បណ្ដុះបណ្តាល​ធន​ធាន​គ្រូពេទ្យ​។ លោក ធា គ្រុយ បន្ថែមថា មន្ទីរពេទ្យ​ដែល​អាច​រៀបចំ​សន្និសីទ​នេះ​បាន គឺជា​មន្ទីរពេទ្យ​ដែល​ពូកែ និង​មានបទពិសោធន៍​ត្រឹមត្រូវ​លើ​ការងារ​ព្យាបាល​អ្នកជំងឺ​។​
 
 
​ជាមួយគ្នានេះដែរ ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ចង់ឱ្យ​គ្រូពេទ្យ​ទាំងអស់​ពង្រឹងសមត្ថភាព និង​វិជ្ជាជីវៈ​របស់ខ្លួន​តាមរ​យៈ​រូបភាព​នានា ដូចជា​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្តាល សន្និសីទ ។​ល​។ ធានាថា ពួកគេ​ទទួលបាន​ចំណេះដឹង​ថ្មី​ជានិច្ច​។ តាមរយៈ​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​នេះដែរ លោក ធា គ្រុយ ពន្យល់ថា ខាង​ផ្នែក​គណៈ​គ្រូពេទ្យ​លោក​ក៏​នឹង​ពង្រឹង​ផ្នែក​នេះដែរ គឺ​មុន​បន្ត​អាជ្ញា​បណ្ណ​ដល់​គ្រូពេទ្យ​ណាមួយ គឺ​ខាង​គណៈ​គ្រូពេទ្យ​នឹង​រៀបចំ​វាស់​សមត្ថភាព​ទៅនឹង​កម្រិត​ពិន្ទុ​ណាមួយ​ជាមុនសិន​។ យ៉ាងណា នេះ​ជា​គម្រោង​ដែល​លោក ធា គ្រុយ លើកឡើងថា អាច​នឹង​ចាប់​ផ្តើមធ្វើ​នៅ​ឆ្នាំក្រោយ ឬ​ពីរ​ឆ្នាំ​ខាងមុខ​ទៀត​។​
 
​ទាក់ទង​នឹង​ការសង្គ្រោះ​បន្ទាន់ និង​ជំងឺ​ធ្ងន់​នេះដែរ លោក ធា គ្រុយ មើលឃើញថា លទ្ធភាព​នៃ​ការជួយ​សង្គ្រោះ​របស់​គ្រូពេទ្យ​ខ្មែរ​បច្ចុប្បន្ន​កាន់តែ​ល្អប្រសើរ បូករួម​និង​សម្ភារ​កាន់តែ​ទំនើប ដែល​ការណ៍​នេះ​បានរួម​ចំណែក​ជាមួយ​ក្រសួងសុខាភិបាល ក្នុងការ​កាត់បន្ថយ​អត្រា​មរណភាព​ទារក និង​កុមារ បាន​មួយចំណែក​ធំ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com