កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool មិនទាន់មាន​សុវត្ថិភាព ខណៈ Henry មិនអាច​ស្រោចស្រង់ Manaco ទៅ​វគ្គ​បន្ត​
07, Nov 2018 , 11:14 am        
រូបភាព
រូបថត AFP
រូបថត AFP
Liverpool មិនទាន់​ធានាបាន​កៅអី​ទៅកាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់ Champions League ឡើយ បន្ទាប់ពី​ពួកគេ​រង​បរាជ័យ ២-០ ក្រោម​ថ្វៃ​ជើង​ក្រុម​ម្ចាស់ផ្ទះ Red Star Belgrade នៃ​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ នា​កីឡដ្ឋាន​ក្នុងប្រទេស​ស៊ែ​ប៊ី នៅ​រាត្រី​ថ្ងៃទី​៦ ខែវិច្ឆិកា​។ ដោយឡែក AS Monaco ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Thierry Henry មិនអាច​ស្រោចស្រង់​ក្រុម​ឈានទៅ​វគ្គ​បន្ត​បានឡើយ ក្រោយ​ចាញ់ Club Brugge ក្នុងផ្ទះ​ខ្លួនឯង​ដល់​ទៅ ៤-០​។​

 
​ខ្សែប្រយុទ្ធ Milan Pavkov អាច​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ​ពីរ​គ្រាប់​ម្នាក់ឯង​ត្រឹម​រយៈពេល ៧ នាទី​ពោ​គឺ​នៅ​នាទី ២២ និង​២៩ ដើម្បី​ជួយ​ឲ្យ​ក្រុម Red Star (FK Crvena Zvezda) ឈ្នះ Liverpool និង​ជា​ជ័យជម្នះ​ជា​លើកដំបូង​របស់​ពួកគេ​ក្នុង​ក្របខណ្ឌ​ពាន​កំពូល​អឺរ៉ុប​ក្នុង​រយៈពេល​២៦​ឆ្នាំ​ចុងក្រោយ​។​
 
​ក្រុម​រហស្សនាម​ហង្ស​ក្រហម​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ដើម្បី​បន្ត​នាំមុខ​ក្នុង​ពូ​ល C បែ​ជា​បរាជ័យ​ទៅវិញ ដែល​ធ្វើ​ឲ្យ​ពួក​ប្រឈម​នឹង​ការធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​នេះ ព្រោះ​សល់​២​ប្រកួត​ទៀត​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង Napoli និង Paris Saint-Germain ដែលមាន​ពិន្ទុ​ប្រកៀក​ប្រកិត​គ្នា​។ ការប្រកួត​រវាង Napoli និង PSG បាន​ត្រឹម​ស្មើ​នាំ​ឲ្យ​ក្រុម​ទាំង​បាន​ម្នាក់​១​ពិន្ទុ​បន្ថែម​។​
 
​ឆ្លងកាត់​ការប្រកួត​៤​លើក Napoli ដែល​ដឹកនាំ​ដោយ​លោក Carlo Ancelotti ឈរ​នៅ​កំពូល​តារាង​វិញ​មាន​៦​ពិន្ទុ ស្មើ​ក្រុម​លោក Jurgen Klopp តាម​ពីក្រោយ​ដោយ​ក្រុម​យក្ស​បារាំង​ដែលមាន​៥​ពិន្ទុ និង Red Star ពី​ស៊ែ​ប៊ី​មាន​៤​ពិន្ទុ​។ ក្រុម​ទាំង​៤​សុទ្ធតែ​មានឱកាស​ឡើង និង​ធ្លាក់​ដូចៗ​គ្នា ខណៈ​នៅសល់​២​ប្រកួត​ទៀត​។​
 
​ចំណែក Monaco ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ជើង​ថ្មី Thierry Henry បាន​ធ្លាក់​ចេញពី​កម្មវិធី Champions League ដោយ​ស្វ័​ប្រវត្តិ​ហើយ​ទោះ​នៅសល់​២​ប្រកួត​ទៀត បន្ទាប់ពី​ចាញ់ Club Brugge ក្នុង​លទ្ធផល ៤-០​។ ឆ្លងកាត់​ការប្រកួត​៤​លើក ក្រុម​មកពី​លី​គ​កំពូល​បារាំង​នេះ​មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ ស្ថិតនៅ​បាត​តារាង​ពូ​ល A ខណៈដែល Borussia Dortmund និង Atletico Madrid មាន​៩ ពិន្ទុ​ដូចគ្នា​។ យ៉ាងណា​ក្រុម​របស់ Henry នៅមាន​ឱកាស​ដណ្តើម​កៅអី​លេង​នៅ Europa League បើសិនជា​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣​។​
 
​លទ្ធផល​ការប្រកួត​ផ្សេងទៀត​៖
 
-​ពូ​ល A

Monaco ០ - ៤ Club Brugge
Atletico Madrid ២ - ០ Borussia Dortmund

- ពូ​ល B 

Inter ១ - ១ Barcelona
Tottenham Hotspur ២ - ១ PSV Eindhoven

- ពូ​ល C 

FK Crvena Zvezda ២ - ០ Liverpool
Napoli ១ - ១ Paris Saint Germain
 
- ពូ​ល D 

FC Porto ៤ - ១ Lokomotiv Moscow
Schalke ០៤ ២ - ០ Galatasaray៕

Tag:
 Liverpool
  EUFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com