ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ធនាគារ​អឺរ៉ុប BRED សំឡឹងមើល​សាខា​បន្ទាប់​នៅ​ខេត្តបាត់ដំបង និង​ទីស្នាក់ការ​អន្តរជាតិ នៅ​ភូមា
06, Nov 2018 , 3:04 pm        
រូបភាព
​ភ្នំពេញ​៖ មាន​វត្តមាន​តិចជាង​២​ឆ្នាំ​ប៉ុណ្ណោះ ធនាគារ​អឺរ៉ុប​តែមួយគត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា BRED Bank Cambodia ទទួលបាន​អតិថិជន ជិត​២០០០​នាក់ ដោយ​ផ្តល់​ប្រាក់កម្ចី​ជា​លក្ខណៈ​បុគ្គល និង​ជា​លក្ខណៈ​ជំនួញ​ក្រុមហ៊ុន​ប្រមាណ​ជាជាង ១០០​លាន​ដុល្លារ​អាមេរិក​។ អតិថិជន ៨០​ភាគរយ ជា​អ្នកជំនួញ​ជនជាតិខ្មែរ​។ សាខា​នៅក្នុង ខេត្ត​សៀម គឺជា​សាខា​ទី​២​។ ប៉ុន្តែ ម​ហិ​ច្ឆិ​តា​របស់​ធនាគារ BRED Bank Cambodia មិន​ស្ថិតនៅ​ត្រឹមហ្នឹង​ឡើយ​។ BRED Bank Cambodia មួយ​នេះ​គ្រោង​នឹង​ពង្រីក​សាខា​របស់ខ្លួន​ឲ្យ​បាន​ចំនួន ១៥ សាខា​នៅត្រឹម​ឆ្នាំ​២០២០ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ តើ​ហេតុអ្វី​បានជា BRED Bank Cambodia សម្រេចចិត្ត​មក​ប្រតិបត្តិ​ការរកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​? ហើយ​បន្ទាប់ពី​ខេត្ត សៀមរាប តើ BRED នឹង​បើក​សាខា​នៅក្នុង​ខេត្ត​ណា​?



ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន អេឡិចត្រូនិក ថ្មីៗ (Thmeythmey.com) និង លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon) នាយក​ប្រតិបត្តិ​នៃ​ធនាគារ BRED Bank Cambodia ដូចតទៅ​៖ 
 
​លោក គី សុខ​លីម​៖ ធនាគារ BRED Bank Cambodia របស់លោក​បាន​ចូលមក​ទីផ្សារ​កម្ពុជា​អស់​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ ហើយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក​បានសម្រេច​ចិត្ត​បើក​សាខា​ថ្មី​មួយទៀត​នៅក្នុង​ខេត្តសៀមរាប ទីក្រុង​ប្រាសាទ​។ តើ​មូល​ហេតុអ្វី​? 
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ ហេតុអ្វី​សៀមរាប​? វា​មាន​មូលហេតុ​ច្រើន​។ ទីមួយ គឺថា មិន​ថា BRED នៅក្នុង​ប្រទេស​បារាំង ឬ​នៅ​ប្រទេស​ណាមួយ​ឡើយ គ្រុប BRED មាន​បទពិសោធ​ច្រើន ក្នុង​ការងារ​ជួយ​គាំទ្រ​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ដូច​លោក​ស្គាល់ ខេត្តសៀមរាប​ច្បាស់​ជាង​ខ្ញុំ ហើយ​ថា សៀមរាប គឺជា​ខេត្ត​មួយ​…

​លោក គី សុខ​លីម​៖ តើ​ខេត្តសៀមរាប​មាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​ច្រើន ឬ គ្រាន់តែ​ជា​ខេត្ត​ទេសចរណ៍ ដែល​មិនសូវមាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​ច្រើន​នោះទេ​? 


