អន្តរជាតិ
លោក លី ខឹ​ឈាំ​ង​៖ ចិន​នៅតែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដដែល​ទេ​
07, Nov 2018 , 9:59 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា និយាយថា ចិន​មិនទាន់​សក្តិសម​ឈ្មោះ​ប្រទេស​អភិវឌ្ឍ​នៅឡើយ​ទេ​។ លោក លី និយាយ​បែបនេះ​នា​ជំនួប​តុមូល ១+៦ ជាមួយ​ប្រធាន​ស្ថាប័នហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ធំៗ​របស់​ពិភពលោក​ក្នុង​រដ្ឋធានី​ប៉េកាំង​។​

 
​នរណា​ក៏​ដឹង​ដែរ​ថា ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២ បន្ទាប់ពី​អាមេរិក តែ​ប្រទេស​នេះ​នៅតែ​ជាប់​ឈ្មោះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដដែល បើ​គិត​តាម​សូចនាករ​របស់​ស្ថាប័ន​អន្តរជាតិ​ធំៗ​។ ស្ថិតក្នុង​បញ្ជី​ប្រទេស​កំពុង​អភិវឌ្ឍ ចិន​អាចអនុវត្ត​គោលនយោបាយ​ជាច្រើន​ដែល​ប្រទេស​អភិវឌ្ឍ​ពិបាក​នឹងធ្វើ ជាពិសេស​នយោបាយ​ជួយ​ក្រុមហ៊ុន​ក្នុងស្រុក​តាមរយៈ​ការឧបត្ថម្ភ​ធន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិន​ពេញ​ចិត្តនឹង​ចំណាត់ថ្នាក់​របស់​ចិន ដែល​ផ្ទុយស្រឡះ​ពី​ទំហំ​សេដ្ឋកិច្ច​របស់ខ្លួន​។​
 
​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​ចេញមុខ​បកស្រាយ​ថា ចិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដដែល​។ ក្នុង​វេទិកា​តុមូល​ជាមួយ​ប្រធាន​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា លោក លី និយាយថា វា​ជា​រឿង​មិន​ស្រប​ការពិត​ឡើយ​ដែលថា ចិន​ជា​ប្រទេស​អភិវឌ្ឍ ហើយ​គួរ​បំពេញ​កាតព្វកិច្ច​ជា​ប្រទេស​អភិវឌ្ឍ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua មេដឹកនាំ​លំដាប់​ទី​២ របស់​ក្រុង​ប៉េកាំង​រូបនេះ​បាន​ពន្យល់ថា​៖ «​បច្ចុប្បន្ន ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់​មាន​តិចជាង​៩​ពាន់​ដុល្លារ ដែល​នេះ​ស្មើនឹង​៨០​ភាគរយ​នៃ​អត្រា​មធ្យម​របស់​ពិភពលោក​។ ទោះជា​គិត​តាម​ស​ន្ទ​ស្សន៍​អភិវឌ្ឍ​មនុស្ស (HDI) របស់​ធនាគារពិភពលោក​ដែល​ចិន​ស្ថ្តិ​ត​នៅ​លំដាប់​ទី​៨៦ ឬ​តាម​សូចនាករ​របស់​របៀប​វារៈ​សម្រាប់​ការអភិវឌ្ឍ​ឆ្នាំ​២០៣០​ក្ដី ចិន​នៅតែមាន​លក្ខណៈសម្បត្តិ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដដែល​»​។​
 
​ដោយ​ហៅ​ខ្លួនឯង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ធំជាងគេ លោក លី បង្ហាញ​ឆន្ទៈ​របស់​ចិន​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​បន្តទៀត ស្របតាម​កម្រិត​អភិវឌ្ឍ និង​សមត្ថភាព​របស់ខ្លួន​។ 
 
 
​បើទោះជា​ចិន​មាន​សេដ្ឋកិច្ច​ធំ​យ៉ាងណាក្ដី តែ​ប្រជាជន​ចិន​ភាគច្រើន​នៅតែ​បន្ត​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​ដដែល ខណៈ​ការអភិវឌ្ឍ​ក៏​មិន​កើតមានឡើង​នៅ​ទូទាំងប្រទេស​ឡើយ​។ ម្យ៉ាងទៀត ចិន​ខ្លួនឯង​ក៏​ចង់​ធ្វើខ្លួន​ជា​អ្នក​កំពុង​អភិវឌ្ឍ​បន្តទៀត ដើម្បី​ចៀស​ផុតពី​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងនាម​ជា​មហាអំណាច​ផងដែរ​៕  

Tag:
 ​ចិន​
  លី ខឹ​ឈាំ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com