អន្តរជាតិ
តុល្យភាព​អំណាច​ត្រឡប់មកវិញ ក្រោយ​បក្ស​ប្រជាធិបតេយ្យ​ដណ្តើមបាន​រដ្ឋសភា​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ
07, Nov 2018 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​បង្ហាញ​ឲ្យ​ឃើញថា គណបក្ស​ប្រជាធិបតេយ្យ​ដណ្តើម​សភាតំណាងរាស្ត្រ (House of Representatives) ឬ​រដ្ឋសភា​មក​គ្រប់គ្រង​វិញ​ជា​លើកដំបូង​ក្នុងពេល​ប្រាំបី​ឆ្នាំ​មកនេះ ខណៈដែល​ព្រឹទ្ធសភា​ត្រូវ​បន្ត​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ្នក​សាធារណរដ្ឋ​ដែល​។ ប៉ុន្តែ​វា​ជាការ​ផ្លាស់ប្តូរ​មួយ​នេះ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ឡើងវិញ​ក្នុង​បរិបទ​នយោបាយ​អាមេរិក​ដែរ​។


 
​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ​អង្គារ​ទី ៦​ខែវិច្ឆិកា ដោយ​អាសនៈ​ទាំងអស់​ចំនួន ៤៣៥ នៅក្នុង​រដ្ឋសភា (House of Representatives) រួមជាមួយ​អាសនៈ​មួយ​ភាគបី​ឬ ៣៥ នៃ​អាសនៈ​ទាំង ១០០​នៅក្នុង​ព្រឹទ្ធសភា (Senate) ត្រូវដាក់​ឲ្យ​ប្រកួតប្រជែង​រវាង​បក្សនយោបាយ​ជាពិសេស​បក្ស​ធំៗ​ទាំងពីរ​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​។ តំណែង​អភិបាលរដ្ឋ​ចំនួន ៣៦ ផង​នោះ​ក៏​នៅក្រោម​ការ​ប្រជែង​គ្នា​រវាង​បក្សនយោបាយ​ដែរ​។​
 
 
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ​ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​បន្ត​ឈ្នះឆ្នោត​ក្តោប​ក្តាប់​សភា​ទាំងពីរ​ជាន់​នោះ បាន​រង់​ចាំមើល​លទ្ធផល​យ៉ាង​អន្ទះសា ប៉ុន្តែ​លោក​នៅ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​នៅ​ថ្ងៃ​បោះឆ្នោត​នេះ​។ 
 
​ខណៈដែល​ការរាប់​សន្លឹកឆ្នោត​បន្ត​ទៅមុខ លទ្ធផល​បឋម​បង្ហាញថា គណបក្ស​ប្រជាធិបតេយ្យ​ដណ្តើមបាន​អាសនៈ​ភាគច្រើន​ក្នុង​រដ្ឋសភា​ពោលគឺ​លើ ២១៨ ដែលជា​សំឡេង​ភាគច្រើន​រួចទៅហើយ​។ នេះ​ជា​លើកដំបូង​ក្នុងពេល​៨ ឆ្នាំ ដែល​អាសនៈ​រដ្ឋសភា​ភាគច្រើន​ត្រូវ​បក្ស​ប្រជាធិបតេយ្យ​កាន់កាប់​នោះ​។ 
 
