អន្តរជាតិ
តៃវ៉ាន់ ដាក់​ប្រើប្រាស់​«​នាវាចម្បាំង​»​ពីរ​គ្រឿង​ទិញ​ពី​អាមេរិក​ដើម្បី​ទប់ទល់​ចិន​
08, Nov 2018 , 4:03 pm        
រូបភាព
​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បានដាក់​ឲ្យ​ប្រើប្រាស់​នាវាចម្បាំង​ពីរ​គ្រឿង​ដែល​ទិញ​ពី​អាមេរិក ដើម្បី​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ពជើងទឹក​របស់​ខ្លួន​។ ជាមួយនឹង​វត្តមាន​នាវាចម្បាំង​នេះ លោកស្រី Tsai ប្រកាស​មិន​ដកខ្លួន​មួយ​ជំហាន​ឡើយ​ក្នុងការ​ការ​ទឹកដី​តៃវ៉ាន់ ខណៈ​ចិន​នៅតែ​ចិញ្ចឹមចិត្ត​ចង់បាន​កោះ​នេះ​មក​គ្រប់គ្រង​ដដែល ហើយក៏​រឹតតែ​មិន​រអា​នឹង​ប្រើ​កម្លាំងយោធា​ដើម្បី​វាយ​ដណ្ដើម​តៃវ៉ាន់​ដែរ​។

 
«​យើង​ចង់​ផ្ញើ​សារ​ដ៏​ច្បាស់ និង​មុតមាំ​ពី​ប្រជាជន​តៃវ៉ាន់​ទៅកាន់​ពិភពលោក​ថា យើង​នឹងមិន​ថយ​មួយ​ជំហាន​ក្នុង​ការពារ​តៃវ៉ាន់ និង​ការពារ​ជីវិត​ដែលមាន​សេរីភាព និង​ប្រជាធិបតេយ្យ​របស់​យើង​»​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ក្នុង​ពិធី​ដាក់​ឲ្យ​នាវាចម្បាំង​ថ្មី​ពីរ​គ្រឿងក្នុង​ជួរ​កងទ័ពជើងទឹករ​បស់​ដែន​កោះ​មួយ​នេះ​។ នាវា​ប្រដេញ​ថ្មី​នេះ​ជា​ផលិតផល​របស់​អាម​រិ​ក​ធុន Perry ។​
 
​ពី​មូលដ្ឋាន​ទ័ពជើងទឹក Zuoying លោកស្រី Tsai បាន​និយាយ​រិះគន់​ចំៗ​សកម្មភាព​របស់​យោធា​ចិន​ក្នុង​តំបន់​ដែលមាន​គោលដៅ​បំបាក់​អធិបតេយ្យ​របស់​តៃវ៉ាន់ និង​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​តំបន់​ផង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​ដែលមាន​និន្នាការ​ប្រកាស​ឯករាជ្យ​រូបនេះ​ក៏​ប្រកាស បង្កើន​សមត្ថភាព​យោធា​ជើង​ទឹក​តៃវ៉ាន់​បន្ថែមទៀត ដែល​វា​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ការពារ និង​កំញើញ​សត្រូវ​របស់​តៃវ៉ាន់​។​
 
​ក្នុងន័យ​អួត​សរសើរ​នាវា​ថ្មី មេបញ្ជាការ​ទ័ពជើងទឹក​តៃវ៉ាន់ Lee Chung-hsiao ធ្លាប់​និយាយថា សមត្ថភាព​ប្រឆាំង​នាវាមុជទឹក​របស់​នាវា​នេះ គឺ​ខ្លាំង​ជាង​នាវាចម្បាំង​ធុន Cheng Kung ទាំង​៨​គ្រឿង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​សព្វថ្ងៃ​។ សម្រាប់​មេទ័ព​រូបនេះ នាវាចម្បាំង​ក៏​អាចធ្វើ​ឲ្យ​កម្លាំងយោធា​ចិន​ខ្លាចរអា​ផងដែរ​។ កងទ័ពជើងទឹក​តៃវ៉ាន់​ប្រកាសថា នាវា​ទាំងពីរ​នឹង​ពង្រាយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ចន្លោះ​ចិន និង​កោះ​តៃវ៉ាន់​។​
 
​នាវាចម្បាំង​ពីរ​គ្រឿង​នេះ ជា​ផ្នែក​តូច​មួយ​នៃ​សព្វាវុធ​ដ៏​ច្រើន​ដែល​តៃវ៉ាន់​ចំណាយលុយ​ទិញ​ពី​អាមេរិក​។ មជ្ឈមណ្ឌល​អាមេរិក​នៅ​តៃវ៉ាន់ (AIT) ដែល​ដើរតួ​ជា​ស្ថានទូត​អាមេរិក​ប្រចាំ​តៃវ៉ាន់ និយាយថា ការលក់​អាវុធ​របស់​អាមេរិក នឹង​ជួយ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​ក្រុង​តៃប៉ិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ក៏ដូចជា​ជួយ​ថែរក្សា​ស្ថិរភាព​តំបន់​ផង​។​
 
​ទោះជា​គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ក្ដី អាមេរិក​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​តៃវ៉ាន់​ជា​យូរ​មកហើយ​។ មួយឆ្នាំៗ អាមេរិក​លក់​អាវុធយុទ្ធភណ្ឌ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់​ដើម្បី​ការពារ​ខ្លួន ខណៈ​ចិន​បាន​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លាំង​ជា​លំដាប់​។ កាលពី​ខែកញ្ញា ក្រុង​វ៉ាស៊ីនតោន​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក បន្ទាប់ពី​យល់ព្រម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​៣៣០​លាន​ដុល្លារ​ទៀត​៕
 

Tag:
 ​តៃវ៉ាន់​
  អាមេរិក​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com