អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ ប្រទេស​ខ្លះ​គួរ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​ខ្លួនឯង ជាង​រិះគន់​ចំណុចខ្សោយ​អ្នកផ្សេង​
05, Nov 2018 , 8:59 pm        
រូបភាព
លោក ស៊ី ជិនភីង ថ្លែងក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិ (រូបភាព AFP)
លោក ស៊ី ជិនភីង ថ្លែងក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិ (រូបភាព AFP)
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បាន​បើកសម្ពោធ​ពិព័រណ៍​នាំចូល​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​សៀង​ហៃ​។ ពិព័រណ៍​អន្តរជាតិ​លើកទីមួយ​នេះ មាន​គោលដៅ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុង​ប៉េកាំង​ក្នុង​ការបន្ត​បើកចំហ​ទីផ្សារ​របស់ខ្លួន​សម្រាប់​ការវិនិយោគ​ពី​បរទេស និង​ការគាំទ្រ​ចរន្ត​ពាណិជ្ជកម្ម​សាកល​ក្នុង​យុគសម័យ​ដែល​គំនិត​គាំពារ​និយម​កំពុង​លេច​ជា​រូបរាង​។ លោក ស៊ី ក៏​ឆ្លៀត​និយាយ​ដៀមដាម​ដាក់​អាមេរិក​ដែល​កំពុង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ផង​។​

 
​ចិន នឹងមិន​បិទទ្វារ​ឡើយ តែ​នឹង​បើកចំហ​កាន់តែ​ធំ​សម្រាប់​ពិភពលោក​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកទីមួយ​នៅ​ទីក្រុង​សៀង​ហៃ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​។ មេដឹកនាំ​ប្រទេស​ជាច្រើន រួមទាំង​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ផង​នោះ បាន​ចូលរួម​ក្នុង​កម្មវិធី​ដែល​ក្រុង​ប៉េកាំង​អះអាងថា ជា​ពិព័រណ៍​រៀបចំ​ដោយ​ចិន តែ​ជា​របស់​ពិភពលោក​ទាំងមូល ប៉ុន្តែ​គេ​មិនឃើញ​មាន​ប្រតិភូ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។​
 
​ចំពោះមុខ​អ្នកចូលរួម​ជាច្រើន លោក ស៊ី បានប្រកាស​ពី​វិធានការ​ក្នុងការ​បង្កើន​ការប្រើប្រាស់​ទំនិញ​នាំចូល​ពី​សំណាក់​អ្នក​ប្រើ​ក្នុងស្រុក បន្ទាប​របាំង​ពន្ធគយ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការឆ្លងកាត់​គយ និង​ដាក់ពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​លើ​ករណី​លួច​កម្មសិទ្ធិបញ្ញា និង​ជំរុញ​បរិយាកាស​ធុរកិច្ច​ស្តង់ដា​ពិភពលោក​ទៀតផង​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​រដ្ឋ​ចិន Xinhua លោក ស៊ី ចាត់ទុក​សេដ្ឋកិច្ច​ចិន ជា​សមុទ្រ មិនមែន​ត្រពាំង​ឡើយ ព្រោះ​ព្យុះ​អាច​បង្កបញ្ហា​ក្នុង​ត្រពាំង តែ​សមុទ្រ​ក្នុង​មិនអាច​ឡើយ​។​
 
​ដោយ​មិន​សំដៅចំ​ឈ្មោះ​អាមេរិក មេដឹកនាំ​ចិន​រូបនេះ​ក៏​រិះគន់​ចរន្ត​គាំពារ​និយម ឯកោ​និយម និង នយោបាយ​ប្រឈមមុខគ្នា​។ លោក ស៊ី បាន​ប្រាប់​ឲ្យ​ប្រទេស​ខ្លះ​ត្រូវ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​របស់ខ្លួន និង​ជំរុញ​បរិយាកាស​រកស៊ី​របស់​ខ្លួន ជាជាង​រិះគន់​អ្នកដទៃ​។ ត្រង់ចំណុច​នេះ ប្រធានាធិបតី​ចិន​អះអាងថា ប្រទេស​ទាំងអស់​មិនគួ​រ​ចង្អុលមុខ​គេ​ដើម្បី​បិទបាំង​កំហុស​ខ្លួន​ឡើយ ហើយក៏​មិន​ធ្វើ​អ្វី​សោះ ក្រៅពី​រិះគន់​ចំណុចខ្សោយ​គេ និង​ភ្លេច​កំហុស​ខ្លួនឯង​ដែរ​។​
 
​តាម​អ្នករៀបចំ​កម្មវិធី​នេះ ក្រុមហ៊ុន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​មាន​ច្រើនជាង​៣​ពាន់ មកពី​ប្រទេស​១៣០​មក​អាមេរិក អឺរ៉ុប និង​ប្រទេស​នានា​របស់​អាស៊ី​។ ទោះជា​គ្មាន​មន្ត្រី​អាមេរិក​ចូលរួម ក្រុមហ៊ុន​យក្ស​អាមេរិក​ជាច្រើន​សុទ្ធតែ​បានបង្ហាញ​ផលិតផល​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​ចិន​ដូចជា General Motors, Ford, Microsoft, Walmart និង Tesla ជាដើម​។ លោក ស៊ី បាន​ហៅ​ពិព័រណ៍​នេះ ជា​ឆន្ទៈ​របស់​ចិន​ក្នុងការ​កាត់បន្ថយ​តុល្យភាព​ពាណិជ្ជកម្ម​លើស​ជាមួយ​ប្រទេស​ផ្សេង​ដែរ​។​
 
​ពាក្យសន្យា​របស់លោក ស៊ី ធ្វើឡើង​ស្របគ្នា​នឹង​ការកើនឡើង​ពាក្យរិះគន់​របស់​ធុរកិច្ច​អន្តរជាតិ​ដែល​កំពុង​រកស៊ី​នៅ​ចិន​ជុំវិញ​នយោបាយ​លម្អៀងរ​បស់​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​។ ក្រុមហ៊ុន​បរទេស​ជាច្រើន​តវ៉ា​ខ្លាំង​ពាក់ព័ន្ធ​នយោបាយ​របស់​ក្រុង​ប៉េកាំង​ដូចជា​ការតម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ការបង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា និង​ការបំពាន​កម្មសិទ្ធិបញ្ញា​ធ្ងន់ធ្ងរ​ជាដើម​។ គេ​មិនដឹងថា សម្ដី​របស់លោក ស៊ី ពេលនេះ អាច​រំងាប់​ពាក្យរិះគន់​បាន​ឬ​យ៉ាងណា​ឡើយ​៕
 

Tag:
 ​ចិន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com