អន្តរជាតិ
បងប្រុសអនុប្រធានាធិបតីអាមេរិក ជាប់ឆ្នោតជាសមាជិករដ្ឋសភា អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងបងប្រុសរបស់លោកដែលទើបជាប់ឆ្នោតជាសមាជិករដ្ឋសភាអាមេរិក ក្រេក ផេន (រូបភាព The Republic)
× លោក ក្រេក ផេន (Greg Pence) បងប្រុសអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន (Mike Pence) បានជាប់ឆ្នោតជាសមាជិករដ្ឋសភាអាមេរិកប្រចាំ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិថ្ងៃទី៦ ខែវិច្ឆិកា។ ជ័យជម្នះរបស់លោក ក្រេក ផេន ត្រូវបានប្រកាស ខណៈសន្លឹកឆ្នោតរាប់មិនទាន់អស់ផងនោះ។
លោក ក្រេក ផេន បានទទួលសំឡេងគាំទ្រចំនួន៦៨ភាគរយ ក្រោយការរាប់សន្លឹកឆ្នោតជិតអស់ទៅហើយនោះ។ លោក ក្រេក ផេន នឹងក្លាយជាសមាជិករដ្ឋសភាប្រចាំមណ្ឌលទី៦ ក្នុងរដ្ឋ Indianna ដែលប្អូនប្រុសលោក គឺអនុប្រធានាធិបតីអាមេរិកសព្វថ្ងៃ ម៉ៃ ផេន ធ្លាប់ធ្វើជាតំណាងដែរ។
ជាសមាជិកបក្សសាធារណរដ្ឋ លោក ក្រេក ផេន បានផ្ដួលបេក្ខជនបក្សប្រជាធិបតេយ្យលោកស្រី Jeannine Lake ។ កៅអីសមាជិកសភាប្រចាំមណ្ឌលនេះនៅទំនេរក្រោយការចាកចេញរបស់លោក Luke Messer ដើម្បីប្រជែងអាសនៈព្រឹទ្ធសភាវិញ ប៉ុន្តែមិនបានជោគជ័យឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP សមាជិកសភាថ្មីវ័យ៦១ឆ្នាំរូបនេះបាននិយាយលើកសរសើរប្រធានាធិបតី ដូណាល់ ត្រាំ និងប្រកាសគាំទ្រគោលនយោបាយរបស់លោក ត្រាំ ក្នុងការយុទ្ធនាការដើម្បីគាំទ្រក្រុមវណ្ណៈកណ្ដាល និងធានាថា គោលនយោបាយទាំងអស់ អាចឆ្លងផុតដំណាក់កាលរដ្ឋសភា៕
Tag:
អាមេរិក
Greg Pence
Mike Pence
© រក្សាសិទ្ធិដោយ thmeythmey.com