 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ សម្រាប់​ពួកយើង យើង​បាន​សិក្សា​ឃើញថា ខេត្តសៀមរាប គឺជា​ទីផ្សារ​សំខាន់​ដែល​ទាក់ទង​ជាពិសេស​ទៅនឹង​វិស័យ​ទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ជំនួញ​ផ្សេងៗ សេវាកម្ម​ទេសចរណ៍​។​ល​។ យើង​មាន​បទពិសោធ​នេះ នៅក្នុង​ប្រទេស​ផ្សេងៗ ជាពិសេស នៅ​ប្រទេស​ឡាវ ក្នុង​តំបន់​ទេសចរណ៍ លួង​ប្រា​បាង ដែល​នៅ​ទីនោះ យើង​បានរៀបចំ​ធ្វើ​សកម្មភាព​ដូចគ្នានេះដែរ​។ យើង​បាន​អភិវឌ្ឍ​ជំនាញ​របស់​យើង​បាន​យ៉ាងរឹងមាំ ក្នុង​តំបន់​ទេសចរណ៍​មួយ​ដែលមាន​មនុស្ស​មក​ទស្សនា​យ៉ាងច្រើន​កុះករ​។ សៀមរាប គឺជា​ខេត្ត​មួយ​ដែល​ធំ​ជាង​លួង​ប្រា​បាង ទៅទៀត ហើយ​ដែល​ទទួល​ភ្ញៀវទេសចរ​ប្រមាណ​ជា ៥​លាន​នាក់ ក្នុង​មួយឆ្នាំ​។ សៀមរាប មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ប្រមាណ​ជា ៥០០ និង​ភោជនីយដ្ឋាន​ប្រហែល​ជាជាង​១​ពាន់​។ ដូច្នេះ វា​ស័ក្តិសម​ណាស់​សម្រាប់ BRED ដែលជា​ធនាគារ​មួយ​មាន​ប្រភព​មកពី​ប្រទេស​បារាំង ក្នុង​ការបើក​សាខា​របស់ខ្លួន​នៅទីនេះ​។ ម្យ៉ាងទៀត ដូច​លោក​ជ្រាប​ហើយ​ថា ឧស្សាហកម្ម​ទេសចរណ៍ ក៏ដូចជា​ការគ្រប់គ្រង​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន គឺជា​ជំនាញ​មួយ​របស់​ជនជាតិ​បារាំង​ដែរ​។​
 
​លោក គី សុខ​លីម​៖ តាម​អ្វីដែល​ខ្ញុំ​បានដឹង គឺថា​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ពោល គឺ​រហូតដល់​ឆ្នាំ​២០២០ ធនាគា​របស់លោក​គ្រោង​នឹង​បើក​សាខា​ឲ្យ​បាន​ចំនួន​១៥​។ ដូច្នេះ បន្ទាប់ពី​ខេត្តសៀមរាប​ទៅ តើ​លោក​គ្រោង​នឹង​បើក​សាខា​នៅក្នុង​ខេត្ត​ណា​? 
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ សាខា​ថ្មី​របស់​យើង បន្ទាប់ពី​ខេត្តសៀមរាប គឺ​នៅ​ខេត្តបាត់ដំបង​។ 
 
​លោក គី សុខ​លីម​៖ ហេតុអ្វី​ខេត្តបាត់ដំបង​លោក​? 
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ យើង​បានធ្វើការ​ជាមួយ​តួអង្គ​សំខាន់ៗ​ជាច្រើន​នៅក្នុង​វិស័យ​កសិកម្ម ជាពិសេស ស្រូវ​អង្ករ ហើយ បាត់ដំបង គឺជា​ទីក្រុង​ដែល​យើង​ចង់​បោះទីតាំង​ឲ្យ​កៀក​អ​ថិ​ជន ដើម្បី​បម្រើសេវា​កម្ម​ជូន​ពួកគេ ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។ 
 
