អន្តរជាតិ
ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​ពី​វៀតណាម​កើន​ខ្ពស់ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​
06, Nov 2018 , 10:59 pm        
រូបភាព
ដោយ:
​ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នៅតែ​បន្ត​ឆាបឆេះ វៀតណាម​ហាក់បី​ជា​ទទួល​ផលចំណេញ​យ៉ាងច្រើន​គួរសម​ពី​ការកើនឡើង​ភាព​តានតឹង​នេះ​។ វិស័យ​ដែលមាន​សន្ទុះ​ខ្លាំងក្លា​នោះ​គឺ ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​របស់​វៀតណាម​។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ប្រទេស​ជាច្រើន​រួមមាន ចិន និង​អាមេរិក​ផង​នោះ បាន​បង្កើន​កា​រក​ម្ម៉​ង់​ទិញ​ផលិតផល​សម្លៀកបំពាក់​ផ្ទាល់​ពី​រោងចក្រ​វៀតណាម​។

 
 
​ប្រធាន​សមាគម​ផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​វៀតណាម លោក Vu Duc Giang  ដើមខែ​វិច្ឆិកា​នេះ បាន​លើកឡើងថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​របស់​វៀតណាម​នឹង​កើនឡើង​ដល់​១៤,៨% ក្នុងឆ្នាំនេះ ដែល​ស្មើនឹង​ទឹកប្រាក់​៣៥​ពាន់​លាន​ដុល្លារ​។​
 
 យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Giang បាន​អះអាង​ដូច្នេះ​៖«​យើង​ឃើញ​មានការ​ក​ម្ម៉​ង់​ទិញ​យ៉ាងច្រើន​ជា​បន្ត​បន្ទាប់ពី​បរទេស ជាពិសេស ពី​សហរដ្ឋអាមេរិក​តែម្តង​»​។  
 
​វិនិយោគិន​បរទេស​ជាច្រើន បាន​ចាក់​បញ្ចូល​ទឹកប្រាក់​ប្រមាណ​ពីរពាន់​លាន​ដុល្លារ​ទៅក្នុង​សង្វាក់​ផលិតកម្ម​ផ្នែក​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​របស់​វៀតណាម ក្នុងពេល​ប្រាំបី​ខែ​ដើមឆ្នាំ​២០១៨​នេះ​។ ហើយ​ភាគច្រើន​នៃ​បណ្តា​វិនិយោគិន​ទាំងនោះ គឺ​មកពី​ប្រទេស ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និង​ចិន​។ នេះ​ជា​បញ្ជាក់​របស់លោក Giang ។​
 
​វៀតណាម​នាំចេញ​ផលិតផល​សម្លៀកបំពាក់​ទៅ​ទីផ្សារ​អាមេរិក​កាន់តែច្រើន ដោយ​កើនឡើង​រហូតដល់​១២% ក្នុង​រយៈពេល​១០​ខែ​ចុងក្រោយ ចាប់ពី​ខែមករា​ដល់​ខែតុលា​។ វា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១០,៥ ពាន់​លាន​ដុល្លារ​។ ចំណែក ឯ​ការនាំចេញ​ទៅកាន់​ចិន បាន​ហក់​ឡើង​រហូតដល់ ៤០%​ឯណោះ ដែល​ស្មើនឹង​ទឹកប្រាក់ ១,១​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​រដ្ឋាភិបាល​វៀតណាម បានចេញ​ផ្សាយ​កាលពី​ទី​០១ ខែតុលា ឆ្នាំ​២០១៨​។​
 
​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា វៀតណាម​បច្ចុប្បន្ននេះ មាន​រោងចក្រ​វាយ​ណ​ភណ្ឌ និង​សម្លៀកបំពាក់​លើស​ប្រាំមួយ​ពាន់​កន្លែង ហើយ​ជួយ​បង្កើត​ការងារ​ដល់​បុគ្គលិក​ជាង​៣​លាន​នាក់​ឯណោះ​។ ទាក់ទិន​នឹង​របាយការណ៍​ថ្មី​នេះដែរ លោក Giang បាន​ពន្យល់ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​សន្ទុះ​ដ៏​គួរ​ឲ្យ​កត់​ស​ម្គា​ត់​ខាង​វិស័យ​វាយ​ន​ភណ្ឌ​របស់​វៀតណាម​បែបនេះ គឺ​ដោយសារ​កត្តា​ចំនួន​ពីរ​។ មួយ​គឺ វិវាទ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក និង​កំណើន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​វៀតណាម​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សម្លៀកបំពាក់​ជា​ផលិតផល​នាំចេញ​លំដាប់​ទី​ពីរ បន្ទាប់ពី​ផលិតផល​ទូរ​សព្ទ​ឆ្លាត​វៃ ដែល​អាច​រកប្រាក់​ឲ្យ​វៀតណាម​បាន​ច្រើន​បំផុត​។ ការនាំចេញ​សម្លៀកបំពាក់​របស់​វៀត​ណា​ម​ទៅកាន់​ទីផ្សារ​បរទេស​មា​ន​ភាពល្អប្រសើរ ដ្បិតថា ទំនិញ​នេះ មិនមែនជា​គោលដៅ​នៃ​ការដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​ឡើយ​។​
 
​ក្រុង​វ៉ាស៊ីនតោន​បាន​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ហើយ​ចិន​ក៏បាន​វាយបក​ទៅវិញ​លើ​ទំនិញ​អាមេរិក ដែលមាន​ទំហំ​ទឹកប្រាក់​១១០​ពាន់​លាន​ដុល្លារ​ផងដែរ​។ ភាគី​មិនទាន់​រក​ដំណោះស្រាយ​ឃើញ​នៅឡើយ​ទេ ដើម្បី​បញ្ចប់សង្គ្រាម​ដ៏​គ្រោះថ្នាក់​នេះឡើយ​៕
 

Tag:
 សេដ្ឋកិច្ច​វៀតណាម សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com