កីឡាជាតិ
ជាតិ
Suzuki Cup៖ គ្រូម៉ាឡេស៊ីមិនបារម្ភម្ចាស់ផ្ទះ តែគិតថាវៀតណាម និងមីយ៉ាន់ម៉ា ជាឧបសគ្គ
× គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីលោក Tan Cheng Hoe និយាយថាលោកមិនសូវបារម្ភពីជំនួបទល់នឹងកម្ពុជាឡើយ តែវៀតណាម និងមីយ៉ាន់ម៉ាឯណោះទេដែលជាឧបសគ្គដើម្បីនាំក្រុមឈានទៅវគ្គបន្តនៃការប្រកួតពានរង្វាន់ AFF Suzuki Cup 2018។
ក្រុមជម្រើសជាតិកម្ពុជាដែលដឹកនាំដោយលោក Felix Agustin Gonzalez Dalmas នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីទទួលភ្ញៀវម៉ាឡេស៊ីសម្រាប់ការប្រកួតបើកឆាកពូល A នាថ្ងៃទី៨ ខែវិច្ឆិកា វេលាម៉ោង ៦:៣០នាទី។
ឆ្លើយតបនឹងសំណួររបស់អ្នកការសែតក្នុងសន្នីសីទសារព័ត៌មានដែលបានសួរថាតើក្នុងពូល A នេះតើក្រុមណាគ្រោះថ្នាក់សម្រាប់ម៉ាឡេស៊ី លោក Cheng Hoe បានឆ្លើយថា វៀតណាម និងមីយ៉ាន់ម៉ា ដែលសុទ្ធតែជាក្រុមខ្លាំង ព្រោះពួកគេធ្វើបានយ៉ាងល្អ និងជាគូប្រជែងដ៏ធំសម្រាប់ក្រុមរបស់លោកកាលពីឆ្នាំ២០១៦។
យ៉ាងណាក៏ដោយគ្រូបង្វឹករបស់ម៉ាឡេស៊ីដែលផ្តាស់ប្តូរសមាសភាពកីឡាករថ្មីរបស់ខ្លួនរហូតដល់១០រូប ជឿជាក់ជាក់ថា ក្រុមគោព្រៃនឹងធ្វើបានល្អក្នុងជំនួបថ្ងៃស្អែកសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៨នេះ ដ្បិតកម្ពុជាកៀកនឹងកម្មវិធីបុណ្យឯករាជ្យជាតិនៅថ្ងៃ ៩ វិច្ឆិកា ដែលនឹងជំរុញទឹកចិត្តកីឡាករក្នុងការប្រកួតនោះ។
កម្ពុជាបានទទួលរងបរាជ័យក្រោមថ្វីជើងរបស់ម៉ាឡេស៊ីរូចមកហើយក្នុងលទ្ធផល ៣-១ ក្នុងទឹកដីខ្លួនឯងនាការប្រកួតមិត្តភាពអន្តរជាតិកន្លងមក បើទោះស្ថិតក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅថ្មី Keisuke Honda ក៏ដោយ។
ក្រោយជំនួបទល់នឹងម៉ាឡេស៊ី កម្ពុជានឹងត្រូវទទួលភ្ញៀវឡាវនៅទីលានដដែលនៅថ្ងៃទី ២០ ខែវិច្ឆិកាសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល A នេះ៕
Tag:
បាល់ទាត់
AFF Suzuki Cup
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com