​លោក គី សុខ​លីម​៖ ធនាគារ BRED ចូលមក​ដល់ទី​ផ្សារ​នៃ​ប្រទេស​កម្ពុជា​ទំនងជា​យឺត​ជាង​បណ្តា​ធនាគារ​ដទៃទៀត​បន្តិច​ដែល​កំពុង​ប្រតិបត្តិ​រួចជាស្រេច​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា តើ​ជាក់ស្តែង ធនាគារ​របស់​លោកមា​ន​ឧបសគ្គ​ក្នុងការ​ប្រកួតប្រជែង​ដែរឬទេ​? 
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ ជាការ​ពិតណាស់ យើង​មិនបាន​ចូលមក​ទីផ្សារ​កម្ពុជា​លឿន​ដូច​ធនាគារ​ដទៃ​មែន​។ គួរ​កត់សម្គាល់ថា មែនទែនទៅ គ្រុប BRED ទើបតែ​ចាប់​អភិវឌ្ឍ​សកម្មភាព​អន្តរជាតិ​របស់ខ្លួន ចាប់​តាំងតែ​ពី​ឆ្នាំ​២០០៧ មក​ប៉ុណ្ណោះ ដែល​ក្នុងនោះ មាននៅ​ទ្វីបអាហ្វ្រិក​ខាងកើត និង​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក ហើយ​នៅ​ឆ្នាំ​២០០៩ BRED ក៏​សម្រេច​បើក​ការិយាល័យ​របស់ខ្លួន​នៅក្នុង​ប្រទេស​ឡាវ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​តំបន់​មួយ​ដែល​មិនសូវមាន​គេ​ស្គាល់​ទាល់តែសោះ​រហូតមកដល់​ពេលបច្ចុប្បន្ន​។​
 
​លោក គី សុខ​លីម​៖ ហេតុអ្វី​បានជា BRED បើក​ការិយាល័យ​នៅក្នុង​ប្រទេស​ឡាវ មុន​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​? 
 
លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ ហេតុ​អី​ប្រទេស​ឡាវ​មុន​? ពីព្រោះថា ទី​១ គឺ BRED មាន​ឆន្ទៈ​វិនិយោគ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៅក្នុង​តំបន់​អាហ្វ្រិក​ខាងកើត និង​តំបន់​ប៉ាស៊ីហ្វិក​។ ម្យ៉ាងទៀត នៅពេលនោះ មាន​សំណើសុំ​ឲ្យ​បើក​នៅ​ប្រទេស​ឡាវ​។ បន្ទាប់ពី​ប្រទេស​ឡាវ BRED ក៏បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​តែម្តង​។ 
 
​លោក គី សុខ​លីម​៖ នាពេល​អនាគត ក្រោយពី​ទីផ្សារ​កម្ពុជា តើ BRED អាច​នឹង​បើក​ការិយាល័យ​របស់ខ្លួន នៅ​ប្រទេស​វៀតណាម ឬក៏​ប្រទេស​ថៃ ដែរឬទេ​? 


 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ ប្រហែល​ដែរ​… ហើយ​យើង​ក៏​ពិនិត្យមើល​លទ្ធភាព​បើក​នៅក្នុង​ប្រទេស​ភូមា​ផងដែរ​។ 
 
