អន្តរជាតិ
កោះ​ប៉ាស៊ីហ្វិក New Caledonia បោះឆ្នោត​ជ្រើសរើស​ការបន្ត​រស់​ក្រោម​អាណាព្យាបាល​របស់​បារាំង​
05, Nov 2018 , 10:19 pm        
រូបភាព
​ប្រជាជន​នៃ​កោះ​ប៉ាស៊ីហ្វិក New Caledonia បានសម្រេច​ជ្រើសរើស​ការបន្ត​រួមរស់​ជាមួយ​បារាំង ក្នុងការ​បោះឆ្នោត​ប្រជាមតិ​មួយនា​ថ្ងៃអាទិត្យ​ទី ៤ ខែវិច្ឆិកា​។ រដ្ឋាភិបាល​បារាំង​បង្ហាញ​ការ​ត្រេកអរ និង​ថ្លែងអំណរគុណ​ដល់​ប្រជាជន New Caledonia ដែល​ជ្រើសរើស​ផ្លូវ​ដើរ​រួមជាមួយ​បារាំង​ឆ្ពោះទៅ​អនាគត​។


 
​លទ្ធផល​នៃ​ប្រជាមតិ​បង្ហាញថា ប្រជាជន New Caledonia ប្រហែល ៨០,៦៣ ភាគរយ​បាននាំគ្នា​ទៅ​បោះឆ្នោត ហើយ​ក្នុងចំណោម​នោះ ៥៦,៤​ភាគរយ​ដែល​ទាត់ចោល​សំណើរ​ប្រកាស​ឯករាជ្យ​របស់​ទឹកដី​មួយ​នេះដែរ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP គេ​ធ្លាប់​ព្យាករ​ថា ចំនួន​អ្នក​ទាត់ចោល​សំណើរ​ប្រកាស​ឯករាជ្យ​នៃ​ទឹកដី New Caledonia ដែល​មានផ្ទៃដី ១៨៥៧៦ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជិតបីសែនាក់ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៨០០០​គីឡូម៉ែត្រ​ពី​ប្រទេស​បារាំង​នេះ អាច​នៅ​ចន្លោះ ៦៣​ទៅ ៧៥​ភាគរយ​ឯណោះ​។ ប៉ុន្តែ​ជាក់ស្តែង​វា​ស្ថិតនៅ​កម្រិត​ទាប​ជាង​ការរំពឹងទុក​ឆ្ងាយ​។ 
 
​យ៉ាងណាក៏ដោយ បន្ទាប់ពី​បានដឹង​លទ្ធផល ប្រមុខរដ្ឋ​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានចេញ​មុខ​សាទរ​ប្រជាជន​ណ New Caledonia ដែល​ជ្រើសរើស​ការរួមរស់​ជាមួយ​បារាំង ហើយ​លោក​ចាត់ទុកថា វា​បង្ហាញថា ប្រជាជន​នៅ​ទីនោះ​មាន​ជំនឿ​លើ​សាធារណរដ្ឋ​បារាំង មាន​ជំនឿ​លើ​អនាគត​ខ្លួន និង​តម្លៃ​របស់ខ្លួន​។
 
​នៅ​ថ្ងៃ​ចន្ទ​ទី ៥​ខែវិច្ឆិកា​នេះ នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe អញ្ជើញ​មកដល់​កោះ New Caledonia ហើយ​លោក​នឹង​ជួប​ជាមួយ​បណ្តា​ក្រុម​អ្នកនយោបាយ​ទាំងពីរ​ខាង​ទាំង​ក្រុមគាំទ្រ​ការប្រកាស​ឯករាជ្យ និង​ក្រុម​អ្នកគាំទ្រ​ការរួម​រស់នៅ​ជាមួយ​បារាំង​។​
 
