ជាតិ
អត្ថបទពាណិជ្ជកម្ម
និស្សិត​ខ្មែរ​៤​រូប​ចូលរួម​ការប្រកួត​ផែនការអាជីវកម្ម​នៅ​កូរ៉េខាងត្បូង​
08, Nov 2018 , 2:45 pm        
រូបភាព
និស្សិត​ហ្សា​ម៉ាន់​ក្នុង​ការប្រកួត​ផែនការអាជីវកម្ម​
និស្សិត​ហ្សា​ម៉ាន់​ក្នុង​ការប្រកួត​ផែនការអាជីវកម្ម​
​កាលពីពេល​ថ្មីៗ​នេះ និស្សិត​មួយក្រុម​ដែលមាន​សមាជិក​ចំនួន​៤​រូប មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ទើបតែ​ត្រលប់​មកពី​កម្មវិធី​ប្រកួត​គម្រោង​អាជីវកម្ម​រៀបចំ​ដោយ​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Solbridge នៅ​ប្រទេស​កូរ៉េខាងត្បូង​។ កម្មវិធី​នេះ បាន​ប្រព្រឹត្តិ​ឡើង​ចន្លោះ​ពីថ្ងៃ​ទី​១៨ ដល់​២៨ ខែតុលា ឆ្នាំ​២០១៨​។ និស្សិត​២១​ក្រុម មកពី​២៤​ប្រទេស​ផ្សេងគ្នា​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ការប្រកួត​ផែនការអាជីវកម្ម​នេះ​។​
 
​កញ្ញា ច័ន្ទ រតនា​ភា និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ជា​សមាជិក​ក្រុម​ប្រកួត​មកពី​ហ្សា​ម៉ាន់​បាន​ថ្លែងឱ្យដឹងថា​៖ «​ការប្រកួត​នេះ​មាន​បី​ដំណាក់កាល​រួមមាន ការត្រៀមខ្លួន​របស់​ក្រុម​នីមួយៗ វគ្គ​ជម្រុះ និង​ការប្រកួត​ផ្ដាច់​ព្រាត់ ដែល​ក្រុម​ឆ្នើម​ចំនួន​៨ ក្នុងចំណោម​២១ ត្រូវបាន​តម្រូវឱ្យធ្វើ​បទ​បង្ហាញ​ពី​ផែនការអាជីវកម្ម​រប​ស់​ក្រុម​ខ្លួន​។ 
 
​ការធ្វើ​បទ​បង្ហាញ​ពី​ផែនការអាជីវកម្ម​នេះ ក៏​អាស្រ័យ​លើ​ប្រធានបទ​ផ្សេងៗ ដែល​ក្រុម​នីមួយៗ​ទទួលបាន​ពី​គណៈកម្មការ​ផងដែរ​។ ចំពោះ​ក្រុម​របស់ខ្លួន​វិញ រតនា​ភា​ថ្លែងថា​ខ្លួន​ទទួលបាន​ប្រធានបទ​ទាក់ទង​នឹង “​ការវិភាគ​ទិន្នន័យ និង​យុទ្ធសាស្ត្រ​ក្នុងការ​ប្រើប្រាស់​ប្រាជ្ញា​សិប្បនិម្មិត​” (Big Data and Artificial Intelligence Strategies)»​។​
 
​កញ្ញា​តាំង ស៊ើ​យូ និស្សិត​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ជា​មិត្ត​រួម​ក្រុម​របស់​រតនា​ភា​ដែរ លើកឡើងថា​ក្រុម​របស់ខ្លួន​បាន​ជ្រើស​យកគំនិត​អាជីវកម្ម​ដោយ​ផ្តោតទៅលើ​ទូរទស្សន៍ ដែល​ភ្ជាប់​ជាមួយ​ម៉ាស៊ីនត្រជាក់​។ 
 

ស៊ើ​យូ​ឆ្លៀតពេល​ទំនេរ​ពី​ការប្រកួត ដើម្បី​ធ្វើដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​កូរ៉េ​

​ផលិតផល​នេះ ប្រើប្រាស់​ប្រាជ្ញា​សិប្បនិម្មិត តួយ៉ាង​ទូរទស្សន៍​នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ​បើសិនជា​គ្មាន​អ្នកមើល ខណៈដែល​មុខងារ​ម៉ាស៊ីនត្រជាក់ អាច​ប្រែប្រួល​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ តាមរយៈ​សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងក្រៅ និង​វត្តមាន​របស់​មនុស្ស​នៅក្នុង​បន្ទប់​។ 
 

និស្សិត​ទាំង​៤​រូប​ទទួលបាន​លិខិត​សរសើរ តាមរយៈ​ការ​ឈ្នះ​ការប្រកួត​ផលិត​វីដេអូ​ល្អ​បំផុត​