​លោក គី សុខ​លីម​៖ លោក ពែ​កដុង ខ្ញុំ​សុំ​ត្រឡប់មក​សំណួរ​ខាងដើម​របស់ខ្ញុំ​វិញ​ថា តើ BRED ប្រឈម​នឹង​ការលំបាក​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កម្ពុជា​ដែរឬទេ​? 
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ ជាការ​ពិត វា​គឺជា​ទីផ្សារ​ប្រកួតប្រជែង​ខ្លាំង​មែនទែន​ជាមួយនឹង​វត្តមាន​ធនាគារពាណិជ្ជ​ចំនួន​ជាង​៥០ ដែល​កំពុង​ប្រតិបត្តិការ នៅក្នុង​ប្រទេស​កម្ពុជា​។ តែ​ទោះជា​យ៉ាងណា កម្ពុជា​នៅតែ​ជាទី​ផ្សារ​ដែលមាន​កំណើន​ខ្លាំង​។ កាលពី​ឆ្នាំ​២០១៧ កន្លងមក អត្រា​ប្រាក់​ឥណទាន​កើនឡើង​ប្រមាណ​ជា​១៩% ឬ​២០% ហើយ​ប្រាក់​បញ្ញើ​មាន​កំណើន​ប្រមាណ​ជាជាង​២៥%​។ ដូច្នេះ វា​នៅតែមាន​កន្លែង​សម្រាប់​ធនាគារ​ថ្មីៗ ដើម្បី​ធ្វើការ​វិនិយោគ​។ បញ្ហា​របស់​យើង​កាលពី​ដំបូង នៅពេលដែល​យើង​មក​តាំងទី​នៅ​ប្រទេស​កម្ពុជា​នោះ គឺ​ការកំណត់​យុទ្ធសាស្ត្រ​ដែល​សមស្រប​ទៅតាម​ប្រទេស​។ នោះ​មានន័យថា យើង​បានកំណត់​យុទ្ធសាស្ត្រ​រប​ស់​យើង​ខុសពី​គេ ដោយ​យើង​មិនបាន​យក​យុទ្ធសាស្ត្រ​ដដែលៗ​នៅ​កន្លែង​ផ្សេង​មក​អនុវត្ត​នៅលើ​ទីផ្សារ​កម្ពុជា​ឡើយ​។ ចំណុច​សំខាន់ ហើយ​ខុសពី​គេ​របស់​យើង គឺ​គុណភាព​សេវាកម្ម​។ 
 
​លោក គី សុខ​លីម​៖  មានន័យ​ដូចម្តេច «​គុណភាព​សេវាកម្ម​»? 
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ ខ្ញុំ​អាច​ផ្តល់​ឧទាហរណ៍​ខ្លះ ជូន​លោក​បាន​។ មុនពេល​យើង​បើក​ការិយាល័យ​នៅទីនេះ យើង​ក៏បាន​ធ្វើការ​សិក្សា ទីផ្សារ​ជាមួយ​អតិថិជន​នៃ​ធនាគារ​ដទៃទៀត និង​ជាមួយ​បុគ្គល​ទូទៅ​ដែល​មិនមែនជា​អតិថិជន​នៃ​ធនាគារ​ណាមួយ​។ តែ​ត្រឡប់មក​ឆ្លើយ​ទៅនឹង​សំណួរ​របស់លោក​ថា តើ​អ្វី​ជា​គុណភាព​នៃ​សេវាកម្ម​? ទីមួយ គឺ​យើង​ផ្តោតលើ​វត្ត​មាននៃ​ធនាគារ​របស់​យើង​ដែល​ធ្វើយ៉ាងណា​ឲ្យ​ធនាគារ​យើង​កាន់តែ​ខិត​ទៅជិត​អតិថិជន​។ ទី​ពីរ គឺ​សេវាកម្ម​លឿន​។ យើង​បានដាក់​ឲ្យ​ដំណើរការ​ក្រុមការងារ​មួយក្រុម ដើម្បី​ទទួលបន្ទុក​ផ្តល់ ឬ​សិក្សា​ពី​ឥណទាន សម្រាប់​ផ្តល់ជូន​អតិថិជន​ជា​បុគ្គល ឬ​ជា​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ក្រោយ​ការសិក្សា ក្រុមការងារ​នោះ អាច​ផ្តល់​ចម្លើយ​ជូន​អតិថិជន​តែ​ក្នុង​រយៈពេល​ពី ១ ទៅ​៣​ថ្ងៃ ប៉ុណ្ណោះ​។ ភាពយឺតយ៉ាវ​នៃ​ពេលវេលា គឺជា​កង្វល់​របស់​អតិថិជន​។ ចំណុច​មួយទៀត ដែល​ការសិក្សា​យើង​រកឃើញ​ដែរនោះ គឺ​ការ​ត្អូញត្អែរ​របស់​អតិថិជន ទាក់ទង​ទៅនឹង​ម៉ោង​ធ្វើការ​របស់​ធនាគារ​ដែ​ល​កំពុងបើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​កន្លងមក​។ នៅពេល​ព្រឹក ពេល​អតិថិជន​ទៅធ្វើ​ការ ធនាគារ​នៅ​មិនទាន់​បើកទ្វារ​។ ពេល​ល្ងាច ពេល​អតិថិជន​ត្រឡប់​ពី​ការងារ​វិញ ធនាគារ​ក៏​បិទទ្វារ​។ នេះ​មានន័យថា អតិថិជន​អាចមក​ធនាគារ​តែ​ពេល​ម៉ោង​ពិសារ​អាហារ​ថ្ងៃត្រង់​ប៉ុណ្ណោះ​។ នេះ​ជាការ​រំខាន​ពេលវេលា​អាហារ​របស់​ពួកគេ​។​ល​។ ដោយ​យល់​ពី​ការលំបាក គួបផ្សំ​នឹង​បញ្ហា​ស្ទះចរាចរណ៍ ធនាគារ​យើង​ក៏បាន​សម្រេច​បើក​ធ្វើការ ពី​ម៉ោង ៨​ព្រឹក ដល់ ម៉ោង​២០​ល្ងាច (៨​យប់​) ជា​រៀងរាល់ថ្ងៃ ៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ 
 