​ប៉ុន្តែ​នៅក្នុង​ព្រឹទ្ធសភា​ឯណោះ​វិញ បក្ស​ប្រជាធិបតេយ្យ​នៅតែ​មិនអាច​ផ្តួល​បក្ស​សាធារណរដ្ឋ​ដើម្បី​ប្រជែង​យក​អាសនៈ​ភាគច្រើន​នៅក្នុង​ស្ថាប័ន​នេះ ដែល​មានន័យថា​សមា​ជិប​ក្ស​សាធារណរដ្ឋ​នៅតែ​ក្តោប​ក្តាប់បាន​អាសនៈ​លើសពី ៥១​ដដែល​។ ចាប់ពី​ឆ្នាំ ២០១៤ មក​ព្រឹទ្ធសភា​នេះ​គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​សាធារណរដ្ឋ​។​
​ថ្វីបើ​គេ​អាច​ទាយ​ដឹង​មុន​ពី​ការបរាជ័យ​របស់​បក្ស​សាធារណរដ្ឋ​ក្នុងការ​រក្សា​សំឡេង​ភាគច្រើន​ក្នុង​សភា​ទាំងពីរ​ក្តី លទ្ធផល​លើក​នេះ​នឹងធ្វើ​ឲ្យ​មានការ​ប្រែប្រួល​មួយ​ដែល​បង្កើត​តុល្យភាព​អំណាច​នៅក្នុង​ស្ថាប័ន​ដឹកនាំ​របស់​អាមេរិក​ក្រាស់ក្រែល​ដែរ​។ 
 
​មាន​តុល្យភាព​អំណាច​នេះ គឺ​សំដៅលើ​ការ​ត្រឡប់មកវិញ​នៃ​ការបែងចែក​អំណាច​គ្នា​រវាង​គណបក្ស​ធំៗ​ទាំងពីរ​ដែល​ក្តោប​ក្តាប់​ស្ថាប័ន​នីតិបញ្ញត្តិ​។ បក្ស​ប្រជាធិបតេយ្យ​នឹងមាន​អំណាច​សម្រេច​ក្នុង​រដ្ឋសភា ខណៈដែល​បក្ស​សាធារណរដ្ឋ​មាន​ឥទ្ធិពល​លើ​ការសម្រេច​ក្នុង​ព្រឹទ្ធសភា​។ វា​មាន​សញ្ញា​វិជ្ជមាន ដ្បិតថា​គ្មាន​បក្ស​ណា​ដែលមាន​អំណាច​លើសលុប និង​អាច​ធ្វើតាម​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។ ការដាក់ចេញ​គោលនយោបាយ ច្បាប់ ឬ​ការសម្រេចចិត្ត​ផ្នែក​នយោបាយ​ណាមួយ​អាច​សម្រេច​ទៅរួច​ដរាបណា​មានការ​ចរចា និង​ស្រុះស្រួល​គ្នា​ជាម​មុន​សិន​។ 
 
​បើទោះជា​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​គោលនយោបាយ​រវាង​បក្ស​ធំៗ​ទាំងពីរ​ក៏ដោយ វា​នៅតែមាន​សំណុំរឿង​ច្រើន​ដែល​បក្ស​ទាំងពីរ​អាច​ចាប់ដៃគ្នា​ដោះស្រាយ​នៅពេល​ខាងមុខ​បាន​ក្នុងស្ថានភាព​ប្រែប្រួល​ចរន្ត​នយោបាយ​ដូច​បច្ចុប្បន្ន​។ បើតាម​សារព័ត៌មាន Vox ច្បាប់​ថវិកាជាតិ​, ច្បាប់​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត និង​វិស័យ​មួយចំនួនទៀត​ជា​អ្វីដែល​ក្រុម​អ្នកប្រជាធិបតេយ្យ​សំឡឹង​ឃើញ និង​យល់ថា ខ្លួន​អាច​ចាប់ដៃ​អ្នក​សាធារណរដ្ឋ​ដើម្បី​សម្រេច​រួមគ្នា​បាន​។​
 
