ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី ស្មី​ត ស្នើ​ឲ្យ​តុលាការ ផ្តល់​សេរីភាព​ពេញលេញ​ជូន​លោក កឹម សុខា​
08, Nov 2018 , 4:51 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​មុននឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ បានស្នើ​ម្តងទៀត ទៅ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​តុលាការ ឲ្យ​ផ្តល់​សេរីភាព​ពេញលេញ​ជូន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។



​សំណើ​របស់​លោកស្រី រ៉ូ​ណា ស្មី​ត គឺធ្វើឡើង​នៅក្នុង​សន្និសីទកាសែត ដែល​រៀបចំ​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ អ្នករាយការណ៍​ពិសេស​រូបនេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ សូម​អំពាវនាវ​ឲ្យ​ដោះលែង លោក កឹម សុខា ពី​ការ​ឃុំឃាំង​ដ៏​រឹតត្បិត និង​បញ្ចប់​ការស៊ើបអង្កេត​ឲ្យ​បាន​ឆាប់​លើ​សំណុំរឿង​របស់គាត់ ដើម្បី​ធានា​ពី​សិទ្ធិ​របស់គាត់ ក្នុង​ការទទួល​បានកា​រ​កាត់ក្តី​ក្នុង​រយៈពេល​សមស្រប ដោយ​ឈរលើ​ការវាយតម្លៃ​ភស្តុតាង​មួយ​ច្បាស់លាស់ និង​មាន​តម្លាភាព​។ បើ​ពុំ​ដូច្នេះ​ទេ ត្រូវ​ទម្លាក់​បទ​ចោទ​ចំពោះ​គាត់​»​។ 
 
​លោកស្រី រៀបចំ​សន្និសីទកាសែត​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការមើលឃើញ​របស់លោក​ស្រី ចំពោះ​ស្ថានការណ៍​នយោបាយ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ទាប់ពី​លោកស្រី បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​១១ គឺ​ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ លោកស្រី នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោកស្រី រ៉ូ​ណា ស្មី​ត ក៏​ឆ្លៀត​សុំ​ជួប​លោក កឹម សុខា ផងដែរ ដូច​កាលដែល​លោកស្រី មក​លើក​មុន ក្នុង​ឆ្នាំ​២០១៧​។ ប៉ុន្តែ​សំណើ​របស់​លោកស្រី នៅតែ​ត្រូវបាន​ច្រានចោល​ដូច​លើក​មុន​។ 

កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ បានសម្រេចដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែបានភ្ជាប់ជាមួយនឹងលក្ខខណ្ឌយ៉ាងតឹងរឹងមួួយចំនួន។ លក្ខខណ្ឌទាំងនោះ រួមមាន មិនឲ្យលោក កឹម សុខា ចេញឆ្ងាយពីផ្ទះ មិនឲ្យជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង និង មិនឲ្យជួបមន្រ្តីឬអ្នកនយោបាយនៃអតីតគណបក្សប្រឆាំង៕ 
 

Tag:
 កឹម សុខា​
  រ៉ូ​ណា ស្មី​ត​
© រក្សាសិទ្ធិដោយ thmeythmey.com