អន្តរជាតិ
សេត​វិមាន​ហាម​អ្នកកាសែត CNN ចូល​យក​ព័ត៌មាន បន្ទាប់ពី​តទល់​ពាក្យសម្តី​ជាមួយ​លោក ត្រាំ​
08, Nov 2018 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកកាសែត CNN ប្រចាំ​សេត​វិមាន​លោក Jim Acosta ត្រូវបាន​សេត​វិមាន​អាមេរិក​បដិសេធ​ឲ្យ​ចូល​យក​ព័ត៌មាន​ទៀត​នៅ​ថ្ងៃ​ពុធ​ទី ៧ ខែវិច្ឆិកា​។ ការសម្រេច​របស់​សេ​វិមាន​នេះ កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ខឹងសម្បារ​នឹង​ការបន្ត​សួរ​សំណួរ​របស់ Acosta ហើយ​ថែមទាំង​ហៅ​លោ​កថា​ជា​«​មនុស្ស​ច​រិ​ក​ឈ្លើយ និង​យ៉ាប់​»​ទៀត​ក្នុង​សន្និសីទ​ព័ត៌មាន​ទៀត​។​


 
​ការបដិសេធ​ផ្តល់​បណ្ណ​សម្គាល់​អ្នកព័ត៌មាន​នេះ​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ព័ត៌មាន​លោកស្រី Sarah Sanders ផ្ទាល់​។ លោកស្រី​អះអាងថា ការសម្រេច​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិសេរីភាព​សារព័ត៌មាន​អ្វី​ឡើយ ប៉ុន្តែ​អ្នកសារព័ត៌មាន CNN មាន​កំហុស​។ 
 
​ក្នុង​គណនី Twitter របស់ខ្លួន​លោកស្រី Sanders បាន​ថ្លែងថា វិធានការ​របស់​សេត​វិមាន​គឺ​ត្រូវ​ដាក់ចេញ​ចំពោះ​បុគ្គល​ដែលមាន​ឥរិយាបថ​មិន​សមរម្យ និង​ប៉ះពាល់​ស្ត្រីភេទ​ប៉ុណ្ណោះ​។​
​លោកស្រី​និយាយ​ដូច្នេះ​៖ «​ប្រធានាធិបតី ត្រាំ ជឿជាក់​លើ​សេរីភាព​ព័ត៌មាន និង​រំពឹង​ក៏ដូចជា​ស្វាគមន៍​សំណួរ​ពិបាកៗ​ដែល​ទាក់ទិន​នឹង​រូបលោក ក៏ដូចជា​រដ្ឋបាល​រប​ស់លោក​ដែរ​។ ប៉ុន្តែ​យើង​មិន​លើកលែង​ដល់​អ្នកកាសែត​ដែល​ដាក់​ដៃ​របស់ខ្លួន​លើ​ស្ត្រី​ដែល​កំពុង​ព្យាយាម​ធ្វើ​ការងារ​របស់ខ្លួន​ក្នុងនាម​ជា​បុគ្គលិក​ហាត់​ការ​ឡើយ​។ វា​ជា​ឥរិយាបថ​មួយ​ដែល​មិនអាច​ទទួលយក​បានឡើយ​»​។​
 
«​ដូច្នេះ ជា​លទ្ធផល សេត​វិមាន​កំពុង​ព្យួរ​ការផ្តល់​កាត​សម្គាល់​ខ្លួន​សម្រាប់​អ្នកសារព័ត៌មាន​ដល់​អ្នកកាសែត​ពាក់ព័ន្ធ​ចាប់ពីពេលនេះ​រហូតដល់​មានការ​ប្រកាស​ជូនដំណឹង​បន្ថែមទៀត​នៅពេល​ក្រោយ​»​។​
 
​តាមពិតទៅ លោក Acosta បាន​ចោទ​ជា​សំណួរ​រសើប​មួយចំនួន​ទាក់ទិន​នឹង​គោលនយោបាយ​រើសអើង​ប្រឆាំង​អន្តោប្រវេសន៍​ត្រូវបាន​ដាក់ចេញ​មុន​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ទៅកាន់​ប្រធានាធិបតី​នៅក្នុង​សន្និសីទ​នា​ថ្ងៃ​ពុធ​នេះ​។ លោក ត្រាំ បញ្ជា​ឲ្យ​លោក Acosta អង្គុយ​ចុះ ប៉ុន្តែ​លោក​បដិសេធ និង​មិនបាន​ឲ្យ​ក្បាល​មេក្រូ​ទៅ​ឲ្យ​បុគ្គលិក​ហាត់​ការ​នៅ​សេត​វិមាន​វិញ​ឡើយ ដោយ​លោក​ព្យាយាម​សួរ​សំណួរ​ប្រធានាធិបតី​បន្ថែមទៀត​។ ពេលនោះ​ហើយ បុគ្គលិក​ហាត់​ការ​នោះ​ព្យាយាម​ដណ្តើមយក​ក្បាល​មេក្រូ​ពី​លោក Acosta មកវិញ រហូតដល់​ប៉ះ​ដៃ​លោក​ផង​។ 
 
