ជាតិ
កម្ពុជា​កំពុង​ទាមទារ​វត្ថុ​បុរាណ​ពី​បណ្ដា​ប្រទេស​អាស៊ាន​វិញ​
08, Nov 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​រៀបចំ​ឯកសារ​ផ្លូវច្បាប់​ដាក់​ទៅ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ក្នុង​ការចរចា​ទាមទារ​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​មកវិញ ។​

 
​ប្រទេស​ដែល​ក្រសួង​វប្បធម៌ ស្នើសុំ​វត្ថុ​បុរាណ​នោះ រួមមាន​ដូចជា​ប្រទេស វៀតណាម ហ្វីលីពីន រុស្សី ចិន​។ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បានផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ដូច្នេះ​ថា​៖ «​ក្រសួង​បាន​កំពុង​រៀបចំ​ស្នើសុំ​ប្រទេសមួយ​ចំនួន​ក្នុង​អាស៊ាន ឯកសា​មួយចំនួន​បាន​ឆ្លើយឆ្លង និង​មួយចំនួន​កំពុង​ធ្វើ តែ​មិនទាន់បាន​ចុះហត្ថលេខា​ទេ យើង​បាន​ផ្ញើ​សំណើ​ខ្លះទៅ​ប្រទេស​មួយចំនួន​ហើយ ប្រទេស​ខ្លះ​បាន​ឆ្លើយ  ប្រទេស​ខ្លះ​កំពុង​ពិនិត្យមើល​»​។ 
 
​កន្លងមក​ក្រសួង​វប្បធម៌ បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចំនួន​ពីរ​គឺ សហរដ្ឋអាមេរិក និង​ប្រទេស​ថៃ ក្នុង​ការធានា​ការពារ និង​ទប់ស្កាត់​ការជួញដូរ​វ​ត្តុ​បុរាណ​ពី​កម្ពុជា​។ « តាមរយៈ អនុស្សរណៈ​វប្បធម៌​ទាំងនោះ​ហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បានទទួល​វ​ត្តុ​បុរាណ​ជាច្រើន​ពី​ប្រទេស​ថៃ​ក្តី អាមេរិក​ក្ដី បាន​ជួយ​ច្រើន​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ទាមទារ​រប​ស់​យើង​មកវិញ​»​។ នេះ​បើតាម​លោកស្រី ភឿង ស​កុ​ណា​។​
 
​កាលពី​ថ្ងៃទី​៦ វិច្ឆិកា សហរដ្ឋអាមេរិក និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ការបន្ត​អនុស្សរណៈ​យោគយល់ ស្ដីពី​ការដាក់​កម្រិត​ហាមប្រាម​នូវ​ការនាំ​ចូល​បុរាណវត្ថុ​របស់​កម្ពុជា រយៈពេល​៥​ឆ្នាំ ២០១៨-២០២៣ និង ការផ្ដល់​ថវិកា​ចំនួន​២០​ម៉ឺន ដុល្លារ ដើម្បី​ជួសជុល​ជណ្តើរ​ខាងជើង​នៃ​ប្រាសាទព្រះវិហារ កាលពី​ថ្ងៃទី​៦ ខែ​វិច្ចិកា ម្សិលមិញ​នេះ​ផងដែរ​។ 
 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បាន​និយាយ​ដូច្នេះ​ថា​៖«​ការចុះហត្ថលេខា​នៃ​អនុស្សរណៈ​វប្បធម៌ និង​AFCP​នេះ បានបង្ហាញ ពី​ការប្តេជ្ញា​និង​ការខិតខំ​ប្រឹង ដើម្បី​សហការ​និង​ពង្រឹង​មិត្តភាព​និង​ការយោគយល់​គ្នា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ដើម្បី​គាំទ្រ​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ សម្រាប់ ប្រយោជន៍​ដល់​ប្រជាជន​ខ្មែរ សហរ​គម​ន៍​អន្តរជាតិ​និង​សម្រាប់​អ្នកជំនាន់ក្រោយ​»៕ 
 

Tag:
 វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com