អន្តរជាតិ
រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​ជ្រើសរើស​អភិបាលរដ្ឋ​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ជា​លើកដំបូង​
07, Nov 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Jared Polis បានឈ្នះ​ការបោះឆ្នោត​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​ដោយ​ក្លាយជា​អភិបាលរដ្ឋ​ដំបូង​គេ​ដែល​ប្រកាស​ខ្លួន​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ជា​សាធារណៈ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័​ត៌ា​មន AFP នៅ​ថ្ងៃ ៧ ខែវិច្ឆិកា​នេះ​។ 


 
​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃ ៦ ខែវិច្ឆិកា​នេះ លោក Jared Polis បានទទួល​ការគាំទ្រ​ជា​អភិបាលរដ្ឋ​ខូ​ឡូ​រ៉ា​ដូ ក្នុងនាម​ជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​។ មុន​ក្លាយជា​អភិបាលរដ្ឋ​នេះ លោក Polis បាន​បំពេញការងារ​ជា​សមាជិកសភា​តំណាងរាស្ត្រ​ចាប់ពី​ឆ្នាំ ២០០៩​។ 
 
​ក្នុងការ​ឃោសនា​កន្លង​ស្វែងរក​សំឡេងឆ្នោត​កន្លងមក លោក Polis ហើយ​លោក​មិនដែល​លាក់បាំង​ពី​ខ្លួនឯង​ជា​អ្នក​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ឡើយ ហើយ​លោក​ក៏​ព្យាយាម​ប្រើប្រាស់​រឿងនេះ​ដើម្បី​បង្ហាញ​ពី​ជំហរ​មួយ​ប្រឆាំង​គោលនយោបាយ​ដែល​មិន​គាំទ្រ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថែម​ទៀតផង​។​
 
​ការស្រលាញ់​ភេទ​ដូចគ្នា​របស់លោក Polis នេះ​មិន​បានទទួល​ការទិតៀន ឬ​ប្រឆាំង​ពី​គូប្រជែង​ខ្លួន​មកពី​បក្ស​សាធារណរដ្ឋ​លោក Walker Stapleton ឡើយ​។ ប៉ុន្តែ​វា​មាន​ចលនា​ប្រឆាំងនឹង​រូបលោក​មួយចំនួន​ដែរ ដែល​រៀបចំឡើង​ដោយ​ក្រុម​អ្នកមាន​និន្នាការ​អភិរក្ស​នៅក្នុង​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​ដែល​មិន​គាំទ្រ​សិទ្ធិ​នៃ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នោះ​។  
 
​លោក Polis  ជា​អ្នកប្រជាធិបតេយ្យ​ជឿនលឿន​ដែល​បន្ត​តស៊ូ​មតិ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​សុខាភិបាល​មួយ​ល្អ​និង​មានតម្លៃ​សមរម្យ​សម្រាប់​មនុស្ស​ទាំងអស់គ្នា​។ លោក​ក៏​ជា​អ្នកនយោបាយ​ដែល​គាំទ្រ​ឲ្យ​មានការ​បង្កើត​ច្បាប់​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ ជំរុញ​ការវិនិយោគ​លើ​ថម​ពល​កកើត​ឡើងវិញ លុបចោល​ទោស​ប្រហារជីវិត ក៏ដូចជា​ជំរុញ​ការកែទម្រង់​វិស័យ​អប់រំ​ជាដើម​។​
 
​តាមពិតទៅ​អតីត​អភិបាលរដ្ឋ New Jersey Jim McGreevey ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ បានប្រកាសថា​ខ្លួន​ជា​អ្នក​ស្រា​លាញ់​ភេទ​ដូចគ្នា​ពេល​ខ្លួន​កំពុងកាន់​តំណែង​ក្នុង​ឆ្នាំ ២០០៤​។ ចំណែក លោកស្រី Kate Brown ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ​ដែរនោះ​បានប្រកាសថា​ខ្លួន​ស្រលាញ់​ភេទ​ដូចគ្នា​ដែរ​នៅពេល​លោកស្រី​ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើជា​អភិបាលរដ្ឋ Oregon ក្នុង​ឆ្នាំ ២០១៦​។ ប៉ុន្តែ​លោក Polis ជា​អ្នក​ដែល​ហ៊ាន​ប្រកាសថា​ខ្លួន​បេក្ខជន​អភិបាលរដ្ឋ​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ក្នុងពេល​ឃោសនា ហើយ​ជាប់ឆ្នោត​ជាប់​អភិបាលរដ្ឋ​។  
 
​សូមបញ្ជាក់ថា ថ្ងៃ ៦ ខែវិច្ឆិកា​នេះ សហរដ្ឋអាមេរិក​រៀប​ចំការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដែល​ការបោះឆ្នោត​នេះ​គឺមាន​ការប្រកួតប្រជែង​ដណ្តើម​អាសនៈ​សភា​ជាន់​ទាប​ឬ​រដ្ឋសភា​ទាំង ៤៣៥ និង​មួយ​ភាគបី​នៃ​អាសនៈ​ព្រឹទ្ធសភា​ឬ ៣៥​អាសនៈ រួមជាមួយ​តំណែង​អភិបាលរដ្ឋ​ចំនួន ៣៦ ដែរ​។ លទ្ធផល​បណ្តោះ​អ​សន្ន​បង្ហាញថា គណបក្ស​ប្រជាធិបតេយ្យ​ដណ្តើមបាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា​ជា​លើកដំបូង​ក្នុងពេល​ប្រាំបី​ឆ្នាំ​មកនេះ ខណៈដែល​បក្ស​សាធារណរដ្ឋ​នៅ​រក្សា​ព្រឹទ្ធសភា​ដដែល​៕ 

Tag:
 ​ខូ​ឡូ​រ៉ា​ដូ​
  Jared Polis
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com