ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
សហគ្រិនយុវកសិករ ត្រៀមខ្លួនជំនួសកសិករវ័យចំណាស់ រូបភាពតំណាង, ផ្តល់សិទ្ធិពីម្ចាស់ហ្វេសប៊ុក នី ចិត្រា
× ភ្នំពេញ៖ «កម្លាំងសហគ្រិនយុវកសិករនឹងកើនឡើងកាន់តែច្រើន ហើយពួកគេអាចនឹងជំនួសការធ្វើកសិកម្មរបស់កសិករវ័យចំណាស់នាពាលអនាគតបាន»។ នេះជាការអះអាងរបស់អ្នកជំនាញផ្នែកកសិកម្មលោក ប៉ែន សូនី ដោយលោកបញ្ជាក់ត្រង់ចំណុចនេះថា ប្រសិនជា រដ្ឋាភាបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រផ្តល់ជាបច្ចេកទេស, ដើមទុន, ការគ្រង់គ្រងអាជីវកម្ម និងជួយរកទីផ្សារដល់យុវកសិករបន្ថែម។
ខាងក្រោមនេះ គឺជាបទសម្ភាសដែលលោក ប៉ែន សូនី នាយកប្រតិបត្តិសហព័ន្ទជំរុញសហគ្រាសកសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា (ស.ស.ក) ផ្តល់ឱ្យលោក ជាវ សំណាង អ្នកសារព័ត៌មានថ្មីៗ (ThmeyThmey.com) ៖
លោក ជាវ សំណាង៖ លោក ប៉ែន សូនី ធ្វើការងារទាក់ទងនឹងវិស័យកសិកម្មជាមួយប្រជាសហគមន៍ច្រើនឆ្នាំមកហើយ។ ក្នុងរយៈពេលចុងក្រោយនេះ តើលោកសង្កេតឃើញចំនួនយុវជនធ្វើកសិកម្មកម្រិតណា ខណៈពេលដែលមានយុវជនកាន់តែច្រើនបានចំណាកស្រុកទៅក្រៅប្រទេស, ធ្វើការងារសំណង់ និងរោងចក្រ?
លោក ប៉ែន សូនី៖ សហព័ន្ទជំរុញសហគ្រាសកសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា បានសិក្សាស្រាវជ្រាវនៅក្នុងតំបន់គោលដៅរបស់ខ្លួនបានបង្ហាញថា សឹងតែ៩៥ភាគរយ គឺឪពុកម្តាយរបស់គាត់មិនចង់ឱ្យកូនធ្វើការងារកសិកម្ម។ មូលហេតុទី១ ចំណូលពីវិស័យកសិកម្មមិនអាចជួយខ្លួនគាត់បាន។ ទី២ ការងារផ្សេងរកថវិកាបានច្រើនជាង និងទី៣ មិនចង់ឱ្យកូនលំបាកដូចពួកគាត់។ ប៉ុន្តែ យុវជនអាចនឹងកើនឡើង ឬងាកមកចាប់អារម្មណ៍ការងារកសិកម្មវិញ នៅពេលដែលយើងជំរុញគាត់ឱ្យធ្វើកសិកម្មតាមបែបសរីរាង្គ ឬតាមបែបនិរន្តភាព បានន័យថា គាត់ត្រូវគិតអំពីសុវត្ថភាពទៅលើចំណីអាហារ។ នាពេលបច្ចុប្បន្ន អ្នកប្រើប្រាស់គិតអំពីសុខភាព និងសុវត្ថិភាពចំណីអាហារក៏ច្រើនដែរ។ ទាំងនេះ គឺអាចទាញយុវកសិករមកវិញបាន ពីព្រោះផលិតផលរបស់ពួកគាត់នឹងមានតម្លៃខ្ពស់។
លោក ជាវ សំណាង៖ មកដល់ពេលនេះ! លោក សូនី តើសហព័ន្ទជំរុញសហគ្រាសកសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា (ស.ស.ប) កៀងគរយុវនជន ឬនាំយុវជនធ្វើកសិកម្មបានប៉ុន្មានខេត្តហើយ?
លោក ប៉ែន សូនី៖ ដោយសារជំហានដំបូង យើងបានធ្វើនៅ៣ខេត្តគោលដៅ គឺមាននៅបាត់ដំបង, ស្វាយរៀង និងតាកែវ គឺយើងធ្វើទៅលើ៤សហគមន៍កសិកម្ម នៅក្នុងនោះមានយុវជន៣០នាក់ដំបូងដែលយើងចាប់ផ្តើម ដើម្បីរៀបចំខ្លួនឱ្យក្លាយទៅជាសហគ្រិនយុវកសិករ។
លោក ជាវ សំណាង៖ តើអ្វីជាបញ្ហាប្រឈមរបស់យុវកសិករដែលសហព័ន្ទរបស់លោក ប៉ែន សូនី កំពុងជួបប្រទះ?