​ប៉ុន្តែ​រឿង​ផ្សេងទៀត​ដែល​អាច​ប្រទាំង​ប្រទើស​គ្នា​ខ្លាំង​នោះ​គឺ  សមាជិក​បក្ស​ប្រជាធិបតេយ្យ​នឹង​ប្រើប្រាស់​អំណាច​របស់ខ្លួន​ដើម្បី​បិទផ្លូវ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​តែងតាំង​មន្ត្រីជាន់ខ្ពស់ និង​ឈានទៅ​បញ្ចប់​បំណង​បក្ស​សាធារណរដ្ឋ​ក្នុង​ការលុបចោល​បទបញ្ញត្តិ​សុខាភិបាល Obamacare, រួមទាំង​បន្ត​តស៊ូ​មតិ​ដើម្បី​ទប់ស្កាត់​ការ​ឈានទៅ​កាត់បន្ថយ​ការចំណាយ លើ​វិស័យ​សុខាភិបាល សន្តិសុខ​សង្គម និង​ទប់ស្កាត់​មិន​ឲ្យ​លោក ត្រាំ កាត់​បន្ថយពន្ធ​ទ្រង់ទ្រាយ​ធំ​ដែល​ដាក់​លើ​ក្រុមហ៊ុន និង​អ្នកមាន​ស្តុកស្តម្ភ​ផងដែរ​។ 
 
​ការគ្រប់គ្រង​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​នេះ​ក៏មាន​ន័យ​ដែរ​ថា ក្រុម​អ្នកប្រជាធិបតេយ្យ​នឹង​គ្រប់គ្រង​គណៈកម្មាធិការ​សភា​ដែលមាន​អំណាច​កោះប្រជុំ និង​អាច​ចាត់​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​ក្នុង​នយោបាយ​អាមេរិក​។ វា​នឹងមាន​ផល​អវិជ្ជមាន​ច្រើន​លើ​លោក ត្រាំ​ផ្ទាល់ ព្រោះ​គេ​អាច​រំពឹង​បាន​ថា តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​នឹង​ចាប់ផ្តើម​សងសឹក​រដ្ឋបាល​លោក ត្រាំ ដោយ​ចាប់ផ្តើម​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ចំណង​ពាក់ព័ន្ធ​រវាង​ប្រធានាធិបតី ត្រាំ និង​រុស្ស៊ី ជាពិសេស​ការ​លូកលាន់​ក្នុងការ​បោះឆ្នោត​ជួយ​ឲ្យ​លោក​ជាប់ឆ្នោត​ឆ្នាំ ២០១៦​។​
 
​ក្រៅពី​រឿង​ផ្ទាល់ខ្លួន ការ​ត្រឡប់មក​កាន់កាប់​រដ្ឋ​សភា​របស់​បក្ស​ប្រជាធិបតេយ្យ​នេះ ក៏​ជា​ឱកាស​របស់​គណបក្ស​នេះ​ក្នុង​ការបញ្ចេញ​ទស្ស​វិស័យ​នៃ​គោលនយោបាយ​របស់ខ្លួន​ដែរ មុន​ការបោះឆ្នោត​ប្រជាធិបតី និង​ការបោះឆ្នោត​សភា​មកដល់​នា​ឆ្នាំ ២០២០​។ តាំងពី​ឆ្នាំ ២០១០​ពេលដែល​រដ្ឋសភា​ត្រូវ​កាន់កាប់​ដោយ​អ្នក​សាធារណរដ្ឋ​នោះ គណបក្ស​នេះ​ពិបាក​ដាក់ចេញ​គោលនយោបាយ​ដែលមាន​លក្ខណៈ​ជឿនលឿន​សមប្រកប​នឹង​បរិបទ​សង្គម​បច្ចុប្បន្ន​ដែរ ជាពិសេស​បញ្ហា​អប់រំ និង​សុខាភិបាល​ដែលមាន​ឥទ្ធិពល​ខ្លាំង​លើ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​អាមេរិក​នោះ​។ 
 
​ដូច្នេះហើយ បើ​បក្ស​ប្រជាធិបតេយ្យ​នេះ​ធ្វើ​បានល្អ​ក្នុងការ​ដាក់ចេញ និង​អនុវត្ត​គោលនយោបាយ​ខ្លួន​ក្នុងពេល​ពីរ​ឆ្នាំ​ទៅមុខ​នោះ ប្រធានាធិបតី ត្រាំ ប្រហែលជា​ពិបាក​ក្នុងការ​រក្សា​កៅអី​របស់ខ្លួន​ផង​ក៏​មុន​ដឹង​។​
 