​ឃើញបែបនេះ លោក ត្រាំ ទំនងជា​ខឹងសម្បារ​ខ្លាំង​ដែរ ហើយ​បាន​ហៅ​លោក Acosta ថា​ជា​មនុ​ស្សមាន​ចរិត​ឈ្លើយ និង​អន់​ថែមទៀត​។ លោក ត្រាំ បន្ត​ដូច្នេះ​៖«​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា CNN គួរតែ​ខ្មាសអៀន​ខ្លួនឯង​ដែលមាន​មនុស្ស​ធុន​អ្នកឯង​ធ្វើ​ការងារ​ជាមួយ​។​អ្នកឯង​ជា​មនុស្ស​ចរិត​ឈ្លើយ និង​យ៉ាង​។ អ្នកឯង​មិនគួរ​ធ្វើ​ការងារ​ជាមួយ CNN ទេ​»​។​
 
​បន្ទាប់ពី​វាយប្រហារ​ដោយ​ពាក្យសម្តី​លើ​លោក Acosta មិនទាន់​អស់ចិត្ត លោក​ត្រាំ ចាប់ផ្តើម​វាយប្រហារ​លើ CNN ទៀត ដោយ​លោក​ចោទប្រកាន់ថា CNN ផ្សាយ​តែ​ព័ត៌មាន​ក្លែងក្លាយ​។​
​យ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន​រួម​អាជីព​ជាច្រើន​ដែល​នៅក្នុង​ហេតុការណ៍​នោះ​ផ្ទាល់​បានចេញ​មុខការ​ពារ​លោក Acosta ប្រឆាំងនឹង​ការចោទប្រកាន់​ខុស​ទំនង​ដែលថា លោក​បាន​ព្យាយាម​យក​ដាក់​ដៃ​លើ​បុគ្គលិក​ហាត់​ការ​ជា​ស្ត្រីភេទ​នោះ​។ ក្នុងចំណោម​នោះ កាសែត MSNBC បាន​បញ្ចេញ​វីដ​អូ​ខ្លី​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​ដែល​កើតឡើង ដែល​បញ្ជាក់​ច្បាស់​ថា មន្ត្រី​សេត​វិមាន​គ្រាន់តែ​យក​លេស​នោះ​បដិសេធ​អ្នកកាសែត CNN ចូល​យក​ព័ត៌មាន​ប៉ុណ្ណោះ​។​
 
​លោក Acosta បាន​សរសេរ​ក្នុង​គណនី Twitter របស់ខ្លួន​ដោយ​ចាត់ទុក​ការចោទប្រកាន់ថា​លោក​ប៉ះពាល់​ស្ត្រី​ពី​សំណាក់​រដ្ឋមន្ត្រី​ព័ត៌មាន​នោះ​ជា​រឿង​កុហក​បោកប្រាស់​ដែរ​។ 
​ចំណែក CNN ឯណោះ​វិញ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ​ដើម្បី​ឆ្លើយតប​ជុំវិញ​ការចោទប្រកាន់​របស់​សេត​វិមាន និង​បញ្ហា​ដែល​បាន​កើតឡើង​ដែរ​។ CNN បានប្រកាសថា ខ្លួន​គាំទ្រ​ពេញទំហឹង​ចំពោះ​អ្នកសារព័ត៌មាន​ខ្លួន​លោក Acosta ហើយក៏​ហៅ​ចាត់ទុក​ផងដែរ​ថា ការសម្រេចចិត្ត​របស់​សេត​វិមាន​ជា​រឿង​ដែល​គ្រប់គ្នា​មិន​រំពឹងថា​នឹង​កើតឡើង​សោះ ព្រោះ​វា​ផ្អែក​ទាំងស្រុង​លើការ​​ភូតកុហក​។  
 
CNN លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​ដូច្នេះ​ថា​៖ «​វា​ត្រូវបាន​ដាក់ចេញ​ដើម្បី​សងសឹក​លោក Acosta ដែល​សួរ​សំណួរ​ពិបាកៗ​ទៅកាន់​ប្រធានាធិបតី​។ ក្នុង​សេចក្តីពន្យល់​របស់ខ្លួន រដ្ឋមន្ត្រី​ព័ត៌មាន Sarah Sanders បាន​កុហក​បោកប្រាស់​។ លោកស្រី​ផ្តល់​ការចោទប្រកាន់​ដែល​ក្លែងក្លាយ និង​លើកយក​បញ្ហា​ដែល​មិនបាន​កើតមាន​ទាល់តែសោះ​។ ការសម្រេចចិត្ត​បែបនេះ​ជាការ​គំរាមកំហែង​លើ​ប្រជាធិបតេយ្យ​របស់​យើង​។ ប្រទេស​យើង​សក្តិសម​នឹង​ស្ថានភាព​ល្អប្រសើរ​ជាង​នេះ​»៕ 

Tag:
 CNN
  ដូ​ណា​ល់ ត្រាំ​
  Jim Acosta
© រក្សាសិទ្ធិដោយ thmeythmey.com