​មុន​ការធ្វើ​ប្រជា​តិ​បារាំង​បារម្ភ​ខ្លាំង​ព្រោះ​បើ​មានការ​ប្រកាស​ឯករាជ្យ​មែន​វា​ជាការ​បាត់បង់​មួយ​ដ៏​ធំ​។ ប៉ុន្តែ លទ្ធផល​ដែល​បង្ហាញថា ការគាំទ្រ​ឲ្យ​ទឹកដី​នេះ​បន្ត​រួមរស់​ជាមួយ​បារាំង​ស្ថិតនៅក្រោម​កម្រិត​ទាប​នេះ​នៅតែ​ធ្វើ​ឲ្យ​បារាំង​ខ្វាយខ្វល់​ខ្លាំង​នៅឡើយ ព្រោះ​ការរៀបចំ​ប្រជាមតិ​ជាថ្មីទៀត​នឹង​កើតឡើង​នៅពេល​ខាងមុខ​។ 
 
​ក្រោម​កិច្ចព្រមព្រៀង Noumea ឆ្នាំ ១៩៩៨ រដ្ឋាភិបាល​បារាំង​បានធ្វើ​វិមជ្ឈការ​អំណាច​ដល់​ទឹកដី​មួយ​នេះ ដែល​វា​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការរៀបចំ​បោះឆ្នោត​ប្រជាមតិ​ប្រហែល​ពីរ​ផ្សេងទៀត​ត្រឹម​ឆ្នាំ ២០២២​ខាងមុខ​ដែរ​។ 
 
​ក្រោយ​ការបោះឆ្នោត មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ (FLNKS) លោក Alosio Sako បាន​និយាយ​ដូច្នេះ​៖«​យើង​មិនអាច​រក​សំឡេងគាំទ្រ​គ្រប់​ចំនួន​ដើម្បី​ប្រកាស​ឯករាជ្យ​បាន ប៉ុន្តែ​យើង​នៅសល់​ការបោះឆ្នោត​ពីរដង​ទៀត​នៅពេល​ខាងមុខនេះ​»​។​
 
-​ជនជាតិភាគតិច​នៅ New Caledonia ចង់បាន​សិទ្ធិ​ស្វ័យ​សម្រេច 
​តាមពិតទៅ​កោះ New Caledonia  ត្រូវបាន​ដាក់ឈ្មោះ​បែបនេះ​ដោយ​នាវិក​អង់គ្លេស James Cook ឆ្នាំ ១៧៧៤ ប៉ុន្តែ​នៅ​ឆ្នាំ ១៨៥៣ កោះ​នេះ​ត្រូវបាន​ព្រះ​ចៅ ណាប៉ូលេអុង​ទី បី ដណ្តើមយក និង​ដាក់​ទឹកដី​នេះ​ក្រោម​អាណាព្យាបាល​បារាំង​តែម្តង​។ អ្វីដែល​សំខាន់ កោះ​ប៉ាស៊ីហ្វិក​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ទឹកដី​មួយ​ក្នុងចំណោម​ទឹកដី​ដែល​សម្បូរ​ដោយ​រ៉ែ​ដ៏​កម្រ «​នី​កែ​ល​»​ច្រើនជាងគេ​លើ​លោក​ផង​។​
 
​ក្រៅពី​រ៉ែ​មានតម្លៃ និង​សម្បូរ​ធនធាន​សមុទ្រ កោះ​ប៉ាស៊ីហ្វិក​មួយ​នេះ​ជាទី​តាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​បារាំង​ដែរ​ព្រោះ មហាអំណាច​អឺរ៉ុប​នេះ​មាន​កងទ័ព​ឈរជើង​នៅ​ទីនោះ​ដើម្បី​រក្សា​ឥទ្ធិពល​របស់ខ្លួន​។ ការបន្ត​រក្សា​កោះ New Caledonia ក្រោម​អាណាព្យាបាល​របស់ខ្លួន​ក៏​អនុញ្ញាត​ឲ្យ​បារាំង​អាច ស្រប​ពេលដែល​ឥទ្ធិពល​របស់​ចិន​កើនឡើង​ឥត​ឈប់​នៅតាមណ្តា​កោះ​។
 
