អន្តរជាតិ
ប្រមុខ​ការទូត​ថៃ​៖ បោះឆ្នោត​ឆ្នាំក្រោយ មិនចាំបាច់​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ឡើយ​
07, Nov 2018 , 7:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ​ (រូបភាព The Nation)
រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ​ (រូបភាព The Nation)
​រដ្ឋមន្ត្រីការបរទេស​ថៃ ដុន ប្រា​មុដ​វី​ណៃ (Don Pramudwinai) នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា បានបង្ហាញ​គំនិត​ជំទាស់​ទៅនឹង​វត្តមាន​របស់​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៩ ។ សម្រាប់​លោក ដុន វត្តមាន​របស់​អ្នកសង្កេតការណ៍​កើត​មានតែ​ប្រទេស​ណា​ដែល​បញ្ហា​ប៉ុណ្ណោះ ឯ​ថៃ​វិញ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ខ្លួនឯង​។ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​នេះ ជា​ជំហរ​រួម​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ឬ​យ៉ាងណា​ឡើយ​។​

 
​រដ្ឋាភិបាល​ថៃ​មិនត្រូវ​ការ​អ្នកសង្កេតការណ៍​អន្តរជាតិ​សម្រាប់​ត្រួតពិនិត្យ​ការបោះឆ្នោត​ឆ្នាំក្រោយ​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ថៃ ដុន ប្រា​មុដ​វី​ណៃ នៅឯ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក​។ ខែកុម្ភៈ ឆ្នាំ​២០១៩ គឺជា​កាលបរិច្ឆេទ​លឿន​ជាងគេ ដែល​គេ​រំពឹងថា ការបោះឆ្នោត​នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ ហើយ​ជាការ​បោះឆ្នោត​ដែល​លោក ដុន អះអាងថា ថៃ​អាច​រៀបចំ​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។​
 
​របប​សឹក​ថៃ ដែល​ធ្វើ​រដ្ឋប្រហារ​កាល​ខែឧសភា ឆ្នាំ​២០១៤ បាន​ពន្យារពេល​ការបោះឆ្នោត​ម្ដង​ជា​ពីរដង​រួចមកហើយ​រហូត​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ខឹងសម្បារ​យ៉ាងខ្លាំង​។ ការបោះឆ្នោត​ចុងក្រោយ​បំផុត​នៅ​ថៃ កើតឡើង​ក្នុង​ឆ្នាំ​២០១១ ដែល​ពេលនោះ បក្ស​ភឿ​ថៃ​ដែល​ជិតស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បានទទួល​សំឡេងគាំទ្រ​ភ្លូកទឹកភ្លូកដី ហើយ​ដឹកនាំ​រដ្ឋាភិបាល​រហូតដល់​អតីត​មេទ័ព ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នៅ​បី​ឆ្នាំ​បន្ទាប់​។​
 
​ជាការ​បោះឆ្នោត​លើកដំបូង​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំ អ្នកនយោបាយ និង​ក្រុម​អ្នក​រិះគន់​ចង់ឃើញ​អ្នកសង្កេតការណ៍​បរទេស​សម្រាប់​ព្រឹ​ត្ត​ការណ៍​ថ្ងៃទី​២៤ ខែកុម្ភៈ​។ បើតាម​កាសែត The Nation គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់​ថៃ ក៏បាន​ទទួលយក​សំណើ​ពី​អង្គការ​អន្តរជាតិ​ដើម្បី​ចូលរួម​ត្រួតពិនិត្យ​ការបោះឆ្នោត​។ យ៉ាងណាមិញ លោក ដុន និយាយថា អ្នកសង្កេតការណ៍​អន្តរជាតិ​ទៅ​ប្រទេស​ណា​ដែលមាន​បញ្ហា​ផ្នែក​បោះឆ្នោត​ប៉ុណ្ណោះ​។​
 
​ប្រមុខ​ការទូត​ថៃ​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ថា ការអនុញ្ញាត​ឲ្យ​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ ជាការ​បង្ហាញថា ថៃ​មាន​បញ្ហា ហើយ​មិនអាច​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯងបាន​។ ជាមួយនឹង​ការអះអាង​ថា ថៃ​មិនដែល​បញ្ហា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​នោះ លោក ដុន បន្ថែមថា អ្នក​ដែល​សក្តិសម​បំផុត​សម្រាប់​ធ្វើជា​អ្នកសង្កេតការណ៍​ជំនួស​ឲ្យ​ជនបរទេស​នោះ គឺ​អ្នកបោះឆ្នោត​ថៃ​ផ្ទាល់​ទៅវិញ​។​
 
​វត្តមាន​ជនបរទេស​ជា​អ្នកសង្កេតការណ៍ ក៏ត្រូវ​បាន​លោក ដុន យកទៅ​បកស្រាយ​ថា ជា​ការពឹង​ផ្អែកលើ​ប្រទេស​ផ្សេង​ដែរ ហើយ​ដែលជា​រឿង​មិនចាំបាច់​ឡើយ​។ សម្រាប់​រដ្ឋមន្ត្រីការបរទេស​ថៃ​រូបនេះ អន្តរាគមន៍​របស់​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ មានន័យថា ថៃ​មិនទាន់​ចាស់ទុំ និង​មិនទាន់​អភិវឌ្ឍ ដែល​តាមពិត ថៃ​អាចធ្វើ​ការ​បាន​ដោយ​ខ្លួន និង​ធ្លាប់​ជោគជ័យ​ជាច្រើន​ដង​រួចមកហើយ​៕ 

Tag:
 ​ថៃ​
  Don Pramudwinai
© រក្សាសិទ្ធិដោយ thmeythmey.com