អន្តរជាតិ
វេ​ណេ​ស៊ុយ​អេ​ឡា​មានបំណង​ដឹក​មាស​១៤​តោន​តម្កល់ទុក​នៅ​ធនាគារ​អង់គ្លេស​មក​ស្រុក​វិញ​
08, Nov 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​ដើម្បី​នាំយក​មា​ស់មាន​ទម្ងន់​ប្រហែល ១៤​តោន​ដែល​ស្ថិតក្នុង​ធនាគារ​អង់គ្លេស​យកមក​ស្រុក​វិញ បន្ទាប់ពី​អាមេរិក​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រីជាន់ខ្ពស់​ក្រុង​កា​រ៉ា​កាស​។

  
​មាស​ដែល​វេ​ណេ​ស៊ុយ​អេ​ឡា​តម្កល់ទុក​នៅ​ធនាគារ​អង់គ្លេស​មាន​ទម្ងន់ ១៤ តោន​និង​តម្លៃ​ប្រហែល ៥៥០ លាន​ដុល្លារ ហើយ​នាំយក​មាស​នេះ​ត្រឡប់មកវិញ​នេះ​ត្រូវបាន​ជជែក​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​អស់​ជាង​ពីរ​ខែ​មកហើយ​។  ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្រង់​សម្តី​មន្ត្រី​វេ​ណេ​ស៊ុយ​អេ​ឡា​ម្នាក់​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បែបនេះ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បន្ថែមថា បញ្ហា​ប្រឈម​កើតមាន​ច្រើន​ក្នុងការ​ស្វែងរក​ការធានារ៉ាប់រង​លើ​ការ​ដឹ​ជញ្ជូន​មាស​នេះ​ត្រឡប់មក​។ ចំណែក អាជ្ញាធរ​អង់គ្លេស​បាន​ស្វះ​ស្វែងរក​ការបកស្រាយ​ពី​ខាង​វេ​ណេ​ស៊ុយ​អេ​ឡា​ជុំវិញ​បំណង​ពិតប្រាកដ​របស់ខ្លួន​ក្នុង​ការនាំ​មាស​ត្រឡប់​ទៅវិញ​ដែរ​។ 
 
​ចំណែក​កាសែត​អង់គ្លេស Times បាន​ផ្សាយ​ថា មន្ត្រី​អង់គ្លេស​បារម្ភ​ថា រដ្ឋាភិបាល​លោក នី​កូ​ឡាស ម៉ា​ឌុយ​រ៉ូ នឹង​អាច​រឹបអូស​មាស​ដែលជា​ទ្រព្យ​របស់​រដ្ឋ​នេះ​ទុក​ដើម្បី​លក់​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​នៅពេលដែល​មានការ​បញ្ជូន​មាស​រាប់​តោន​នេះ​ទៅវិញ​។ 
 
​តាមពិតទៅ​វេ​ណេ​ស៊ុយ​អេ​ឡា​តម្កល់​មាស​ទុក​នៅ​ធនាគារ​បរទេស​សម្រាប់​ទូទាត់ ឬ​សងបំណុល​ដូចដែល​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​អនុវត្ត​ដែរ​។ ប៉ុន្តែ​ទុនបម្រុង​សម្រាប់​ការផ្លាស់ប្តូរ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​ចាប់ផ្តើម​ធ្លាក់ចុះ​ខ្លាំង​ចាប់ពី​អាមេរិក​ដាក់ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​រដ្ឋ​អាមេរិក​ខាងត្បូង​នេះ ជាពិសេស​ហាមឃាត់​ប្រទេស​ខ្ចីលុយ​ទីផ្សារ​អន្តរជាតិ​។​
 
​ក្នុង​ឆ្នាំ ២០១៤ វេ​ណេ​ស៊ុយ​អេ​ឡា​ប្រើប្រាស់​មាស​ដាក់បញ្ចាំ​ដើម្បី​ខ្ចីលុយ​រាប់ពាន់​លាន​ដុល្លារ​ពី​ម្ចាស់បំណុល​បរទេស​។ ឆ្នាំ ២០១១ អតីត​មេដឹកនាំ​សង្គមនិយម ហ៊ូ​ហ្កូ ឆា​វេស បាន​បញ្ជា​ឲ្យ​គេ​នាំ​មាស​សរុប​ជិត ១៦០​តោន​ដែល​តម្កល់​នៅ​ធនាគារ​អាមេរិក និង​អឺរ៉ុប​។ ដូច្នេះហើយ​បានជា​មាស​ដែល​តម្កល់​នៅ​ធនាគារ​បរទេស​វា​កាន់តែ​រួម​តូច​ទៅៗ​។ បើតាម​របាយការណ៍​ធ​នាគារ​កណ្តាល​វេ​ណេ​ស៊ុយ​អេ​ឡា មាស​ដែល​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ​បាន​តម្កល់​នៅ​បរទេស​នោះ​ថយចុះ​ពី ៣៦៤​តោន​ក្នុង​ឆ្នាំ ២០០១៤ មក​ត្រឹម ១៦០​តោន​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០១៨​នេះ​។ 
 
​ចំណែក​ទណ្ឌកម្ម​ជំហាន​ថ្មី​ទៀត​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កាលពីដើម​ខែវិច្ឆិកា​នេះ​ក៏មាន​ឥទ្ធិពល​កាន់តែខ្លាំង​លើ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។ ទណ្ឌកម្ម​ថ្មី​បាន​ហាមប្រាម​ប្រជាជន​អាមេរិក​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន និង​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ទាំងឡាយណា​ជាប់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​លក់​ឬ​នាំ​មាស​ចេញ​។ អាមេរិក​ចាត់ទុកថា អាជីវកម្ម​មាស​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ច្រើន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅ​ទីនោះ​។​
 
​កន្លងមកនេះ រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​បាន​ព្យាយាម​កាត់បន្ថយ​លើ​ការពឹង​ផ្អែកលើ​ការចាយវាយ​លុយ​ដុល្លារ របស់​អាមេរិក រួមទាំង​បន្ថយ​ការពឹង​ផ្អែ​លើ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងឡាយណា​ដែលមាន​អាមេរិក​ជា​មេដឹកនាំ​ដែរ​។ រដ្ឋាភិបាល​នេះ​ងាក​ទៅធ្វើ​ពាណិជ្ជកម្ម​ជា​ប្រាក់​អឺរ៉ុប ឬ​យ៉​ន់​ជំនួស​វិញ ស្រប​ពេលដែល​សេដ្ឋកិច្ច​ខ្លួន​ផុង​ជ្រៅ​ជិត​ក្ស័យធន និង​បន្ត​រង​ការ​រឹតត្បិត​ពី​អាមេរិក​ផង​នោះ​។​
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com