អន្តរជាតិ
អនុប្រធានាធិបតីចិន៖ ចិនត្រៀមជជែកជាមួយអាមេរិកដើម្បីរកច្រកចេញដែលទទួលយកបាន អនុប្រធានាធិបតីចិន វ៉ាង ឈីសាន (រូបភាព AFP)
× អនុប្រធានាធិបតីចិន វ៉ាង ឈីសាន នៅថ្ងៃទី៦ ខែវិច្ឆិកា បានប្រកាសថា ចិនត្រៀមជជែកជាមួយអាមេរិកលើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធប្រយោជន៍រួមគ្នា។ ខណៈជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនៅតែក្ដៅគគុកដដែលនោះ លោក វ៉ាង ក៏បញ្ជាក់ថាដែរថា ចិនក៏នឹងចរចាជាមួយអាមេរិកដើម្បីរកច្រកចេញមួយដែលអាចទទួលបានសម្រាប់ភាគីទាំងពីរ។ អនុប្រធានាធិបតីចិនបញ្ជាក់បែបនេះនាវេទិកាសេដ្ឋកិច្ចធំមួយនៅសិង្ហបុរី។
មួយរយៈពេលចុងក្រោយនេះ ចិន និងអាមេរិក ដែលកំពុងទាស់គ្នាក្នុងជម្លោះពាណិជ្ជកម្ម បានជំហរចង់បានដំណោះស្រាយមួយដើម្បីបញ្ចប់បញ្ហារវាងគ្នា។ ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រៀមជួបសមភាគីចិន ស៊ី ជិនភីង នៅអាហ្សង់ទីននៅចុងខែនេះដើម្បីបំបែកភាពមិនចុះសម្រុងនេះ មន្ត្រីជាន់ខ្ពស់របស់ចិន ក៏បានប្រកាសជាសាធារណៈជំហររបស់ចិនក្នុងការចរចាជាមួយអាមេរិក តែស្ថិតក្រោមលក្ខខណ្ឌដែលអាចទទួលបានប៉ុណ្ណោះ។
នាឱកាសចូលរួមវេទិការសេដ្ឋកិច្ចរៀបចំនៅសិង្ហបុរីនៅថ្ងៃទី៦ ខែវិច្ឆិកា អនុប្រធានាធិបតីចិន វ៉ាង ឈីសាន នៅតែចាត់ទុកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាស្លាបចក្រជំរុញទំនាក់ទំនងល្អប្រសើររវាងអាមេរិក និងចិន។ លោក វ៉ាង បន្តថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះ មានឥទ្ធិពលដោយផ្ទាល់លើស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោក។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel NewAsia ។
ក្នុងសុន្ទរកថា២០នាទី លោក វ៉ាង ដែលជាមនុស្សជំនិតរបស់លោក ស៊ី ក៏បញ្ជាក់ដែរថា វាជាជំនឿរឹងមាំរបស់ចិនដែលកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ ហើយការប្រឈមមុខនឹងផ្ដល់ផលមិនល្អ។ ដោយចង់សំដៅដល់នយោបាយរបស់លោក ត្រាំ មន្ត្រីចិនរូបនេះបាននិយាយដល់ការកើនឡើងចរន្តប្រជានិយម និងគោលនយោបាយគាំពារនិយម។ សម្រាប់លោក វ៉ាង កំហឹង និងការលើកឡើងពីចំណុចអវិជ្ជមាន មិនមែនជាដំណោះស្រាយឡើយ។
អតីតមេដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយនៅចិនរូបនេះ ក៏មិនភ្លេចលើកឡើងពីជំហររបស់ចិនដែលទាមទារឲ្យមានការគោរពគ្នាទៅវិញទៅមក និងការបើកចំហទីផ្សារស្របតាមចរន្តសាកលភាវូបនីយកម្ម។ លើសពីនោះ អនុប្រធានាធិបតីចិនក៏ប្រឆាំងដាច់គំនិតសេសសល់ពីសម័យសង្គ្រាមត្រជាក់ និងការប្រើប្រាស់អំណាច ហើយថា សាកលភាវូបនីយកម្មសេដ្ឋកិច្ច មិនមែនជាល្បែងដែលបូកចេញសូន្យឡើយ។
សូមរំឭកបន្តិចថា លោក ស៊ី និងលោក ត្រាំ មានផែនការជួបគ្នានៅក្រៅវេទិកា G-20 នៅទីក្រុងប៊ុយណូស៊ែ ដើម្បីបញ្ចប់ភាពប្រទាំងប្រទើសផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោក ត្រាំ ក៏ត្រូវបានរាយការណ៍ថា បានបញ្ជាឲ្យមន្ត្រីរបស់លោករៀបចំសេចក្ដីព្រាងដំណោះស្រាយមួយ ត្រៀមទៅជជែកជាមួយលោក ស៊ី ផងដែរ៕
Tag:
ចិន
អាមេរិក
វ៉ាង ឈីសាន
© រក្សាសិទ្ធិដោយ thmeythmey.com