​លោក គី សុខ​លីម​៖ ទោះបីជា​ថ្ងៃ​ឈប់សម្រាក​ក៏ដោយ ក៏ BRED បើក​ធ្វើការ​ដែរ មែន​ទេ​លោក​?
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ ធនាគារ​យើង​បើក​ធ្វើការ នៅ​ថ្ងៃ​បុណ្យជាតិ​មួយចំនួន​។ ប៉ុន្តែ អត់​គ្រប់​បុណ្យជាតិ​ទាំងអស់​នោះទេ​។ ការធ្វើ​យ៉ាងនេះ (​ការបន្ថែម​ពេលវេលា​បម្រើ​សេវាកម្ម​) អនុញ្ញាត​ឲ្យ​អតិថិជន​យើង​អាចមក​ទទួល​សេវាកម្ម​យើង ក្នុងពេលដែល​ធនាគារ​ផ្សេង​មិនអាច​ផ្តល់ជូនបាន ហើយ​ម្យ៉ាងទៀត ពួកគេ​អាច​រើស​ពេលវេលា​ណា​ដែល​សមស្រប​សម្រាប់​ពួកគេ ដើម្បី​មក​ទទួល​សេវាកម្ម​យើង អាចជា​ពេល​ចេញពី​ធ្វើការ ឬ​ពេលដែល​មិនសូវមាន​ស្ទះចរាចរណ៍​ជាដើម​។ 
 
​លោក គី សុខ​លីម​៖ រហូតមកដល់​ពេលនេះ តើ​ធនាគារ​របស់លោក​កាន់កាប់​ចំណែក​ទីផ្សារ​ប៉ុន្មាន​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ទីផ្សារ​ធនាគារ​ទាំងមូល​? 


