ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​
05, Nov 2018 , 6:04 pm        
រូបភាព
លោក ប៊ុន ហុន (ស្តាំ) ជា​ប្រធាន និង​លោក ប្រាក់ សំអឿន ជា​អនុប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​
លោក ប៊ុន ហុន (ស្តាំ) ជា​ប្រធាន និង​លោក ប្រាក់ សំអឿន ជា​អនុប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​
ដោយ: រួបរួម
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។​

 
​សេចក្តីសម្រេច​ដែល​ធ្វើតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នេះ កំណត់​សមាសភាព​ចំនួន​៨​រូប ដែលមាន​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ជា​អនុប្រធាន​។​
 
​ក្រុមការងារ​នេះ មាន​សមាជិក​ចំនួន​៦​រូប ដែល​ក្នុងនោះ​មាន​លោក ហ៊​ន យុ​វនា អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម លោក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ លោក ឈឹម កាន អគ្គនាយករង និង​ជា​ប្រធាន​នាយក​ដ្ឋ​នា​កិច្ចការ​សមាគម និង​គណបក្សនយោបាយ រួមទាំង​តំណាង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​
 
​ក្រុមការងារ​នេះ ត្រូវបំពេញ​ការងារ​ខ្លួន តាម​ការណែនាំ និង​ដឹកនាំ​ផ្ទាល់​ពីស​ម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
​យោងតាម​មាត្រា​២​នៃ​សេចក្តីសម្រេច ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី ភារកិច្ច រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ​បញ្ហា​ប្រឈម​នានា​ដែល​សង្គម​ស៊ីវិល​ជួបប្រទះ​។​
​បន្ថែម​លើ​នេះ ក្រុមការងារ​ត្រូវ​ប្រមូល​ព័ត៌មាន និង​សិក្សា​អំពី​សំណ និង​សំណូមពរ​ផ្សេងៗ របស់​អង្គការ​សង្គម​ស៊ីវិល រួច​លើក​យោបល់​ទៅ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​ដោះស្រាយ​។ ជាមួយគ្នានេះ​ផងដែរ ក្រុមការងារ​មាន​តួនាទី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​អំពី​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត​៕

Tag:
 សង្គម​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com