ជាតិ
សម្ដេច ហ៊ុន សែន​៖ «​ឥឡូវ​ដី​ឡើងថ្លៃ​គ្រប់កន្លែង ប៉ុន្តែ​អ្នកខ្លះ​ជេរ​ខ្ញុំ​ទៅវិញ​»
08, Nov 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បច្ចុប្បន្ននេះ​ដីធ្លី​ស្ទើ​គ្រប់កន្លែង នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ឡើងថ្លៃ​យ៉ាងគំហុក គួរ​ឲ្យ​កត់សម្គាល់​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ដឹង​ពី​បញ្ហាដីធ្លី​ឡើងថ្លៃ​នេះ​។ ប៉ុន្តែ​សម្ដេច ហ៊ុន សែន យល់ថា ការឡើង​ថ្លៃ​នៃ​អចលនទ្រព្យ​ដីធ្លី​នេះ វា​ហាក់​គ្មានអ្វី ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ ។​


 
​បញ្ហា​ដី​ឡើងថ្លៃ​នេះ កើតចេញពី​គោលនយោបាយ​រដ្ឋាភិបាល ដែល​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ត​ភ្ជាប់​ទៅកាន់​តំបន់​នីមួយៗ ក្នុងប្រទេស ក្រោយពី​បញ្ចប់​ភ្លើងសង្គ្រាម​។ វា​ជា​ផល​វិជ្ជមាន​ទៅវិញ​ទេ ដែល​អាច​ជំរុញ​ឲ្យ​ពលរដ្ឋ​ធូរធារ និង​ក្លាយជា​អ្នក​មានបាន ដោយសារ​វិស័យ​អចលនទ្រព្យ​ដីធ្លី​។ នេះ​ជាការ​យល់ឃើញ​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​សម្រាប់​សម្ដេច ហ៊ុន សែន អចលនទ្រព្យ​ដីធ្លី​ឡើងថ្លៃ វា​ជា​រឿង​មួយ​ល្អ ប៉ុន្តែ​បែរជា​មាន​មនុស្ស​មួយចំនួន ជេរ​សម្ដេច​ទៅវិញ ដោយសារ​បញ្ហា​ដី​ឡើងថ្លៃ​នេះ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី​៖



 
​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A ៤០៨​នាក់ នៅ​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​បើ​ខ្ញុំ​មិន​រំលត់ភ្លើង​សង្គ្រាម​ទេ អស់លោក​ក៏​មិន​អាចមាន​សន្តិភាព ហើយ​ប្រើប្រាស់​ដីធ្លី​នោះ បានដែរ​។ ហើយ​បើ​ខ្ញុំ​មិន​ដឹកនាំ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទៅកាន់​តំបន់​នោះ ដី​របស់​អស់លោក នៅតែ​អត់​មានតម្លៃ​អ៊ីចឹង​។ ប៉ុន្តែ​ឥឡូវ​ដី​គ្រប់កន្លែង​ឡើងថ្លៃ​ទាំងអស់ តែ​អ្នកខ្លះ​ជេរ​ខ្ញុំ​ទៅទៀត (​ដី​)​ឡើងថ្លៃ​ដោយសារ​អាច​ង្រៃ​ហ្នឹង​»​។​
 
​កន្លងមក​មាន​ពលរ​ដ្ឋ​មួយចំនួន ព្រួយបារម្ភ​ពី​បញ្ហាដីធ្លី​ឡើងថ្លៃ​នេះ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ពួកគេ​។ សម្រាប់​អ្នកវិភាគ ការព្រួយបារម្ភ​របស់​ពលរដ្ឋ​នេះ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​បើ​ដី ឬ​អចលនទ្រព្យ ឡើងថ្លៃ​ខ្ពស់​ពេក​នោះ ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​បច្ចុប្បន្ន នឹង​កាន់តែ​ពិបាក​ក្នុង​ការទិញ​នាពេល​អនាគត ហើយ​វា​នឹង​បង្ហាញ​ពី​រូបភាព​ពលរដ្ឋ​ក្រីក្រ​ទៅវិញ​។ បើតាម​អ្នកវិភាគ បញ្ហា​ដី​ឡើងថ្លៃ វា​ជា​រឿង​មួយ​ពិបាក​ទប់ស្កាត់ ហើយក៏​មិនអាច​បន្ទោស​ទៅ​នរណាម្នាក់​បានដែរ ព្រោះ​វា​ជា​សត្យានុម័ត​សេដ្ឋកិច្ច​។ ប៉ុន្តែ​អ្វីដែល​រដ្ឋាភិបាល អាច​ដោះស្រាយបាន​នោះ គឺ​ការរៀបចំ​យន្តការ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ក្នុងតម្លៃ​សមរម្យ ឬ​តម្លៃ​ទាប ដើម្បី​ជួយ​ដល់​លទ្ធភាព​ជីវភាព​របស់​ពួកគេ​៕ 
 

Tag:
 ​ហ៊ុន សែន​
  អចលនទ្រព្យ​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com