កីឡាជាតិ
ជាតិ
ក្លិប​ណាហ្គា​វើ​ល​ដែល​យក​ខេត្តកំពង់ស្ពឺ​ធ្វើជា​មូលដ្ឋាន បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​
05, Nov 2018 , 5:41 pm        
រូបភាព
ដោយ:
​ក្លិប​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨ ណាហ្គា​វើ​ល បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក ដើម្បី​ចែករំលែក​បទពិសោធ និង​យុទ្ធសាស្ត្រ​ពី​ការ​បង្វឹក​សិស្ស ដល់​គ្រូបង្វឹក​មកពី​តាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ក្នុង​ខេត្តកំពង់ស្ពឺ​។ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្រោយ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​«​អភិវឌ្ឍន៍​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​» កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ណាហ្គា​វើ​ល ដែល​ពុំមាន​ទីលាន​ផ្ទាល់ខ្លួន បានប្រកាស​យក​ខេត្តកំពង់ស្ពឺ​ធ្វើជា​មូលដ្ឋាន​។

 
 
​ក្រោយ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​«​អភិវឌ្ឍន៍​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​»​ដែលជា​ការសហការ​រ​វាង​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្លិប​ណាហ្គា​វើ​ល​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន​ជា​លើកដំបូង​។ ការរៀប​ចំនេះ គឺ​ដើម្បី​បង្ហាត់បង្ហាញ​ពី​យុទ្ធសាស្ត្រ និង​បច្ចេកទេស​បង្វឹក​សិស្ស ដល់​គ្រូបង្វឹក​ក្នុង​ខេត្តកំពង់ស្ពឺ ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា ពិសេស​ក្នុង​ខេត្ត​នេះ​តែម្តង​។ 
 
​វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំ​ពីថ្ងៃ​ទី​១-៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយមាន​សិក្ខាកាម​ជា​គ្រូបង្វឹក​មកពី​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំង​ខេត្ត​ចំនួន​១២០​នាក់​ចូលរួម​។ សិក្ខាកាម​ទាំងនេះ​ទទួលបាន​ការបង្ហាត់បង្រៀន​ពី​អ្នកជំនាញ កីឡាករ និង​គ្រូបង្វឹក​របស់​ក្លិប​ណាហ្គា​វើ​ល ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨​។ 


 
​លោក មាស ចាន់ណា គ្រូបង្វឹក​ណាហ្គា​វើ​ល និង​ជា​គ្រូឧទ្ទេស​បាន​និយាយថា វគ្គ​បណ្តុះបណ្តាល​នេះ ផ្តោត​សំខាន់​លើ​ការរៀបចំ​ផែនការ​ក្នុងការ​បង្វឹក ការរៀបចំ​ទីលាន និង​វិធីសាស្ត្រ​ក្នុងការ​បង្វឹក​។ ការផ្តោត​បែបនេះ ដោយសារ​លោក​យល់ថា សិក្ខាកាម​ទាំងនេះ​នៅ​ខ្សោយ​ផ្នែក​បទពិសោធ​ក្នុងការ​រៀបចំ​ផែនការ ទីលាន និង​ដំណើរការ​ក្នុងការ​ហ្វឹកហាត់​។  សម្រាប់​លោក មាស ចាន់ណា ការបណ្តុះបណ្តាល​ក្នុង​រយៈពេល​ជាង​៣​ថ្ងៃនេះ គឺ​មិន​គ្រប់គ្រាន់​នោះទេ ដោយ​លោក​ប្រៀបធៀប​ការ​បង្វឹក​បាល់ទាត់​ត្រូវការ​ពេល​ដូច​ការរៀនសូត្រ​ដែរ​។ 
 
