អន្តរជាតិ
លទ្ធផល​បោះឆ្នោត​បង្គ្រប់​អាសនៈ​ជា​ស្នួរ​ជួង​សម្រាប់​បក្ស​លោកស្រី ស៊ូ​ជី មុន​ការបោះឆ្នោត​សាកល​ឆ្នាំ​២០២០
05, Nov 2018 , 12:07 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី អង្គុយនៅក្នុងសន្និសីទសន្តិភាព Panglong សតវត្សរ៍ទី២១  (រូបភាព៖ AFP)
លោកស្រី អ៊ុងសាន ស៊ូជី អង្គុយនៅក្នុងសន្និសីទសន្តិភាព Panglong សតវត្សរ៍ទី២១ (រូបភាព៖ AFP)
​លទ្ធផល​នៃ​ការបោះឆ្នោត​បំពេញ​អាសនៈ​ថ្ងៃអាទិត្យ​ទី ៤ ខែ វិច្ឆិកា​ក្លាយជា​រឿង​ខកចិត្ត​មួយ​សម្រាប់​បក្ស​កាន់អំណាច សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។ វា​ក៏​ក្លាយជា​មេរៀន​មួយ​ដ៏​សំខាន់ ក៏ដូចជា​សញ្ញា​ប្រកាសអាសន្ន​សម្រាប់​គណបក្ស​នេះ មុន​ការបោះឆ្នោត​សភា​មកដល់​ឆ្នាំ ២០២០​ខាងមុខ​។


 
​អាសនៈ​សភា​សរុប​ទាំងអស់ ១៣ មាននៅ​ក្នុង​រដ្ឋសភា​ផង ព្រឹទ្ធសភា​ផង និង​សភា​ថ្នាក់​តំបន់​ផង​នោះ​ត្រូវបាន​ដាក់​ឲ្យ​គណបក្ស​ប្រកួតប្រជែង​គ្នា​ក្នុងការ​បោះឆ្នោត​បំពេញ​អាសនៈ​នា​ចុង​សប្តាហ៍​នេះ​។ ចំណែក​ក្នុងចំណោម ១៣  អាសនៈ​ចំនួន ១១ នៅ​ទំនេរ​ដោយសារតែ​តំណាងរាស្ត្រ​បាត់បង់​ជីវិត​ពេល​កំពុង​បំពេញភារកិច្ច​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លទ្ធផល​បឋម​បានបង្ហាញ​ឲ្យ​ឃើញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​(NLD) ដែលជា​បក្ស​កាន់អំណាច​នោះបាន​ធ្លាក់​ប្រជាប្រិយភាព​ដោយ​ដណ្តើមបាន​អាសនៈ​ត្រឹម​ប្រាំពីរ​ក្នុងចំណោម​អាសនៈ​១៣​ប៉ុណ្ណោះ​។​
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​លោក Myo Nyunt បានទទួល​ស្គាល់​លទ្ធផល និង​បរាជ័យ​របស់​គណបក្ស​ខ្លួន​ដែរ បន្ទាប់ពី​ការបោះឆ្នោត​រៀបចំ​ចប់សព្វគ្រប់ និង​មានការ​រាប់​សន្លឹកឆ្នោត​ជា​បន្តបន្ទាប់​នោះ​។​
 
«​ឥឡូវនេះ យើង​បានឈ្នះ​អាសនៈ​សរុប​ត្រឹម​ប្រាំពីរ ហើយ​យើង​ចាញ់​អស់​ប្រាំមួយ​ឯណោះ​»​។ អ្នកនាំពាក្យ​ខាងលើ​និយាយ​ដូច្នេះ​។ 
​អ្នកនាំពាក្យ​ខាងលើ​ជឿជាក់ថា គណបក្ស​លោក​បាន​បាត់បង់​អាសនៈ​ច្រើន​ដោយសារ​ប្រជាជន​ជាពិសេស​ប្រជាជន​ជា​ជនជាតិភាគតិច និង​មន្ត្រី​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ជំនឿ​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ជាពិសេស​ការធានា​កិច្ចចរចា​សន្តិភាព​នោះ​។​
 
​គណបក្ស​របស់លោក​ស្រី​ទីប្រឹក្សា​រដ្ឋ  ស៊ូ​ជី សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី និង​បាន​ឡើងកាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ពេញលេញ​មួយ​ក្នុង​ឆ្នាំ ២០១៥​។ ពេលនោះ​លោកស្រី​បាន​សន្យា​ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​រវាង​រដ្ឋាភិបាល​និង​ជនជាតិភាគតិច និង​បញ្ហា​ប្រឈម​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​ការដឹកនាំ​របស់លោក​ស្រី​ជាង​បី​ឆ្នាំ​មកនេះ​មិនបាន​សម្រេច​លទ្ធផល​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ឡើយ​។ 
 