​មួយវិញទៀត ការដណ្តើម​អាសនៈ​ភាគច្រើន​ត្រឡប់មកវិញ​នេះ ក៏​នឹង​ធានា​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុង​ជួរ​ដឹកនាំ​របស់​រដ្ឋសភា​ដែរ​។ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi ដែល​ធ្លាប់​កាន់តំណែង​ជា​ប្រធានសភា​ចាប់ពី​ឆ្នាំ ២០០៧​ដល់​ឆ្នាំ ២០១១ អាច​នឹងមាន​លទ្ធភាព​ច្រើន​ដើម្បី​ឡើង​ធ្វើជា​ប្រធានសភា​ជំនួស​តំណែង​លោក Paul Ryan សមាជិក​បក្ស​សាធារណរដ្ឋ​ដែល​បានប្រកាសថា​លោក​មិន​ចូលរួម​ប្រជែង​យក​អាសនៈ​សភា​ជាថ្មី​តាំងពីដើម​ឆ្នាំនេះ​។ បើទោះជា​អ្នកប្រជាធិបតេយ្យ​ខ្លះ​មិន​ពេញចិត្ត​លោកស្រី​ក្តី លទ្ធភាព​ដែល​លោកស្រី​អាច​ទទួលបាន​ការទុកចិត្ត​ឲ្យ​ឡើងកាន់តំណែង​ប្រធានសភា​នោះ​មាន​ខ្ពស់ជាង​បេក្ខជន​ផ្សេងទៀត​។​
 
​ទុក​រឿង​ប្រែប្រួល​ចរន្ត​នយោបាយ និង​ផលប៉ះពាល់​មួយ​ឡែក​ចុះ​។  ការបរាជ័យ​របស់​ប​ក្ស​សាធារណរដ្ឋ​លើក​នេះ​មាន​ចំណែក​របស់​ប្រធានាធិបតី ត្រាំ ដែរ​។ មុនពេល​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ កាសែត​អាមេរិក New York Times បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្តី​លោក ត្រាំ ថា លោក​ចាត់ទុក​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នេះ​ជាការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​អាមេរិក​លើ​ការដឹកនាំ​របស់លោក​ពីរ​ឆ្នាំ​មកនេះ ថ្វីបើ​ឈ្មោះ​លោក​មិន​ស្ថិតនៅលើ​សន្លឹកឆ្នោត​ក៏ដោយចុះ​។ 
 
​លោក​ថែមទាំង​សន្យាថា​ទៀតថា លោក​នឹង​ព្យាយាម​បន្ថយ​វោហា​សព្ទ​នយោបាយ​របស់ខ្លួន​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រសើរ​ឡើងវិញ ព្រោះ​លោក​នឹងត្រូវ​ឈរឈ្មោះ​ជាថ្មី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២០​ផង​នោះ​។ លោក​ហាក់បីដូចជា​ទទួលស្គាល់​ថា គោលនយោបាយ និង​គោលជំហរ​របស់លោក​លើ​បញ្ហា​ក្នុងស្រុក​ក៏ដូចជា​បញ្ហា​ក្រៅ​ស្រុក​មួយចំនួន​នោះ​មាន​ចំណែក​ធ្វើ​ឲ្យ​បក្ស​លោក​បាត់បង់​សំឡេងគាំទ្រ​។ តួយ៉ាង​ការទិតៀន​ប្រព័ន្ធ​ផ្សព្វផ្សាយ គោលនយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍ និង​និយាយ​បរិហារ​ប្រើប្រាស់​ភាសា​អាសគ្រាម​ប៉ះពាល់​ដល់​តម្លៃ និង​កិត្តិយស​ស្ត្រី​នោះ​សុទ្ធសឹង​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​លោក​ធ្លាក់​ប្រជាប្រិយភាព​៕ 
 

Tag:
 ​អាមេរិក​
  រដ្ឋសភា​
  ព្រឹទ្ធសភា​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com