«​រយៈពេល​ជាង​៣​ថ្ងៃ គឺ​ខ្លី​មែនទែន យើង​នឹង​ព្យាយាម​ឲ្យ​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ទៀត​។ ព្រោះ​ខ្ញុំ​គិតថា ពួកគាត់​មិនអាច​ក្រេបជញ្ជក់​បាន​ទាំងអស់​នោះទេ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ តែ​រំពឹងថា ពួកគាត់​នឹង​យល់​ហើយ​អាច​យកទៅអនុវត្ត ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស ចាន់ណា ដែល​រំពឹងថា ការបណ្តុះបណ្តាល​នេះ​នឹង​ទទួលលទ្ធផល​ល្អ តាមរយៈ​ការតាមដាន​របស់លោក​ក្រោយ​វគ្គ​បណ្តុះបណ្តាល​នេះ​។​
 
​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន​លើកដំបូង​ក្នុង​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ក្លិប​នេះ មាន​គម្រោង​យក​ខេត្ត​នេះ​ធ្វើជា​មូលដ្ឋាន​ហ្វឹកហាត់ និង​ប្រកួត​នា​ថ្ងៃ​អនាគត​។ ក្នុងន័យនេះ ក្លិប​ណាហ្គា​វើ​ល​ក្រោម​ការសហការ​ជាមួយ​រដ្ឋបាលខេត្ត នឹង​សាងសង់​ទីលាន​មួយ​នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ​។ តាមរយៈ​គម្រោង​សាងសង់​ទីលាន​នេះដែរ លោក មាស ចាន់ណា ជឿជាក់ថា ណាហ្គា​វើ​ល​នឹង​ទទួលបាន​គាំទ្រ​កាន់តែច្រើន​ពី​ទស្សនិកជន និង​ទាក់ទាញ​យុវជន​កាន់តែច្រើន​ឲ្យ​លេង​កីឡា​នេះ​។​


 
​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​បានចាត់ទុក​កម្មវិធី​អភិវឌ្ឍន៍​បាល់ទាត់​ខាងលើ​ថា ជា​ជំហាន​និង​ជា​ឱកាស​ថ្មី​សម្រាប់​យុវជន​ក្នុងការ​ប្រែ​មុខមាត់ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កំពង់ស្ពឺ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ជាមួយគ្នានេះ លោក​ជំរុញ​យុវជន​ក្នុង​ខេត្តកំពង់ស្ពឺ ខិតខំ​ព្យាយាម​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ដើម្បី​ចាប់យក​ឱកាស​ធ្វើជា​កីឡាករ​ជម្រើសជាតិ ដែល​តំណាង​ឲ្យ​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​
 
«​យើង​នឹង​ជំរុញ​ការសហការ​ឲ្យ​មានការ​សាងសង់​ទីលាន​បាល់ទាត់​កម្រិត​អន្តរជាតិ មិន​ឲ្យ​ចាញ់​ខេត្ត​ដទៃៗ​នោះទេ ណាមួយ​វា​ជាការ​ឈរជើង​របស់​ក្លិប​ណាហ្គា​វើ​ល​ផ្ទាល់​ផងដែរ​។ ដូច្នេះ​ចំពោះ​យើង​ជា​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ ត្រូវតែ​សហការ​រួមគ្នា​ឲ្យ​បានល្អ ពិសេស​អ្នកគ្រូ​និង​លោកគ្រូ និង​សិស្សានុសិស្ស​ក្នុងការ​លើកមុខ​មាត់​ខេ​ត្ត​លើ​ផ្នែក​វិស័យ​កីឡាបាល់ទាត់​»​។ ការលើកឡើង​បែបនេះ​របស់លោក ហ៊ុន ម៉ា​នី  ពេល​លោក​ធ្វើជា​ធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន និង​ប្រកាស​ដាក់​ឲ្យ​ដំណើរ​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ កម្មវិធី​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នេះ​មាន​រយៈពេល​២​ឆ្នាំ​៕   


 

Tag:
 បាល់ទាត់​
  ណាហ្គា​វើ​ល​
  កំពង់ស្ពឺ​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com