ជាតិ
អាមេរិក​ផ្ដល់ជំនួយ​ផ្នែក​វប្បធម៌ ២០​ម៉ឺន​ដុល្លា​ដល់​កម្ពុជា សម្រាប់​ការអភិរក្ស​ប្រាសាទបុរាណ​
05, Nov 2018 , 4:09 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក និង​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ចំនួន​ពីរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ រវាង​ភាគី​ទាំងពីរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

 
​កិច្ចព្រមព្រៀង​ទាំងពីរ​រួមមាន ការដាក់​កម្រិត​ហាម​ប្រាណ​នូវ​ការ​នាំចូល​ប្រភេទ​វត្ថុ​បុរាណ​របស់​កម្ពុជា ក្នុង​រយៈពេល​ឆ្នាំ​៥ (២០១៨ ដល់ ២០២៣) និង ការអភិរក្ស​ជណ្ដើរ​បុរាណ​ផ្នែក​ខាងជើង​របស់​ប្រាសាទព្រះវិហារ ក្នុង​ថវិកា​ចំនួន ២០​ម៉ឺន​ដុល្លារ ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន បាន​បន្ថែមថា អនុស្សារណៈ​នៃ​ការយោគយល់​នេះ មានបំណង​កាត់បន្ថយ​គំនិត​អវិជ្ជមាន​របស់​ជន​ទុច្ចរិត ដែល​ចង់​លួច​ប្លន់​ប្រភេទ​វត្ថុ​បុរាណ តំណាង​ឲ្យ​កេរដំណែល​វប្បធម៌​ដ៏​មានតម្លៃ​និង​សម្បូរបែប​របស់​កម្ពុជា ដែលមាន​តម្លៃ​មិនអាច​រក​អ្វី​ជំនួស​បាន​។ 
 
«​ដោយ​អនុលោម​ទៅតាម​ច្បាប់​របស់ខ្លួន រួមមាន​អនុសញ្ញា​ស្តីពី​ច្បាប់​អនុវត្ត​លើ​សម្បត្តិ​វប្បធម៌ រដ្ឋាភិបាល​អាមេរិក​នឹងធ្វើ​ការ​រិត​ត្បិត​លើ​ការនាំ​ចូល​នូវ​វត្ថុ​បុរាណ​មួយចំនួន គិត​ចាប់ពី​យុគសម័យ​សំរឹទ្ធ​(​ឆ្នាំ​១៥០០​មុន​គ្រិស្តសករាជ​) ដល់ យុគសម័យ​ខ្មែរ (​ឆ្នាំ​១៦០០ ក្រោយ​គ្រិស្តសករាជ​) ដែលមាន​ប្រភេទ​ថ្ម លោហធាតុ កុលាលភាជន៍ កែវ និង​ឆ្អឹង​មួយចំនួន ដែល​ត្រូវ​បានកំណត់​ភិនភាគ​ដោយ​រដ្ឋាភិបាល​អាមេរិក ល្គឹកណា​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​អាជ្ញា​បណ្ណ​មួយ​បញ្ជាក់ថា ការនាំចេញ​បែបនេះ មិន​រំលោភ​ទៅលើ​ច្បាប់​របស់ខ្លួន​ទេ​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​
 
​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្នែក​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ នឹង​ប្រា​ព្ធ​ធ្វើ​នៅ​ថ្ងៃទី​៦ ខែ វិច្ចិកា  នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​៕ 
​ 

Tag:
 ​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com