ជាតិ
សង្គមជាតិ
សិស្ស​៣៨​នាក់​នៅ​កំពង់ធំ ដែល​ពុល​ចំណីអាហារ បាន​ធូរស្បើយ​ហើយ ខណៈ​សិស្ស​១០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​
06, Nov 2018 , 12:21 pm        
រូបភាព
រូបភាពពី​រដ្ឋ​បាល​ខេត្ត​កំពង់ធំ
រូបភាពពី​រដ្ឋ​បាល​ខេត្ត​កំពង់ធំ
ដោយ:
កំពង់ធំ​៖ សិស្ស​វិទ្យាល័យ​ពង្រ​ខេត្តកំពង់ធំ ដែល​បាន​ពុល​ចំណីអាហារ ចំនួន​៣៨​នាក់​បាន​ធូរស្រាល​ហើយ ខណៈ​សិស្ស​១០​នាក់​ទៀត កំពុងតែ​សម្រាក​ព្យាបាល​ឡើយ​ទេ​។ សិស្ស​ទាំងនេះ បាន​ពុល​ចំណីអាហារ កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា​នេះ ។ នេះ​បើតាម​អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ដែល​បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​។​

 
​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​និយាយថា មូលហេតុ​បឋម​ដែល​ធ្វើ​ឲ្យ​មាន​ការពុល​ចំណីអាហារ  ព្រោះ​ជា​ចំណីអាហារ​ដែល​ពុំមាន​អនាម័យ​ល្អ​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖ «​សិស្ស​ដែល​ពុល​ចំណីអាហារ​ទាំងនោះ ពុំបាន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ខ្លះ​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ខ្លះទៀត​សម្រាក​នៅ​មន្ទីរពេទ្យ​នៅឡើយ​។  ជាមួយគ្នា​ផងដែរ​យើង​ក៏បាន​ចុះទៅ​សួរសុខទុក្ខ និង​ចុះ​ណែនាំ​ដល់​ឱ​ពុក​ម្តាយ​ដើម្បី​អប់រំ​កូន​ឲ្យ​រក្សា​អនាម័យ និង​អប់រំ​សិស្ស​ប្រុងប្រយ័ត្ន​ចំពោះ​ចំណីអាហារ​»​។ 
 
​ចំពោះ​ចំណីអាហារ​ដែល​ធ្វើ​ឲ្យ​សិស្ស​ទាំងនោះ​ពុល ត្រូវបាន​គេ​យកមក​ធ្វើ​កោសល្យវិច័យ​នៅ​ភ្នំពេញ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​។ នេះ​បើតាម​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​។​
 
​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧ មាន​មនុ​ស្សពុល​អាហារ និង​ពុល​ស្រា សរុប​ចំនួន ៣,៨២៤​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ ៤៧​នាក់​។ ចំណីអាហារ​ដែល​ពុល​នោះ​មានដូចជា នំ​បញ្ចុក​, ត្រី​ក្រពត​,​ដំឡូងឈើ ចំណីអាហារ​ចម្រុះ និង​ស្រា​ដែលមាន​ជាតិ​មេ​តា​ណុល​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​ដែល​បានចេញ​ផ្សាយ​នៅ​ទី​១២ ខែកញ្ញា​៕  
 

Tag:
 ​សិស្ស​
  ចំណីអាហារ​
© រក្សាសិទ្ធិដោយ thmeythmey.com