​ក្រុម​របស់​កញ្ញា​នឹកឃើញ​ផលិតផល​ប្រភេទ​នេះ ដើម្បី​តម្រូវ​ទីផ្សារ​ក្នុងប្រទេស​អូស្ត្រាលី ខណៈដែល​អចលនទ្រព្យ​នៅ​អូស្ត្រាលី​មានតម្លៃ​ខ្ពស់ ដែល​តម្រូវឱ្យ​ប្រជាជន​ប្រើប្រាស់​សម្ភារៈ​ក្នុងផ្ទះ​ដែល​សន្សំសំចៃ​កន្លែង​។​
 
​កញ្ញា សុទ្ធ សម្ផស្ស​រតនា សមាជិក​ក្នុង​ក្រុម​មួយរូប​ទៀត​ថ្លែងថា ត្បិតតែ​ក្រុម​របស់ខ្លួន​មិន​បានឈ្នះ​ការប្រកួត​ក៏ពិតមែន ក្រុម​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ក៏បាន​ឈ្នះ​ជា​ក្រុម​ដែល​ផលិត​វីដេអូ​ល្អ​បំផុត​ផងដែរ ដែល​ការប្រកួត​វីដេអូ​នេះ​ត្រូវបាន​រៀបចំឡើង​ទន្ទឹមគ្នា​នឹង​ការប្រកួត​ផែនការអាជីវកម្ម​។ 
 
​សម្ផស្ស​រតនា​បន្តទៀតថា ក្រុម​របស់ខ្លួន​ឈ្នះ ក៏​ដោយសារតែ​វីដេអូ​ដែល​ក្រុម​ខ្លួន​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​នឹង​ផែនការអាជីវកម្ម ទទួលបាន​ចំនួន​ចែករំលែក​ច្រើនជាងគេ​បំផុត រហូតដល់​១២០០​។ 
 

ប័ណ្ណសរសើរ សម្រាប់​ពានរង្វាន់​វីដេអូ​ល្អំ​ប​ផុត​

កញ្ញា​ទូច ច័ន្ទ​និមល និស្សិត​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ជា​សមាជិក​ក្នុង​ក្រុម​ហ្សា​ម៉ាន់​ដែរ​លើកឡើងថា អ្នករៀបចំ​កម្មវិធី​ក៏បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច សម្រាប់​អ្នកចូលរួម​ប្រកួត​ផងដែរ ដោយ​អ្នក​ទាំង​នោះបាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន​KT&G និង​ក្រុមហ៊ុន​Samsung​។ ក្រុម​របស់ខ្លួន​ក៏បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​សេ​អ៊ូ​ល ទស្សនា​សារមន្ទីរ​ជាតិ​វិទ្យាសាស្ត្រ​របស់​កូរ៉េខាងត្បូង និង​បរមរាជវាំង​របស់​កូរ៉េខាងត្បូង​ផងដែរ​។​
 
​ទាក់ទង​នឹង​កម្មវិធី​នេះ ស៊ើ​យូ​បាន​ស្វែងយល់​ពី​វប្បធម៌​របស់​ប្រទេស​ផ្សេងៗ និង​បាន​រាប់អាន​មិត្តភក្ដិ​ថ្មី ដែលមាន​គំនិត​ប្រហាក់ប្រហែលគ្នា​។ ចំណែកឯ​សម្ផស្ស​រតនា​វិញ យល់ថា​ខ្លួន​បានទទួល​នូវ​ដំបូន្មាន​ថ្មីៗ ពី​គណៈកម្មការ​ដែល​សុទ្ធតែជា​អ្នកជំនាញ​ផ្នែក​អាជីវកម្ម និង​បច្ចេកវិទ្យា​មកពី​ក្រុមហ៊ុន​ធំៗ ដូចជា​LG​ជាដើម​។ 
 


គួរ​បញ្ជាក់ដែរថា និស្សិត​ទាំង​បួនរូប​ត្រូវបាន​ជ្រើសរើស​ដោយ​សាក​ល​វិទ្យាល័យ​ហ្សា​ម៉ាន់ ឱ្យទៅ​ប្រកួត​។ និស្សិត​ទាំង​បួនរូប​យល់ថា​ខ្លួន​ត្រូវបាន​ជ្រើសរើស​ដោយសារ​តែមាន​លំដាប់​ពិន្ទុ​ខ្ពស់ និង​ធ្លាប់ធ្វើ​ការងារ​ជា​ក្រុម​ជាមួយគ្នា​ពីមុនមក​។ ចំណែកឯ​ថ្លៃ​ហូបចុក និង​ស្នាក់នៅ​វិញ ជា​បន្ទុក​របស់​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Solbridge ដោយសារតែ​សាលា​ពាណិជ្ជកម្ម​មួយ​នេះ ជា​ដៃគូ​សហការ​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​៕
  

និមល​កំលុងពេល​ទៅ​ប្រកួត​ផែនការអាជីវកម្ម​ក្នុងប្រទេស​កូរ៉េ​

(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com