​ត្រឡប់មកវិញ អាសនៈ​ទាំង​ប្រាំមួយ​ដែល​ធ្លាក់​ទៅ​កណ្តាប់ដៃ​បក្ស​ផ្សេង​នោះ​គឺមាន​បួន​ធ្លាប់ជា​អាសនៈ​ដែល​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​កាន់កាប់​ពីមុន​។ របាយការណ៍​បឋម​បង្ហាញថា គណបក្ស​រួបរួម​ជាតិ​និង​ការអភិវឌ្ឍ (USDP)​ស្និទ្ធ​នឹង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​នោះបាន​ដណ្តើមយក​អាសនៈ​ចំនួន​បី​ក្នុងចំណោម​អាសនៈ​ទាំង​ប្រាំមួយ​នោះដែរ​។​
​មេរៀន​ថ្មី​សម្រាប់​លោកស្រី ស៊ូ​ជី មុន​ការបោះឆ្នោត​សភា​មកដល់​
 
​គណបក្សកាន់អំណាច​បា​ត់​បង់​អាសនៈ​ច្រើន​ក្នុងការ​បោះឆ្នោត​បង្គ្រប់​អាសនៈ​លើក​នេះ ដ្បិតថា​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​កម្រិត​ទាប​នៅ​ស្ទើរ​គ្រប់​មណ្ឌល​ទាំងអស់​។ អ្នកជំនាញ​មើលឃើញថា ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រហែលជា​មិន​ពេញ​ចិត្តនឹង​រឿងរ៉ាវ​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​របស់​បក្ស​កាន់អំណាច ក្រៅពី​គោលនយោបាយ​ជំរុញ​ការចរចា​សន្តិភាព​នេះ​។​
​ទីមួយ គឺ សមត្ថភាព​និង​លទ្ធភាព​របស់​រដ្ឋាភិបាល​ស៊ី​ល​វិល​ក្នុង​ការតស៊ូ​មតិ​ការពារ​សេរីភាព​សារព័ត៌មាន​។ ការចាប់ខ្លួន និង​កាត់ទោស​អ្នកសារព័ត៌មាន Reuters ឲ្យ​ជាប់គុក​ប្រាំពីរ​ឆ្នាំកន្លងមក​ជា​រឿងចម្រូងចម្រាស​បំផុត ហើយ​លោកស្រី​មិនបាន​បញ្ចេញមតិ​ណាមួយ​ទាល់តែសោះ​ដើម្បី​ជួយ​ការពារ​អ្នកកាសែត​ទាំងពីរ​ក្នុងនាម​ជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា​។​
 
​ក្រៅពី​រឿង​សិទ្ធិមនុស្ស​ក្នុងស្រុក លោកស្រី ស៊ូ​ជី​នេះ​ទៀតសោធ​ក៏​រង​ការ​ថ្កោលទោស​និង​ការរិះគន់​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ដោយ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ គណៈកម្មការ​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ​បាន​អះអាងថា ករណី​បំពាន​សិទ្ធិមនុស្ស​នៅ​រដ្ឋ​រ៉ា​ក់​ខាន​ប្រ​ឆាំ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ាក​ន្ល​ង​មក គឺ​អាចជា​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ និង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផង​។ បច្ចុប្បន្ន​ប្រជាជន​មិនតិចជាង ៧០​ម៉ឺន​នាក់​ឡើយ​ដែល​បាន​រត់​ភៀសខ្លួន​នៅ​ជ្រកកោន​នៅ​បង់​ក្លា​ដែ​ស​ចាប់ពី​មានការ​បង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ខែសីហា​ឆ្នាំមុន​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ ថ្វីបើ​ការបោះឆ្នោត​បំពេញ​អាសនៈ​មិន​បណ្តាល​ឲ្យ​មានការ​ប្រែប្រួល​តុល្យភាព​អំណាច​ក្នុង​មី​យ៉ាន់​ម៉ា ឬ​មាន​គ្រោះថ្នាក់​សម្រាប់​គណបក្ស​លោកស្រី ស៊ូ​ជី ក្តី វា​ជា​ជួង​ដាស់​អារម្មណ៍​។ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា គណបក្ស​លោកស្រី​នឹង​ឈានទៅ​បាត់បង់​ការគាំទ្រ​កាន់តែច្រើន​នៅក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ ២០២០​ខាងមុខនេះ​ផង បើសិនជា​គណបក្ស​នេះ​មិនអាច​កែប្រែ​ការ​របៀប​ដឹកនាំ និង​គោលនយោបាយ​របស់ខ្លួន​មួយចំនួន​មុន​ការបោះឆ្នោត​មកដល់​ទេនោះ​៕
 

Tag:
 ​មី​យ៉ាន់​ម៉ា​
  បោះឆ្នោត​បង្គ្រប់​អាសនៈ​
  អ៊ុង​សាន ស៊ូ​ជី​
© រក្សាសិទ្ធិដោយ thmeythmey.com