​ដោយឡែក បញ្ហា​ប្រឈម​ដូចជា​អត្រា​អ្នកគ្មានការងារ​ច្រើន បញ្ហា​ក្នុង​វិស័យ​អប់រំ កំណើន​បទឧក្រិដ្ឋ​ជាដើម​នោះ​ជា​ហេតុផល​សំខាន់​នៃ​ពីក្រោយ​ចលនា​ទាមទារ​ផ្តាច់ខ្លួន​ពី​បារាំង​ដែរ​។ អ្នកគាំទ្រ​ការទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ប្រកាស​ឯករាជ្យ​នេះ​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច Kanak​។ ប្រជាជន Kanak ប្រឈម​បញ្ហា​ដូច​រៀបរាប់​ខាងលើ​ជាពិសេស​មិនបាន​ទទួល​ប្រយោជន៍​ច្រើន​ផ្នែក​សេដ្ឋកិច្ច​ដូច​ពួក​ស្បែក​ស​ឡើយ​។ ដោយហេតុនេះ ពួកគេ​ចង់​មាន​ប្រជាជាតិ​ផ្ទាល់ខ្លួន មាន​សិទ្ធិអំណាច​សម្រេច​កិច្ចការ​ដឹកនាំ​ប្រទេស ដោយ​មិន​រណប​ឬ​ស្ថិតក្រោម​អាណាព្យាបាល​នៃ​រដ្ឋការ​បារាំង​ដូច​បច្ចុប្បន្ន​ឡើយ​។ 
 
​កន្លងមក ក្រុម​មេដឹកនាំ​ចលនា​ផ្តាច់ខ្លួន​បាន​អំពាវនាវ​ឲ្យ​ប្រជាជន Kanak ជ្រើស​រើសយក​សិទ្ធិ​ស្វ័យ​សម្រេច​ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា «Kanaky» ជំនួស​ឲ្យ​ឈ្មោះ New Caledonia​។ គេ​អះអាងថា វា​ជាការ​បញ្ចប់​រាល់​កម្អែល​នៃ​អាណានិគម​បារាំង​កន្លងមក​។  
 
​ចំណែក​អ្នក​ចង់​ឲ្យ​ទឹកដី​នេះ​បន្ត​ស្ថិតក្រោម​អាណាព្យាបាល​បារាំង​គឺ ក្រុម​ប្រជាជន​ស្បែក​ស​ដែល​ទើប​ចូលមក​រស់នៅក្នុង​ទឹកដី New Caledonia បន្ទាប់ពី​បារាំង​ដាក់​ទឹកដី​នេះ​ក្រោម​ឧបសម្ព័ន្ធ​ខ្លួន​ឆ្នាំ ១៨៥៣​មក​នោះ​។ 
 
​ជំហរ​ផ្សេងគ្នា​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រវាង​ជនជាតិ រួមជាមួយ​ការប្រឈមមុខគ្នា​ខ្លាំង និង​បណ្តាល​ឲ្យ​មាន​ហិង្សា​ប្រឆាំង​គ្នា​ដែរ​។ ក្នុងពេល​ប្រជាមតិ​ចាប់ផ្តើម​ម្សិលមិញ ខាង​ប៉ូលិស​បាន​អះអាងថា ករណី​ដុត​កម្ទេច​រថយន្ត​ច្រើន​កន្លែង​បានកើត​ឡើង ហើយ​មានការ​គប់​ដុំថ្ម​ដាក់គ្នា​ទៀត​។ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ប្រជាមតិ​ឡើយ​។​
​បើទោះជា​មាន​ជំហរ​ផ្សេងគ្នា​ក៏ដោយចុះ រដ្ឋាភិបាល​បារាំង​នៅតែមាន​តួនាទី​ចម្បង​ក្នុង​ការដឹកនាំ​និង​គ្រប់គ្រង​កោះ​មួយ​នេះ ព្រោះ​រៀងរាល់ឆ្នាំ​បារាំង​ចំណាយលុយ​ប្រហែល​១,៥​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ទ្រទ្រង់​ការអភិវឌ្ឍ​នៃ​កោះ​មួយ​នេះ​។ បើសិនជា​ផ្តាច់ខ្លួន​ពី​បារាំង អនាគត​នៃ​កោះ New Caledonia នឹង​កាន់តែ​ស្រពេចស្រពិល ព្រោះ​កោះ​នេះ​នឹងត្រូវ​ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​រក្សា​លំនឹង​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ផ្សេងទៀត​ដែរ​៕
 
 

Tag:
 New Caledonia
  បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com