កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម នឹងមានទីលានប្រណាំងរថយន្ត Formula One ឆ្នាំ២០២០
× ព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក Formula One ឬ កាំជ្រួចលើផ្ទៃរាបនៅទីលាន Hanoi Grand Prix ដែលធ្វើឡើងក្នុងក្រុងហាណូយ ប្រទេសវៀតណាមនឹងត្រូវធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់ ប្រធានក្រុមហ៊ុន Formula One លោក Chase Carey នៅថ្ងៃទី៧ ខែវិច្ឆិកា ដែលលោកគ្រោងពង្រីកការប្រកួតជើងឯកលំដាប់កំពូលនេះនៅលើទឹកដីអាស៊ី។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP វៀតណាមបានប្រកាសផងដែរកាលពីសប្តាហ៍មុន ថាពួកគេនឹងធ្វើជាម្ចាស់ផ្ទះការប្រណាំងរថយន្ត F1 នៅក្នុងរដ្ឋធានីកុំម្មុយនីស្តរបស់ខ្លួន ចាប់ពីខែមេសា ឆ្នាំ ២០២០ តទៅ។ នេះមានន័យថា វៀតណាម នឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី៣ ដែលទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍នេះ បន្ទាប់ពីម៉ាឡេស៊ី និងសិង្ហបុរី។
«យើងមានមោទនភាពខ្លាំងណាស់ដែលបានប្រកាសការប្រណាំងនេះនៅឆ្នាំ ២០២០ខាងមុខ» ។ លោក Carey បានប្រាប់ក្រុមអ្នកយកព័ត៌មានដូច្នេះនៅក្រុងហាណូយ និងបញ្ជាក់ទៀតថា
ការសម្រេចចិត្តដើម្បីរៀបចំការប្រណាំងនៅហាណូយនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Formula One ដើម្បីផ្លាស់ប្តូរទៅកាន់ទីផ្សារថ្មី ដែលខ្លួនសង្ឃឹមថានឹងទទួលបានអ្នកគាំទ្រជំនាន់ក្រោយថ្មីៗច្រើនទៀត និងបង្កើនប្រាក់ចំណូលផងដែរ។
ប្រធាន F1 សញ្ជាតិអាមេរិករូបនេះ លើកសរសើរពីវៀតណាមយ៉ាងខ្លាំង និងមានគម្រោងរយៈពេលយូរអង្វែងជាមួយនឹងប្រទេសនេះថែមទៀត។ «ការប្រណាំងនេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់យើងក្នុងការបង្កើនវិស័យកីឡានេះនៅអាស៊ី ហើយជាក់ស្ដែងវៀតណាមគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើននៅអាស៊ីនេះ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រជាជនក្រុងហាណូយ ថាកិច្ចសន្យាដែលបានចុះហត្ថលេខានោះមានរយៈពេលរហូលដល់១០ឆ្នាំ ហើយផ្លូវប្រវែង ៥,៦ គីឡូម៉ែត្រ ដោយរួមបញ្ចូលទាំងផ្លូវថ្នល់ដែលមានស្រាប់ និងត្រូវសាងសង់ធ្វើជាទីលានប្រណាំងនោះ៕
Tag:
ប្រណាំងរថយន្ត
Formula One
Hanoi Grand Prix
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com