ជាតិ
លោកស្រី រ៉ូណាល់ ស្មីត៖ ស្ថានភាពកម្ពុជាផ្លាស់ប្ដូរគ្រប់ពេលវេលា! ពេលខ្លះ«ប្រសើរឡើង» ហើយពេលខ្លះ«មានបញ្ហា» រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
× ភ្នំពេញ៖ ស្ថានភាពកម្ពុជាផ្លាស់ប្ដូរគ្រប់ពេលវេលា ដោយពេលខ្លះ«ប្រសើរឡើង» ហើយពេលខ្លះ«មានបញ្ហា» ។ នេះជាការលើករបស់លោកស្រី រ៉ូណាល់ ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្រោយជំនួបលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា។
បញ្ហាដែលលោកស្រី រ៉ូណាល់ ស្មីត បានលើកទៅនិយាយជាមួយលោក កែវ រ៉េមី គឺផ្ដោតសំខាន់លើស្ថានភាពសិទ្ធិមនុស្សកម្ពុជា។ លោកស្រី ស្មីត បានស្នើឲ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រកផ្លូវជំរុញដំណើរការវឌ្ឍនភាព នៃសេរីភាព យុត្តិធម៌ ជាពិសេសការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានរឹងមាំ។ សម្រាប់លោកស្រី ស្មីត អ្វីដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវសហការជាមួយលោកស្រី ឲ្យបានមុតមាំនោះ គឺត្រូវការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
នៅពេលដែលអ្នកកាសែតសួរថា តើលោកស្រី មើលឃើញដូចម្ដេច អំពីស្ថានការណ៍ប្រទេសកម្ពុជា ? លោកស្រី ស្មីត បាននិយាយថា ស្ថានភាពកម្ពុជាផ្លាស់ប្ដូរគ្រប់ពេលវេលា ដោយពេលខ្លះ«ប្រសើរឡើង» ហើយពេលខ្លះ«មានបញ្ហា» ។
ថ្លែងចំពោះមុខអ្នកកាសែត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំគិតថា នៅពេលខ្ញុំមកកម្ពុជា ហើយខ្ញុំត្រឡប់ទៅវិញពី ៣ខែ ៤ខែ ឬ៥ខែ ក្រោយមក យើងឃើញថាស្ថានភាពប្រទេសកម្ពុជាមានការផ្លាស់ប្ដូរគ្រប់ពេលវេលា។ ១០ឆ្នាំកន្លងមកនេះ មានសញ្ញាឡើងចុះដោយពេលខ្លះ«ល្អប្រសើរឡើង» ហើយពេលខ្លះ«មានបញ្ហា» វាភាពប្រហាក់ប្រហែលគ្នា»។
រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
ជុំវិញស្ថានការណ៍ប្រឈមមុខនឹងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធវិញ លោកស្រី ស្មីត បាននិយាយថា ផ្លូវដែលរដ្ឋាភិបាលត្រូវដើរទៅមុខនោះ គឺការធ្វើឲ្យប្រសើឡើងនូវស្ថានភាពសិទ្ធិមនុស្ស ហើយវាមិនមែនធ្វើបែបនេះ ដើម្បីផ្គាប់ចិត្តសហភាពអឺរ៉ុបទេ ប៉ុន្តែរដ្ឋាភិបាលត្រូវធ្វើបែបនេះ សម្រាប់ប្រទេសកម្ពុជា។
«ខ្ញុំថា វាតែងតែមានបញ្ហា ហើយតែងតែត្រូវឲ្យមានដំណោះស្រាយ។ ហើយបើអ្នក(រដ្ឋាភិបាល) ដើរលើផ្លូវមួយដ៏ល្អនោះ អ្នកនឹងមានដំណោះស្រាយពិតប្រាកដមួយសមស្រប។ សម្រាប់ខ្ញុំគិតថា បើរដ្ឋាភិបាលដោះស្រាយបញ្ហាសិទ្ធិមនុស្សបានហើយ នោះបញ្ហាEBA និងបញ្ហាផ្សេងៗ លែងកើតមានសម្រាប់កម្ពុជាទៀតហើយ»។ នេះជាការពន្យល់របស់លោកស្រី រ៉ូណាល់ ស្មីត ឆ្លើយតបនឹងសំនួរអ្នកព័ត៌មានជុំវិញបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
ទោះជាលើកឡើងពីបញ្ហាសិទ្ធិមនុស្សក្តី ប៉ុន្តែលោកស្រី រ៉ូណាល់ ស្មីត មិនបានលើកករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ទៅនិយាយជាមួយលោក កែវ រ៉េមី ឡើយ ។ បើតាមលោកស្រី ស្មីត មូលហេតុដែលខ្លួនមិនលើកយកករណីលោក កឹម សុខា ទៅពិភាក្សាគ្នានេះ ព្រោះបញ្ហានេះលោកស្រី ធ្លាប់អំពាវនាវជាច្រើនលើកមកហើយ។ លោកស្រី ស្មីត ក៏គ្មានគម្រោងជួបជាមួយមេធាវីលោក កឹម សុខា ផងដែរ។ នេះជាការបញ្ជាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
ទាក់ទងនឹងបញ្ហានេះលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់លោកស្រី ស្មីត ថា កម្ពុជា ជាប្រទេសគោរពសិទ្ធិមនុស្ស និងមានការយោគយល់ នៅក្នុងការអនុវត្តច្បាប់ ដោយភ្ជាប់ករណីលោក កឹម សុខា ដែលផ្ទេរពីការឃុំខ្លួននៅពន្ធនាគារ មកឃុំនៅក្នុងផ្ទះវិញ។ លោក កែវ រ៉េមី ចាត់ទុកទង្វើរបស់តុលាការមកលើលោក កឹម សុខា នេះ គឺជាការយោគយល់ផ្នែកច្បាប់មួយ និងជាការគោរពសិទ្ធិមនុស្សផងដែរ។
គួរបញ្ជាក់ថា លោកស្រី រ៉ូណាល់ ស្មីត មកទស្សនកិច្ចនៅកម្ពុជានេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងប្រឈមមុខបញ្ហាដក ឬមិនដកការអនុគ្រោះពន្ធវិញ ពីសហភាពអឺរ៉ុប ។ សហភាពអឺរ៉ុប ត្រូវការរយៈពេល១ឆ្នាំ ដើម្បីត្រួតពិនិត្យ និងប្រមូលព័ត៌មានស្ថានភាពប្រទេសកម្ពុជា មុននឹងសម្រេចចុងក្រោយលើប្រព័ន្ធអនុគ្រោះពន្ធនេះ។ ក្រោយបញ្ចប់បេសកកម្មខ្លួននេះ លោកស្រី រ៉ូណាល់ ស្មីត នឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី៨ ខែវិច្ឆិកា ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចខ្លួន៕
Tag:
Rhona Smith
កែវ រ៉េមី
UN
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com