កីឡាជាតិ
ជាតិ
Terengganu បន្ត​កិច្ចសន្យា​ឲ្យ ប៊ី​ន ចន្ថា​ធា​រី មួយ​រដូវ​កាល​ទៀត​
06, Nov 2018 , 3:08 pm        
រូបភាព
​សមាជិក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ប៊ី​ន ចន្ថា​ធា​រី (Bin Chantha Thierry) តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​បានប្រកាសថា​រូបគេ​នឹង​បន្ត​លេង​ឲ្យ​ក្រុម Terengganu Fc ក្លិប​បាល់ទាត់​នៃ​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី​រយៈពេល​១​ឆ្នាំ​ទៀត ពោលគឺ​នៅ​រដូវ​កាល​ថ្មី ២០១៩​។​


 
«​ខ្ញុំ​ពិតជា​រីករាយ ក្នុងការ​ប្រកាសថា​ខ្ញុំ​នឹង​បន្ត​រួមរស់​ជាមួយ Terengganu Fc សម្រាប់​រដូវ​កាល​ក្រោយ​ឆ្នាំ 2019!​។ ខ្ញុំ​បាន​ស្ងាត់​មួយរយៈៗ ហើយ​អ្នកគាំទ្រ​ជាច្រើន​សួរ​អំពី​អនាគត​របស់ខ្ញុំ​ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​អ្នក​ទាំងអស់គ្នា​»​។ ខ្សែបម្រើ​កូនកាត់​ខ្មែរ​បារាំង​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​។​
 
​អតីត​កីឡាករ ភ្នំពេញ​ក្រោ​ន និង Krabi FC របស់​ថៃ បាន​ទៅ​ចូលរួម​ជាមួយ​ក្លិប​នៅ​ម៉ាឡេស៊ី Malaysia Super League នេះ​កាលពី​រដូវ​កាល​២០១៨ ដោយ​ជួយ​ក្រុម​បាន​ចំណាត់ថ្នាក់​ទី​៥ និង​នាំ Terengganu បាន​រងជើង​ឯក​ពាន​រង្វាន់ Malaysian Cup ទៀតផង​។ 


 
​ក្នុងចំណោម​កីឡាករ​កម្ពុជា​ដែល​បាន​ទៅ​ប្រកប​អាជីព​ក្នុង​លី​គ​កីឡាបាល់ទាត់​កំពូល​នៅ​ម៉ាឡេស៊ី​កន្លងមក​មើលឃើញថា ចន្ថា​ធា​រី ទទួលបាន​ជោគជ័យ​ជាងគេ​ជាមួយនឹង​ការបង្ហាញ​សមត្ថភាព​ដ៏​ល្អ​ឲ្យ Terengganu ពេញ​មួយ​រដូវ​កាល​ឆ្នាំ​២០១៨ និង​អាច​ឈានដល់​ការបន្ត​កិច្ចសន្យា​មួយឆ្នាំ​ទៀត​សម្រាប់​រដូវ​កាល​២០១៩ ខាងមុខ​។​
 
​បន្ទាប់ពី​បង្ហាញខ្លួន​គួរ​ឲ្យ​ចាប់អារម្មណ៍ ខ្សែបម្រើ​កណ្តាល វ័យ​២៧​ឆ្នាំ រូបនេះ​ក៏ត្រូវ​បានជ្រើសរើស​ចូលក្នុង​បញ្ជី​កីឡាករ​១១​នាក់​សម្រាប់​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ជាតិ​ម៉ាឡេស៊ី (National Football Awards) រដូវ​កាល​២០១៨ ផងដែរ​។ ក្នុងចំណោម​១១​នាក់ Best XI នេះ មាន​សមាជិក​របស់​ក្រុម Terengganu FC ដល់​ទៅ​៥​រូប​៕
 
 

Tag:
 ​បាល់ទាត់​
  ប៊ី​ន ចន្ថា​ធា​រី​
  Bin Chantha Thierry
  Terengganu Fc
© រក្សាសិទ្ធិដោយ thmeythmey.com