ជាតិ
២៥ខេត្ត/រាជធានី
អ្នកសារព័ត៌មាន១៦រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «កសិកម្ម និងបរិស្ថាន» នៅខេត្តសៀមរាប
× សៀមរាប៖ អ្នកសារព័ត៌មាន ១៦រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលនៅខេត្តសៀមរាប ដែលរៀបចំដោយទូរទស្សន៍បារាំង CFI និងអង្គការ Gret ។ គោលបំណង នៃវគ្គបណ្តុះបណ្តាលជំរុញឱ្យអ្នកសារព័ត៌មានស្វែងយល់ពីវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែទូលំទូលាយ ដើម្បីចូលរួមផ្សាព្វផ្សាយព័ត៌មានជុំវិញវិស័យនេះឱ្យកាន់តែលម្អិតដល់កសិករ, ភាគីពាក់ព័ន្ធ រួមទាំងអ្នកបរិភោគ។ កម្មវិធីសិក្សាដែលប្រព្រិត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នាក្រុងសៀមរាបនេះ គឺបណ្តុះបណ្តាលដោយសាស្ត្រាចារ្យផ្នែកព័ត៌មានជនជាតិបារាំងឈ្មោះ Sylvie LARRIERE ។
អ្នកសារព័ត៌មានកម្ពុជាចំនួន ១៦រូប មកពីវិទ្យុ, ទូរទស្សន៍ និងសារព័តមានអនឡាញនានា បានចូលរួមវគ្គបណ្ដុះបណ្ដាលសារព័ត៌មានស្ដីពី កសិកម្ម និងបរិស្ថាន។ លោក Florent SIGNIFRED ប្រធានគម្រោងនៃ CFI បានលើកឡើងថា៖ «ការវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានកម្ពុជាស្ដីពី កសិកម្ម និងបរិស្ថាននេះ ដោយមើលឃើញថា វិស័យកសិកម្មនៅកម្ពុជា ជាវិស័យមួយដ៏លេចធ្លោ ដូច្នេះអ្នកសារព័ត៌មានគួរតែពង្រឹងសមត្ថភាពបន្ថែមក្នុងការចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយដល់កសិករនានា។ ជាពិសេសការផ្សព្វផ្សាយពីបច្ចេកទេស និងការប្រែប្រួលអាកាសធាតុជាដើម»។
ប្រធានគម្រោងនៃ CRI រូបនេះ សង្ឃឹមថា អ្នកសារព័ត៌មានទាំងអស់ ដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះ នឹងស្វែងយល់អំពីកម្រិតជីវភាពរស់នៅរបស់កសិករ រួមទាំងការផ្សព្វផ្សាយផលិតផលរបស់កសិករឲ្យបានទូលំទូលាយ។
ចំណែកអង្គការ Gret ដែលជាដៃគូរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក៏បានលើកឡើងជុំវិញបញ្ហាកសិកម្មនេះផងដែរ។ លោក ទូច សុខារិទ្ធិ ប្រធានគ្រប់គ្រងគម្រោងនៃអង្គការ Gret បានបញ្ជាក់ថា៖ «បច្ចុប្បន្ន វិស័យកសិកម្មនៅកម្ពុជា មិនសូវមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធនៅឡើយទេ។ ហេតុដូច្នេះ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មានស្វែងយល់ពីកសិកម្ម»។
ប្រធានគ្រប់គ្រងគម្រោងនៃអង្គការ Gret រូបនេះ បន្តថា អ្នកសារព័ត៌មាន នឹងចូលរួមផ្សព្វផ្សាយជូនដល់អ្នកពាក់ព័ន្ធ ឲ្យបានដឹងពីអ្វីដែលកសិករផលិតបាន និងជួយជំរុញទីផ្សារកសិកម្មដល់កសិករ។ លោក ទូច សុខារិទ្ធិ ជឿជាក់ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មាននឹងចូលរួមផ្សព្វផ្សាយពីកសិកម្មឲ្យបានទូលំទូលាយ និងផ្ដល់ព័ត៌មានដល់គ្រប់ភាគីពាក់ព័ន្ធនានា រួមទាំងអ្នកបរិភោគផងដែរ។
សូមបញ្ជាក់ថា អ្នកសារព័ត៌មាន ១៦រូបនេះ មកពីសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (ThmeyThmey.com), វិទ្យុបារាំងអន្តរជាតិ, វិទ្យុស្ត្រី, វិទ្យុសំឡេងប្រជាធិបតេយ្យ, ទូរទស្សន៍ថោន, សារព័ត៌មាន Swift News, ទូរទស្សន៍អប្សរា រួមទាំងវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
Tag:
សៀមរាប
CFI
Gret
កសិកម្ម
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com