កីឡាជាតិ
ជាតិ
នយោបាយជាតិ
ថ្ងៃមុខ លោក ហ៊ុន ម៉ានី ចង់ឃើញតំណាងរាស្ត្រទាំងអស់នៅកំពង់ស្ពឺ ជាអ្នកកំពង់ស្ពឺតែម្តង លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ រូបថត ក្រសួងព័ត៌មាន
×
កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី សង្ឃឹមថា ទៅថ្ងៃអនាគត តំណាងរាស្ត្រប្រចាំនៅខេត្តកំពង់ស្ពឺ គឺជាអ្នក ដែលកើតនៅខេត្តនេះតែម្តង។ លោក យល់ថា ខេត្តមួយនេះ មានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីឈរឈ្មោះធ្វើជាតំណាងរាស្ត្រ។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេងម្នាក់ប្រចាំនៅខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា មានបំណងចូលរួមអភិវឌ្ឍលើវិស័យជាច្រើននៅខេត្តកំពង់ស្ពឺ។ ប៉ុន្តែ លោក បានបង្ហើបពីបំណងពីរសិន ក្នុងការអភិវឌ្ឍក្នុងខេត្តដែលលោក កំពុងជាប់ជាតំណាងរាស្ត្រនេះ គឺវិស័យនយោបាយនិងវិស័យបាល់ទាត់។
លោក ហ៊ុន ម៉ានី បានបង្ហាញបំណងទាំងពីរនេះ នៅក្នុងឱកាសដែលលោក ចូលរួមធ្វើជាអធិបតីនៃ «កម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ» នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងកម្មវិធីនេះ លោក បាននិយាយច្រើនពីវិស័យកីឡាបាល់ទាត់ ជាពិសេសផ្តោតលើកីឡាករក្នុងខេត្តកំពង់ស្ពឺ។ ប៉ុន្តែ លោក ក៏ឆ្លៀតនិយាយពីវិស័យនយោបាយបន្តិចដែរ។
ជាបំណងប្រាថ្នាមួយរបស់លោកនាពេលអនាគត គឺលោក ចង់ឃើញតំណាងរាស្ត្រទាំងអស់ប្រចាំនៅខេត្តកំពង់ស្ពឺ គឺជាបេក្ខជន ដែលចេញពីខេត្តនេះតែម្តង។ លោក ជឿជាក់ថា អ្នកខេត្តកំពង់ស្ពឺ មានសមត្ថភាពគ្រប់គ្រាន់ មានឆន្ទៈ និងមានក្តីស្រមៃ ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួន។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភារូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«អាណត្តិក្រោយៗ ពេលយើង រកឃើញបេក្ខជន ដែលចេញពីខេត្តកំពង់ស្ពឺ គឺយើងនឹងលើកទឹកចិត្តនិងបណ្តុះបណ្តាលពួកគាត់ ឲ្យក្លាយជាបេក្ខជនតំណាងរាស្ត្រឲ្យមណ្ឌលកំពង់ស្ពឺខ្លួនឯង»។
ប៉ុន្តែ លោក ហ៊ុន ម៉ានី បន្ថែមថា អាចមានឱកាសឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របាន លុះត្រាតែបុគ្គលនោះ មានសមត្ថភាពនិងចំណេះដឹងជ្រៅជ្រះ។ លោក សង្កត់ធ្ងន់បែបនេះថា៖«បើចំពោះខ្ញុំវិញ សំខាន់ធំណាស់ គឺជំហរ និងបេះដូងដើម្បីខេត្តកំពង់ស្ពឺ។ យើងមិនមែនចេះតែដាក់ទេ»។
ក្នុងនីតិកាលទី៦នេះ តំណាងរាស្ត្រប្រចាំនៅខេត្តកំពង់ស្ពឺ មាន៦រូប គឺលោក ហ៊ុន ម៉ានី លោក អ៊ូ សំអួន លោក សត្យា វុធ លោក សុខ ប៊ន លោក សំ រិទ្ធី និង លោក តុង សេង។
ចំណែកវិស័យកីឡាវិញ លោក ហ៊ុន ម៉ានី បានជំរុញឲ្យគ្រូបង្វឹកទាំងអស់ផ្នែកកីឡាបាល់ទាត់ ប្រឹងប្រែងបណ្តុះបណ្តាលកីឡាករក្នុងខេត្តកំពង់ស្ពឺ ឲ្យមានសមត្ថភាព ដើម្បីអាចឡើងទៅប្រកួតនៅថ្នាក់ជាតិ។ លោក មានសុទិដ្ឋិនិយមបែបនេះថា៖«អាច២ឆ្នាំ ឬទៅដល់៥ឆ្នាំខាងមុខទៀត យើង ប្រឹងប្រែងទាំងអស់គ្នា យូរៗទៅ គឺយើងអាចបណ្តុះជើងឯកនៅខេត្តកំពង់ស្ពឺ ដែលអាចធ្វើជាតំណាងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ហើយអាចធ្វើដំណើរទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ ហើយរឿងនេះ អ្នកកំពង់ស្ពឺអាចធ្វើបាន»។
លើសពីនេះ លោក ហ៊ុន ម៉ានី បានជំរុញឲ្យសាងសង់កីឡាដ្ឋានមួយ ដែលមានលក្ខណស្តង់ដារខ្ពស់នៅខេត្តកំពង់ស្ពឺ។ លោក បញ្ជាក់ថា៖«យើង មិនដល់ខ្នាតអន្តរជាតិទេ ហើយក៏មិនដល់ខ្នាតអូឡាំពិកនៅរាជធានីភ្នំពេញដែរ តែស្តង់ដារនៅខេត្តកំពង់ស្ពឺយើង មិនឲ្យចាញ់ខេត្តដទៃនោះទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com