អន្តរជាតិ
ជំនួប​រវាង​ប្រមុខ​ការទូត​អាមេរិក​និង​មន្ត្រី​ទី​ពីរ​កូរ៉េខាងជើង ត្រូវ​លើក​ពេល​ដោយ​គ្មាន​មូលហេតុ​
07, Nov 2018 , 9:19 pm        
រូបភាព
លោក ប៉ុមប៉េអូ ចាប់ដៃលោក គីម យ៉ុងឈុល នៅព្រលានយន្តហោះព្យុងយ៉ាង (រូបភាព AFP)
លោក ប៉ុមប៉េអូ ចាប់ដៃលោក គីម យ៉ុងឈុល នៅព្រលានយន្តហោះព្យុងយ៉ាង (រូបភាព AFP)
​ជំនួប​ចរចា​រវាង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង គីម យ៉ុង​ឈុ​ល ដែល​គ្រោង​ធ្វើ​ក្នុង​សប្ដាហ៍​នេះ ត្រូវបាន​លើក​ពេល​វិញ​ហើយ​។ ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាស​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា គឺ​មួយ​ថ្ងៃមុន​កាលបរិច្ឆេទ​នៃ​ជំនួប​។ មិនមាន​មូលហេតុ​ណាមួយ​ត្រូវបាន​បញ្ចេញ​ឡើយ ប៉ុន្តែ​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​អះអាងថា ភាគី​ទាំងពីរ​នៅតែ​បន្ត​ការជជែក​គ្នា​ដដែល​។​

 
​ជំនួប​រវាង​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​មន្ត្រី​កូរ៉េខាងជើង នឹងធ្វើ​ឡើង​នៅពេល​វេលា​ក្រោយ​វិញ​។ នេះ​ជាការ​ប្រកាស​របស់លោក​ស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​។ តាម​គម្រោង លោក ប៉ុ​ម​ប៉េ​អូ នឹង​ជួប​ជាមួយ​លោក គីម យ៉ុង​ឈុ​ល មនុស្ស​ជំនិត​មេដឹកនាំ​កូរ៉េខាងជើង នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ដើម្បី​បន្ត​ការពិភាក្សា​ការលុបបំបាត់​នុយក្លេអ៊ែ​រ និង​លទ្ធភាព​ជំនួប​លើក​ទី​ពីរ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​។​
 
​ក្រោយ​លើក​ពេល​ជំនួប​ដែល​គ្រោង​ធ្វើ​ក្រុង​ញូវយ៉ក លោកស្រី Nauert មិន​បញ្ជាក់ថា កាលបរិច្ឆេទ​ថ្មី​នឹង​កើតឡើង​នៅពេលណា​ឡើយ ដោយបាន​ត្រឹម​និយាយថា ជំនួប​លើក​ក្រោយ​នឹងធ្វើ​ឡើង បើ​ពេលវេលា​អនុញ្ញាត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ខណៈ​អាមេរិក​មិន​ប្រាប់​មូលហេតុ​នៃ​ការពន្យារពេល​ជំនួប​ដ៏​សំខាន់​នេះ កូរ៉េខាងជើង​ក៏​ប្រកាន់​ទម្លាប់​មិន​និយាយ​អ្វី​ដែរ​។ លទ្ធផល​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​មិនល្អ ទំនងជា​កត្តា​មួយ​ដែល​រដ្ឋបាល​លោក ត្រាំ សម្រេចចិត្ត​ប្ដូរ​ពេល​ជួប​មនុស្ស​សំខាន់​របស់លោក គីម បែបនេះ​។ លទ្ធផល​បថ​ម​បង្ហាញថា បក្ស​សាធារណរដ្ឋ​របស់លោក ត្រាំ បាន​បាត់បង់​ការគ្រប់គ្រងរ​ដ្ឋ​សភា តែ​បន្តកាន់កាប់​ស្ថាប័នព្រឹទ្ធសភា​ដដែល​។​
 
​យ៉ាងណា​ក៏ដោយចុះ ការលើក​ពេល​ភ្លាមៗ​នេះ ជា​សញ្ញា​មិនល្អ​ឡើយ​សម្រាប់​ការរំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ស្របពេល​ការចរចា​កន្លងមក​ដែល​ជាប់គាំង​ផង​នោះ មិនមាន​ផ្លែផ្កា​ដុំកំភួន​អ្វី​ទេ​។ ក្រុង​ព្យុងយ៉ាង​បានទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ព្យួរ​ទណ្ឌកម្ម ជា​ថ្នូរ​នឹង​វិធានការ​របស់ខ្លួន​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​កន្លងមក​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​មិន​យល់ស្រប​ឡើយ និង​ចង់​ឲ្យ​របប​កុម្មុយនីស្ត​ព្យុងយ៉ាង​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​សិន ទើប​ខ្លួន​អាច​ផ្ដល់​ការលើកទឹកចិត្ត​បាន​។​
 
​ភាពទាល់ច្រក​ក្នុង​ដំណើរ​ការចរចា ទំនង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​ពេញចិត្ត ដ្បិត​អាមេរិក​នៅតែ​មិនទាន់​ផ្ដល់​ការលើកទឹកចិត្ត​អ្វី​ដល់​កូរ៉េខាងជើង ទោះជា​រដ្ឋ​មួយ​នេះ​បានធ្វើ​សកម្មភាព​មួយចំនួន​រួចហើយ​ក្ដី​។ កាន់តែ​បារម្ភ កាលពី​ចុង​សប្ដាហ៍​មុន ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​សេចក្ដីថ្លែងការណ៍​ព្រមាន​មួយ​ថា ក្រុង​ព្យុងយ៉ាង​នឹង​ពិចារណា​ត្រឡប់​ទៅរក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើងវិញ បើ​ទណ្ឌកម្ម​អាមេរិក​មិនត្រូវ​បាន​លើកលែង​ទេនោះ​៕

Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
  គីម យ៉ុង​ឈុ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com