កីឡាជាតិ
ជាតិ
ក្រោយ​ឈប់​មួយរយៈ​ធំ ឌន សៅ បាន​ត្រឡប់មក​ប្រជែង​មេដាយ​ឲ្យ​កម្ពុជា​ជាថ្មី​
07, Nov 2018 , 5:21 pm        
រូបភាព
ដោយ:
​កីឡាករ ឌន សៅ ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម និង​ជើងឯក​អាស៊ីអាគ្នេយ៍ បាន​ត្រឡប់​មកកាន់​ទីលាន​សាជាថ្មី ដោយ​រូបគេ​ត្រូវ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ហ្វី​លីន​ចន្លោះ​ពីថ្ងៃ​ទី​៧-៩ ខែវិច្ឆិកា​។ កីឡាករ​១០​រូប​ផ្សេងទៀត ក៏ត្រូវ​បាន​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ ដើម្បី​តេស្ត​សមត្ថភាព​ត្រៀម​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​។

 
​ក្រោយ​ផ្អាក​អាជីព​ជា​កីឡាករ​អស់​រយៈពេល​៣​ឆ្នាំ ឌន សៅ ត្រូវបាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ផ្តល់ឱកាស​ឲ្យ​បង្ហាញ​សមត្ថភាព​សាជាថ្មី តាមរយៈ​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ហ្វីលីពីន​។ កត្តា​នេះ​បានធ្វើ​ឲ្យ ឌន សៅ ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម និង​ជើងឯក​អាស៊ាន​កន្លងមក ហាក់​ព្រួយបារម្ភ​សម្រាប់​ការចូលរួម​លើក​នេះ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កន្លងទៅ ឌន សៅ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការវិល​មក​ប្រកួត​ជាថ្មី វា​អាចមាន​ការលំបាក ព្រោះ​ខ្ញុំ​ខាន​ប្រកួត​ប្រមាណ​ជា​៣​ឆ្នាំ ហើយ​ខ្ញុំ​ក៏​លែង​បានដឹង​ពី​សមត្ថភាព​គូប្រកួត​ពីមុនៗ​មក​ដែរ គឺ​មួយរយៈ​ពេលនេះ ខ្ញុំ​បាន​ផ្តោត​ខ្លាំង​ទៅលើ​តែ​ការ​បង្វឹក​សិស្ស មិនសូវ​បាន​ហ្វឹកហាត់​ខ្លួនឯង​ប៉ុន្មាន​ទេ​»​។​
 
​ការដំឡើង​ទម្ងន់​ប្រកួត ក៏​ជា​ក្តីបារម្ភ​សម្រាប់​កីឡាករ​ទម្ងន់​រូបនេះ​ផងដែរ​។ ឌន សៅ ដែលមាន​ទម្ងន់​ត្រឹម​៩៧​គីឡូក្រាម​ត្រូវបាន​ដំ​ឡើងទៅ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​១២៥​គីឡូក្រាម​លើ​វិញ្ញាសា​ចំបាប់​សេរី​។ ទោះបី​យ៉ាងនេះ​ក្តី ម្ចាស់​មេដាយមាស​និង​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៣​រូបនេះ ប្តេជ្ញា​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ​។ 
 
​ក្រៅពី​ប្រជែង​រក​មេដាយ ការប្រកួត​នេះ ក៏​ដើម្បី​ធ្វើតេស្ត​សមត្ថភាព​របស់​គេ ដើម្បី​សម្រេច​ចូលរួម​ឬ​មិន​ចូលរួម​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន​ផងដែរ​។ ឌន សៅ អះអាងថា បើ​រូបគេ​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​នេះ នឹង​បន្ត​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន តែបើ​ធ្វើ​មិនបាន​ល្អ ប្រហែលជា​ឈប់​ត្រឹម​ការប្រកួត​នេះ​តែម្តង​។     
 
«​ការ​ឡើងទៅ​ប្រកួត​ក្នុង​ទម្ងន់​១២៥​គីឡូក្រាម ក៏​ជា​បញ្ហា​មួយ​ផងដែរ ដោយសារ​ខ្ញុំ​មាន​ទម្ងន់​ត្រឹម​៩៧​គីឡូក្រាម ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ខំប្រឹង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​វា​ជា​ឱកាស​របស់ខ្ញុំ​ក្នុងការ​ស្ទាបស្ទង់​ពី​កម្រិត​សមត្ថភាព​គូប្រកួត​ក្នុង​ទម្ងន់​ធ្ងន់​នេះ​។ បើ​ខ្ញុំ​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​នេះ ខ្ញុំ​នឹង​បន្តទៅ​ប្រកួត​ស៊ី​ហ្គេម តែបើ​ខ្ញុំ​ធ្វើ​មិន​បានល្អ ខ្ញុំ​ប្រហែលជា​ឈប់​ត្រឹម​ការប្រកួត​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ឌន សៅ ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​យុវជន​ថ្នាល​នៅ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។​
 
​ក្រៅពី​កីឡាករ ឌន សៅ កីឡាករ​១០​រូប​ផ្សេងទៀត ក៏ត្រូវ​បាន​បញ្ជូន​ឲ្យ​ចូលរួម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ ប្រតិភូ​កីឡា​ចំបាប់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ សម្រាប់​ការចូលរួម​នេះដែរ ដោយ​ទទួលបាន​ការឧបត្ថម្ភ​ជាង​១​ម៉ឺន​ដុល្លារ​ពី​លោក Casey Barnett អនុប្រធាន​សហព័ន្ធ​។​
 
​លោក ធិ​ន វិចិត្រ រំពឹងថា អត្ត​ព​លិ​ក​កម្ពុ​ជាពិសេស​កីឡាករ ឌន សៅ នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការប្រកួត​នេះ​។ ការរំពឹង​ខ្ពស់​លើ​កីឡាករ ឌន សៅ ព្រោះ​រូបគេ​ជា​កីឡាករ​ជើង​ខ្លាំង​ពោរពេញ​ដោយ​សមត្ថភាព និង​បទពិសោធ​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ លើសពីនេះ​លោក​មើលឃើញថា បច្ចុប្បន្ន​មិនទាន់មាន​កីឡាករ​ទម្ងន់​ធ្ងន់​រូប​ណា​មាន​សមត្ថភាព​ដូច​រូបគេ​នៅឡើយ​ទេ​។​
 
​កីឡាករ​ទាំង​១១​រូប ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​រួមមាន​កីឡាករ ឌន សៅ​, ហេង វុទ្ធី​, ឆាំ ពិ​សិន​, កែវ សុ​ភ័​ក្រ​, ចាប សុខលី​, ច្រាយ ប្រុស​, កីឡាការិនី សឿន នឿន​, វ​ថ្ថា លក្ខិណា​, ឌន ស្រស់​, ជា កញ្ញា និង ឌិ​ត សំណាង​៕ 
 

Tag:
 ​ចំបាប់​
  ឌន សៅ​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com