 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ នាពេល​បច្ចុប្បន្ននេះ ចំណែក​ទីផ្សារ​របស់​យើង​នៅមានកម្រិត​នៅឡើយ​។ នេះ​ជា​រឿង​ធម្មតា​នោះទេ ព្រោះថា ធនាគារ​យើង​នៅ​ក្មេងខ្ចី​ក្នុង​ទីផ្សារ​កម្ពុជា និង​មិនទាន់មាន​បណ្តាញ​សាខា​គ្រប់គ្រាន់​នៅឡើយ​។ តែម​ហិ​ច្ឆិ​តា​របស់​យើង​ក្នុង​រយៈពេល​ពី ៥ ទៅ ៧​ឆ្នាំ ខាងមុខ យើង​ចង់​កាន់កាប់​ចំណែក​ទីផ្សារ​ពី ៥% ទៅ​៧%​។ កាលពី​ឆ្នាំ​២០១៧ កន្លងមក ទីផ្សារ​ធនាគារ​សរុប​ទាំង​ឥណទាន និង​បញ្ញើ​មាន​ចំនួន​ប្រមាណ​ជា ២០​ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក​ឥណទាន​ធនាគារ BRED ទើប​មាន​ចំនួន​ប្រមាណ​ជា ១០០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ បើ​ប្រៀបធៀប​ទៅនឹង​ទីផ្សារ​ទាំងមូល ចំណែក​ទីផ្សារ​របស់​យើង​នៅមានកម្រិត​ទាប​នៅឡើយ​។ 
 
​លោក គី សុខ​លីម​៖ សំណួរ​ចុងក្រោយ​របស់ខ្ញុំ តើ​អត្រា​ការប្រាក់​នៃ​ធនាគារ​របស់លោក​យ៉ាងដូចម្តេច​ដែរ បើ​ប្រៀបធៀប​ទៅនឹង​ធនាគារ​ដទៃទៀត​?  
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ អត្រា​ការប្រាក់​ឥណទាន​របស់​យើង ស្ថិតនៅក្នុង​កម្រិត​ប្រកួតប្រជែង​ល្អ​ណាស់​។ ទោះបីជា​វា​អាស្រ័យ​ទៅតាម​ផលិតផល​ដែរ ក៏​អត្រា​ឥណទាន ឬ​បញ្ញើ របស់​យើង​មាន​លក្ខណៈ​ប្រកួតប្រជែង​ល្អ​ណាស់ មិន​ថា​សម្រាប់​ឥណទាន​ផ្ទះសម្បែង ឥណទាន​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម ឬ​សហគ្រាស​ធំៗ នោះទេ​។ 
 
​លោក គី សុខ​លីម​៖ តើ​ធនាគារ​របស់លោក​ផ្តល់​កម្ចី​ច្រើន​ទៅលើ​វិស័យ​អ្វី​ដែរ​? វិស័យ​កសិកម្ម​? សេវាកម្ម​? ឧស្សាហកម្ម​? 
 
​លោក ហ្គី​យូ​ម ពែ​កដុង (Guillaume Perdon)៖ តាមពិត យើង​បានធ្វើ​ពិពិធ​កម្ម​ឥណទាន​របស់​យើង​រួចទៅហើយ ទោះបីជា​ធនាគារ​យើង​នៅ​ក្មេងខ្ចី​នៅលើ​ទីផ្សារ​កម្ពុជា​ក៏ដោយ​។ យើង​បានផ្តល់​ឥណទាន​រយៈពេល​វែង​ជូន​ដល់​វិស័យ​ឧស្សាហកម្ម រីឯ​ឥណទាន​រយៈពេល​ខ្លី​បាន​ផ្តល់ជូន​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ យើង​ក៏បានផ្តល់​កម្ចី​ផងដែរ​ដល់​អ្នក​នាំចេញ​ទំនិញ​កសិកម្ម​។ តែ​ទោះជា​យ៉ាងណា គោលដៅ ឬ​ទិសដៅ​នៃ​ធនាគារ​របស់​យើង គឺ​ពិពិធ​កម្ម​កម្ចី​ទៅលើ​វិស័យ​ច្រើន​ប្រភេទ​ផ្សេងគ្នា ពោលគឺ​ចៀសវាង​ការផ្តល់​ឥណទាន តែ​ទៅលើ​វិស័យ​ណាមួយ​ប៉ុណ្ណោះ ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ដោយ​ប្រការ​ណាមួយ​៕
 

Tag:
 ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com