ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែខាងមុខនេះ ខេត្តព្រៃវែង សៀមរាប ស្ទឹងត្រែង រតនគីរី និងភ្នំពេញ រួមគ្នារៀបចំការប្រណាំងទូក«ង» និងមានការតាំងពិពរណ៍លក់សម្ភារដែលជាផលិតផលខ្មែរផងដែរ។
ខេត្តព្រៃវែង នឹងប្រារព្ធពិធីប្រណាំងទូកង នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិចិ្ឆកា នៅទន្លេអ្នកលឿង ដើម្បីសាទរ ការបំបែកឯកទគ្គកម្មទូកងវែងជាងគេលើពិភពលោក។
តាមរយៈរដ្ឋបាលខេត្តព្រៃវែងដែលបានស្រង់សម្តីរបស់អភិបាលខេត្តព្រៃវែង លោក ជា សុមេធីថា៖«ដើម្បីលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាឲ្យមានមុខមាត់នៅលើឆាកអន្តរជាតិ យើងរៀបចំកម្លាំងទូក ឲ្យបានល្អ ដើម្បីអុំបង្ហាញទៅគណៈកម្មការក្រុមការងារ ឯកទគ្គកម្មពិភពលោក Guinness World Records ពិនិត្យ និងវាយតម្លៃ ដើម្បីដាក់បញ្ចូលឯកទគ្គកម្ម សម្រាប់ទូក«ង» វែងជាងគេលើពិភពលោក»។
នៅតាមដងស្ទឹងខេត្តសៀមរាបឯណោះវិញ ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ខេត្តសៀមរាប នឹងមានការប្រណាំងទូក«ង» នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា។ នេះបើតាមការផ្សាយដំណឹងនៅថ្ងៃទី២២ ខែតុលា របស់រដ្ឋបាលខេត្តសៀមរាប។
រីឯខេត្តស្ទឹងត្រែង ក៏នឹងរៀបចំការប្រណាំងទូក«ង» និងកម្មវិធីកីឡា សិល្បៈតន្ត្រី និងផ្ទាំងទស្សនីយភាពផ្សេងៗផងដែរ ដើម្បីបង្កើតកម្មវិធីកម្សាន្ត សប្បាយរីករាយទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ។ រដ្ឋបាលខេត្តស្ទឹងត្រែង អំពាវនាវឲ្យសាធារណជន ចូលរូមឲ្យបានអធិកអធម ដើម្បីរួមចំណែកលើកកត្តិយស កិត្យានុភាព និងសក្តានុពុលខេត្តស្ទឹងត្រែង។
ដោយឡែកអភិបាលខេត្តរតនគីរី នឹងប្រារព្ធពិធីបុណ្យអុំទូក នៅបរិវេណបឹងកន្សែង ក្រុងបាលុង និងមានការតាំងបង្ហាញផលិតផលនានា ការប្រគុំតន្រី និងបាញ់កាំជ្រួច ដើម្បីឲ្យបរិយាកាសកាន់តែសប្បាយរីករាយ នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៨។
បើក្រឡេកទៅរាជធានីភ្នំពេញវិញ តែងតែប្រារព្ធពិធីបុណ្យអុំទូក ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីកីឡាករប្រណាំងទូកគ្រប់បណ្តាខេត្ត ដែលមកអុំទូកប្រណាំងគ្នានៅទន្លេចតុមុខ និងទស្សនាការបណ្តែតប្រទីប បន្ទាប់ពីប្រណាំងទូករួច។
ក្នុងពិធីប្រណាំងទូកនៅថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា នៅមុខបរមរាជវាំងនេះ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងមកទតការប្រណាំងទូក«ង» រូមទាំងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ផងដែរ។
ជាមួយគ្នាផងដែរ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់បន្ទប់ទឹកសាធារណៈចំនួន២០បន្ទប់ រួមទាំងបន្ទប់ទឹកជនពិការចំនួន១បន្ទប់ផងដែរ ដើម្បីត្រៀមដាក់នៅសួនច្បារព្រះនាងប្រាជ្ញាបារមី នាពិធីបុណ្យអុំទូក៕