លោក ប៉ែន សូនី៖ ពួកគាត់បានតាំងចិត្តងាកមកធ្វើការងារកសិកម្មហើយ ប៉ុន្តែ បញ្ហាសំខាន់ដែលពួកគាត់កំពុងជួបប្រទះ ទី១. បច្ចេកទេស គឺពួកគាត់មិនទាន់មានគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងការផលិតឱ្យត្រូវនឹងតម្រូវការទីផ្សារ។ ឧទាហរណ៍ថា គាត់ចិញ្ចឹមមាន់តាមបែបសរីរាង្គ គឺគាត់មិនចេះច្បាស់លាស់ ព្រោះវាមានលក្ខណៈស្មុកស្មាញ ហើយវាខុសពីរៀបចិញ្ចឹមមាន់តាមបែបធម្មជាតិ។ ទី២. គឺដើមទុន, បើទោះជា យើងមានប្រភពទុនខ្លះសម្រាប់ជួយគាត់ក៏ដោយ ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទៅតាមផែនការដែលពួកគាត់បានលើកឡើង។ ទី៣. គឺរៀបគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់នៅមានកម្រិតនៅឡើយ។ ប្រសិនបើ ទាំង៣ចំណុចនេះ យើងដោះស្រាយឱ្យគាត់មិនបានគ្រប់ជ្រុងជ្រោយ វាអាចធ្វើឱ្យគាត់បាក់ទឹកចិត្តឈប់ធ្វើវិញក៏មានដែរ។
លោក ជាវ សំណាង៖ ចំពោះបញ្ហាខ្វះផ្សារដើម្បីលក់ផលិតកសិកម្ម ដែលពួកគាត់ផលិតបានវិញ តើលោក សូនី ពន្យល់យ៉ាងដូចម្តេច?
លោក ប៉ែន សូនី៖ បញ្ហាទីផ្សារក៏ជារឿងសំខាន់ដែរ! មិនមែនទីផ្សារនៅកម្ពុជាមិនមានទេ, ជួនកាលគាត់ផលិតបានហើយ ប៉ុន្តែ គាត់ខ្វះទំនាក់ទំនងក្នុងការរកដៃគូ ដើម្បីលក់ផលិតផលរបស់ពួកគាត់។ ដូច្នេះ ទាមទារឱ្យមានការគាំទ្រគ្រប់ភាគី មានន័យថា គាំទ្រទាំងបច្ចេកទេស, ស្ថាប័នមីក្រហិរញ្ញវត្ថ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីធ្វើឱ្យយុវកសិករមានទំនុកចិត្ត និងចាប់ដៃគូជាមួយអ្នកបញ្ជាទិញ ដោយធ្វើកសិកម្មតាមបែបកិច្ចសន្យា ដើម្បីធានាថា ការរកស៊ីរបស់គាត់មិនត្រូវបានគេបោកប្រាស ឬមិនត្រូវបានគេកេងបន្លំ។
លោក ជាវ សំណាង៖ តើលោក សូនី មើលឃើញជាវិជ្ជាមានបែបណា ចំពោះគម្រោងគៀងគរយុវកសិករនេះ ថាពួកគាត់នឹងធ្វើការងារកសិកម្មនេះជានិរន្តរ៍?
លោក ប៉ែន សូនី៖ តាមការរំពឹងទុករបស់យើង, យើងគិតថា ប្រហែល៦០ទៅ៧០ភាគរយនៃយុវជនទាំងនេះ នឹងចាប់យកអាជីវពកសិកម្មនេះជាក់លាក់តទៅមុខ ព្រោះយើងមើលឃើញថា ពេលនេះយុវជនបានងាកមកធ្វើការងារកសិកម្មហ្នឹងច្រើនដែរ តាមរយៈអង្គការ និងស្ថាប័នពាក់ព័ន្ធផ្សេងៗជួយជំរុញ។ ស្រប់ពេលនេះ តម្រូវការទីផ្សារផលិតផលកសិកម្មក៏មានវិសាលភាពធំដែរ។ ជាពិសេស បន្លែ និងចំណីហារសុវត្ថភាព ប្រសិនជាផលិតបានច្រើន ក៏អាចទទួលបានតម្លៃខ្ពស់ដែរ។
លោក ជាវ សំណាង៖ ជាសំណួរចុងក្រោយ! តើលោក សូនី រំពឹងថាគម្រោងយុវកសិករនៃសហព័ន្ទជំរុញសហគ្រាសកសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា (ស.ស.ក) នឹងធ្វើឱ្យវិស័យកសិកម្មរីកចម្រើនជាងនេះមួយកម្រិតទៀតឬទេ?
លោក ប៉ែន សូនី៖ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវគិតឱ្យបានច្បាស់លាស់ទៅដល់តួនាទីយុវកសិករនៅក្នុងវិស័យកសិកម្ម។ ប្រសិនជា មានគោលនយោបាយច្បាស់លាស់ ដើម្បីគាំទ្រដល់យុវកសិករ យើងគិតថា យុវកសិករនឹងកើនឡើង។ នៅពេលនោះតួនាទីរបស់យុវកសិករ នឹងដើរតួជំនួសកសិករវ័យចំណាស់ ហើយចំណូលពីវិស័យកសិកម្មនឹងដល់ដៃកសិកររបស់យើង។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕ © រក្សាសិទ្ធិដោយ thmeythmey.com