ភ្នំពេញ៖ ដោយសារតែជនសង្ស័យមួយចំនួន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នមុននឹងកាត់ទោស ទើបធ្វើឲ្យពន្ធនាគារចង្អៀតណែន និងកង្វះពន្ធនាគារ។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយលោកស្រី រ៉ូណាល់ ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ក្នុងជំនួបពិភាក្សាគ្នា ជិត២ម៉ោង ភាគីទាំងពីរ បានលើកពីបញ្ហាវឌ្ឍនភាពរបស់អង្គការសង្គមស៊ីវិល ក្នុងការបំពេញការងារបច្ចុប្បន្ន , ការបំពេញការងាររបស់រដ្ឋាភិបាលលើគណនេយ្យភាពសង្គម ដោយផ្ដោតលើសកម្មភាពលើការលុបបំបាត់អំពើពុករលួយ និងការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការឃុំខ្លួនសង្ស័យនៅពន្ធនាគារជាដើម។
និយាយដល់ការឃុំខ្លួនជនសង្ស័យនៅពន្ធនាគារនេះ សម្ដេច ស ខេង បានប្រាប់លោកស្រី រ៉ូណាល់ ស្មីត ថា បច្ចុប្បន្នកម្ពុជា កំពុងខ្វះខាតពន្ធនាគារ ដោយសារចំនួនអ្នកទោស និងជនសង្ស័យ ដែលត្រូវឃុំខ្លួនបណ្ដោះអាសន្នមានការកើនឡើង ក្រោយពីក្រសួងមហាផ្ទៃ បានអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន រយៈពេលជិត២ឆ្នាំមកនេះ។
តាមរយៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានស្រង់សម្តីសម្ដេច ស ខេង សំណេះសំណាលជាមួយលោកស្រី រ៉ូណាល់ ស្មីត យ៉ាងដូច្នេះថា៖«បញ្ហាគ្រឿងញៀន ក៏ជាការប្រឈមមួយដែរ ក្នុងសង្គមកម្ពុជា ព្រោះថាបើយើងមិនបង្ក្រាបគ្រឿងញៀនទេ គឺបញ្ហានេះរាលដាលនៅក្នុងសង្គមយើង។ ហើយការបង្ក្រាបនេះ វាចៀសមិនផុតទេ ក្នុងការចាប់ខ្លួន ឬឃាត់ខ្លួន ដែលកត្តានេះ វាជារឿងមួយផ្នែក ដែលនាំឲ្យមានការឃុំខ្លួនមួយចំនួនមានកើនឡើង នាំឲ្យពន្ធនាគារមានការចង្អៀតណែន»។
ដើម្បីដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារនេះ រដ្ឋាភិបាល កំពុងតែសាងសងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារបន្ថែមនៅតាមខេត្ត ក្នុងគោលដៅធ្វើយ៉ាងណាជួយសម្រួលបន្ទុកពន្ធនាគារនៅភ្នំពេញ និងពន្ធនាគារចង្អៀតណែនផ្សេងទៀត។«សម្ដេចចង់ឲ្យមានកិច្ចប្រជុំមួយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាឃុំខ្លួន មុនកាត់សេចក្តី នៃចំនួនអ្នកឃុំខ្លួនកើនឡើង ដោយសាររង់ចាំការកាត់សេចក្តី ដែលនាំឲ្យចង្អៀតណែនក្នុងពន្ធនាគារដែរ»។ នេះជាការបញ្ជាក់របស់លោក ផាត សុផានិត ។
ជុំវិញបញ្ហានេះលោកស្រី រ៉ូណាល់ ស្មីត ជំរុញឲ្យរដ្ឋាភិបាលពន្លឿនដល់ការដោះស្រាយ និងកាត់សេចក្តីដល់អ្នកជាប់ឃុំក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ។ នេះជាការលើកឡើងរបស់លោកស្រី រ៉ូណាល់ ស្មីត ប្រាប់អ្នកកាសែតមុននឹងលើរថយន្តដូច្នេះថា លោកស្រីបាននិយាយពីបញ្ហាអង្គការសង្គមស៊ីវិល និងការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាលកម្ពុជា រួមជាមួយបញ្ហាជាច្រើនទៀត ប៉ុន្តែលោកស្រីមិនបានលើកពីករណីលោក កឹម សុខា និយាយជាមួយសម្ដេច ស ខេង ឡើយ។
កាលពីពេលថ្មីៗនេះ អង្គការសង្គមស៊ីវិល បានចេញរបាយការណ៍ក្រោមចំណងជើងថា «ពេលដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់» ដោយរកឃើញថា ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារប្រទេសកម្ពុជា បានកើនឡើងដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក ហើយភាគច្រើនជាអ្នកជាប់ឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ។ តួលេខអ្នកជាប់ឃុំច្រើននេះ បង្កផលលំបាកដល់អ្នកកំពុងជាប់ឃុំឃាំង មន្ត្រីពន្ធនាគារ និងសង្គមជាតិ។
របាយការណ៍លីកាដូដដែល បានបង្ហាញថា ក្នុងពន្ធនាគារចំនួន ១៨កន្លែង ដែលអង្គការលីកាដូ បានឃ្លាំមើល ក្នុងចំណោមពន្ធនាគារសរុប២៨ កន្លែង ទូទាំងប្រទេសនោះ បានរកឃើញអ្នកជាប់ពន្ធនាគារច្រើនជាងមួយភាគបី គឺជាអ្នកដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ (៩.៥២៧ នាក់ ក្នុងចំណោម ២៥.៩២៦នាក់)។ ហើយនៅក្នុងពន្ធនាគារមួយចំនួនផ្សេងទៀត មានអ្នកជាប់ឃុំច្រើនជាងពាក់កណ្តាល មិនទាន់ត្រូវបានតុលាការបើកសវនាការជំនុំជម្រះនៅឡើយ៕