កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប្រាប់​ពី​មូលហេតុ​ដែល​គាត់​ធ្វើ​កាយវិការ​ឌឺដង​ដាក់​អ្នកគាំទ្រ Juventus
08, Nov 2018 , 11:45 am        
រូបភាព
​លោក Jose Mourinho បាន​បញ្ចេញ​ឥរិយាបទ​បែប​ឌឺដង​ដោយ​យកដៃ​ដាក់​នឹង​ទៅ​ត្រចៀក​របស់ខ្លួន​ដើម្បី​ចំអក​ក្រុម​អ្នកគាំទ្រ​របស់ Juventus បន្ទាប់ពី Manchester United អា​ចរក​គ្រាប់​បាល់​តាម​ឈ្នះ ២-១ វិញ​ក្នុង​ការប្រកួត​ពានរង្វាន់ UEFA Champions League វគ្គ​ចែក​ពូ​ល​នៅ​រាត្រី​ថ្ងៃទី​៧ ខែវិច្ឆិកា​។​

 
​ក្រុម​របស់លោក Mourinho អា​ចរក​គ្រាប់​បាល់​វាយបក​តាម​ឈ្នះ​ក្រុម​របស់លោក Massimiliano Allegri បន្ទាប់ពី​ការ​ស៊ុត​របស់ Cristiano Ronaldo នៅ​នាទី​៦៥ មុន Juan Mata ទាត់​បាល់​ពិន័យ (Free Kick) តាម​ស្មើ​វិញ​នៅ​នាទី​៨៦​។ ចូលដល់​នាទី​៩០​ទៅហើយ​ក្រុម​ភ្ញៀវ មានឱកាស​ទាត់ Free Kick មួយលើកទៀត​ដែល​ទាត់​ដោយ​ខ្សែការពារ Ashley Young ទៅ​ប៉ះ​ខ្សែការពារ Leonardo Bonucci ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ចប់​ការប្រកួត Man Utd ឈ្នះ Juventus ២-១។​


 
​ក្រោយ​បញ្ចប់​ការប្រកួត អ្នកចាត់ការ​ទូទៅ​បិសាច​ក្រហម​បាន​បញ្ចេញ​អាកប្បកិរិយា​ឌឺដង​នៅលើ​ទីលាន ដែល​ធ្វើ​ឲ្យ​ខ្សែការពារ Leonardo Bonucci និង​ខ្សែប្រយុទ្ធ Paulo Dybala ដើរ​សំដៅទៅ​លោក Mourinho ដើម្បី​សួរនាំ​ដោយ​សម្តែង​ការមិន​ពេញចិត្ត​។​
 
​បន្ទាប់​ប៉ះ​សម្តី​គ្នា​បន្តិច​ប​ន្ទួ​ច​លោក Mourinho ក៏​ត្រូវបាន​ក្រុមមន្ត្រី និង​បុគ្គលិក​របស់ខ្លួន​នាំទៅ​កាន់​បន្ទប់​ក្នុង​កីឡដ្ឋាន Allianz Stadium របស់ Juventus តែម្តង​។​
 
​យ៉ាងណាក៏ដោយ​ជុំវិញ​ឥរិយាបទ​ឌឺដង​នេះ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​បកស្រាយ​ថា​លោក​មាន​ការគោរព​ចំពោះ Juventus តែ​លោក​គ្រាន់តែ​ប្រតិកម្ម​នឹង​ការប្រមាថ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​។​


 
«​នៅក្នុង​កីឡដ្ឋាន​ដ៏​ស្រស់ស្អាត​របស់​អ៊ីតាលី ពួក​បាន​ជេរប្រមាថ​ខ្ញុំ​ពេញ​៩០​នាទី ហើយ​ខ្ញុំ​មិនបាន​ជេរ​ត្រឡប់​ទៅវិញ​ផង ខ្ញុំ​គ្រាន់តែ​ធ្វើ​រឿង​តិចតួច​ដូច្នេះ​»​។ អតីត​អ្នកចាត់ការ Inter Milan រូបនេះ​ប្រាប់ BT Sport ដូច្នេះ​។​
 
Mourinho បន្ថែមថា​លោក​មានការ​គោរព​ដល់​កីឡាករ​របស់ Juventus រួមទាំង​ទទួលស្គាល់​គុណភាព​លេង​របស់​ពួកគេ​ថែមទៀត​។​
 
​ចំណែក​លោក Massimiliano Allegri អ្នកចាត់ការ​ក្រុម​សេះបង្កង់​ក៏បាន​លើកឡើង​ជុំវិញ​បញ្ហា​នេះដែរ ដោយ​លោក​មិន​ខឹង​នឹង Mourinho ​ឡើយ​។ លោ​កថា​គ្រប់គ្នា​សុទ្ធ​តែមាន​សិទ្ធិ​ប្រតិកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​លោក​ក៏​មិនអាច​និយាយថា​អ្នកណា​ខុស​អ្នកណា​ត្រូវ​នោះដែរ​។​
 
Man Utd ដែលមាន​៤​ពិន្ទុ​ក្នុង​ដៃ ទទួលបាន​៣​ពិន្ទុ​បន្ថែម​ក្រោយ​ឈ្នះ​ក្នុង​ដី Juventus ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ពូ​ល H ដដែល​។ Juventus មាន​៩​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង ខណៈ​លេខ​៣ Valencia កើន​ដល់​៥​ពិន្ទុ​បន្ទាប់ពី​ឈ្នះ Young Boys ៣-១ កាលពី​យប់មិញ​៕

 
 
 
​លទ្ធផល​គូ​ដទៃ​ក្នុង​ក្របខណ្ឌ Champions League នេះ​៖
 
- Group E 
 
FC Bayern München ២-០ AEK Athens
Benfica ១-១ Ajax
 
- Group F 
 
Lyon ២-២ Hoffenheim
Manchester City ៦-០ Shakhtar Donetsk
 
- Group G
 
CSKA Moscow ១-២ Roma
Viktoria Plzen ០-៥ Real Madrid
 
- Group H 
 
Valencia ៣-១ Young Boys
Juventus ១-២ Manchester United
 

Tag:
 ​បាល់ទាត់​
  Manchester United
  UEFA Champions League
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com