កីឡាអន្តរជាតិ
អន្តរជាតិ
Kasper Schmeichel ៖ សោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រ នឹងតាមលងខ្ញុំជារៀងរហូត
× Kasper Schmeichel អ្នកចាំទីក្រុម Leicester City ថាហេតុការណ៍ការធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរកីឡដ្ឋាន King Power ដែលបានសម្លាប់ម្ចាស់ក្លិបរបស់ខ្លួនលោក Vichai Srivaddhanaprabha រួមទាំងមនុស្សបួននាក់ផ្សេងទៀតនោះ នឹងតាមលងខ្លួនរហូត ព្រោះរូបគេបានឃើញសោកនាដកម្មនោះផ្ទាល់ភ្នែកតែម្តង។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព៍រ៌មាន AFP អ្នកចាំទីសញ្ជាតិដាណឺម៉ាកវ័យ ៣២ ឆ្នាំរូបនេះបានលើកឡើងដូច្នេះនៅក្រោយពី Leicester យកឈ្នះ Cardiff City ក្នុងក្របខណ្ឌ Premier League នៅចុងសប្តាហ៍កន្លងទៅដែលជាការប្រកួតដំបូងបន្ទាប់ពីហេតុករណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី២៧ ខែតុលា។
Schmeichel រៀបរាប់ថា ភ្លាមៗក្រោយឧទ្ធម្ភាគចក្រធ្លាក់រូបគេបានរត់សំដៅទៅទីនោះ តែត្រូវប៉ូលិសរារាំងព្រោះយន្តហោះកំពុងត្រូវភ្លើងឆាបឆេះខ្លាំង។
«ខ្ញុំស្ថិតនៅលើទីលានហើយខ្ញុំបានលើកដៃលាគាត់ (លោក Vichai)»។ អ្នកចាំទីដៃស្អិតរបស់ Leicester និយាយបែបនេះមុនពេលឡើងយន្តហោះទៅចូលរួមក្នុងកម្មវិធីបុណ្យសព លោក Vichai Srivaddhanaprabha នៅទីក្រុងបាងកក ប្រទេសថៃ ជាមួយគ្រូបង្វឹក និងកីឡាករមួយចំនួនទៀត។
«ខ្ញុំបានឃើញហេតុការណ៍កើតឡើងផ្ទាល់ភ្នែក។ អ្វីដែលកើតឡើងនោះវាកំពុងស្ថិតនៅជាមួយខ្ញុំ ហើយវាមិនមែនជាការចងចាំល្អនោះទេ»។ Schmeichel រៀបរាប់ទាំងទឹកភ្នែក ប៉ុន្តែរូបគេបានសរសើរក្លិបនេះថាជាក្លិបដ៏អស្ចារ្យ ហើយកូនក្រុមសុទ្ធតែទទួលបានការគាំទ្រដែលពួកគេត្រូវការ។
Kasper Schmeichel ដែលជាកូនប្រុសរបស់វីរបុរស Manchester United លោក Peter Schmeichel បានចូលរួមជាមួយក្លិបរហស្សនាមគញ្ជ្រោងនៅឆ្នាំ ២០១១ ក្រោយមួយឆ្នាំបន្ទាប់ពីលោក Vichai ដែលជាសេដ្ឋីលំដាប់ទី៥ នៅប្រទេសថៃ បានទិញក្លិបនេះនៅឆ្នាំ២០១០។ Schmeichel បានដើរតួនាទីដ៏សំខាន់ដើម្បីនាំក្រុមឈ្នះជើងឯក Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ក្នុងឆ្នាំ ២០១៦។
ក្នុងជំនួបដែល Leicester យកឈ្នះ Cardiff ១-០ កាលពីចុងសប្រាហ៍ រូបគេបានសារភាពថាមានអារម្មណ៍មិននឹងនរនោះទេអំឡុងពេលកំដៅសាច់ដុំមុនការប្រកួតនោះ៕
Tag:
បាល់ទាត់
Leicester
Kasper Schmeichel
© រក្សាសិទ្ធិដោយ thmeythmey.com